ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន, ឡាវ, អង់គ្លេស, អា​មេ​រិ​ក និងថៃ ​រកទាល់តែឃើញ​អ្នក​បាត់ខ្លួន​​​ទាំង​​១៣

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Bangkok Post បានឱ្យ​​ដឹង​ថា ក្មេង​ៗ​កីឡាករ​បាល់ទាត់​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ដោយ​សុវត្ថិភាពកាលពី​យប់មិញ ​។ អស់​រយៈពេល​៩​ថ្ងៃ​ហើយ ដែល​ក្រុម​ទាត់​បាល់​ទាំង​១៣​នាក់…

តាម​ប្រភព​ពី​ Bangkok Post បានឱ្យ​​ដឹង​ថា ក្មេង​ៗ​កីឡាករ​បាល់ទាត់​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ដោយ​សុវត្ថិភាពកាលពី​យប់មិញ ​។ អស់​រយៈពេល​៩​ថ្ងៃ​ហើយ ដែល​ក្រុម​ទាត់​បាល់​ទាំង​១៣​នាក់ ត្រូវ​បាន​ជាប់​នៅ​ក្នុង​រូងភ្នំ​លិច​ទឹក ដែល​ទាមទារ​ឱ្យ​​មានការ​ស្វែងរក​អស់​រយៈ​ចម្ងាយ ១០​គីឡូ​ម៉ែត្រ ដោយ​ក្រុម​ជួយ​សង្គ្រោះ​ទាំង​ជាតិ​ និង​អន្តរជាតិ​ ។

ក្មេង​ៗ​ដែល​ជា​កីឡាករ​ដែល​ទើប​រកឃើញ គឺ​​មាន​អាយុ​ចន្លោះ​ពី១១​ឆ្នាំ ទៅ​១៦​ឆ្នាំ​។ ចំណែកឯ​គ្រូបង្វឹក​មាន​អាយុ​២៥​​ឆ្នាំ​។ ពួក​គេ​ជាប់​នៅ​ក្នុង​រូងភ្នំ​មួយ ​ហៅ​ថា Tham Luang ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ក្រោយ​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែមិថុនា​ ។ ក្រោយ​ពី​បាត់​ខ្លួន ម្តាយ​របស់​ពួក​គេ​បាន​រាយ​ការណ៍​មក​ប៉ូ​លិស​ ព្រោះ​មិនឃើញ​ចូល​កូន​ត្រឡប់​មក​ផ្ទះ​​វិញ ​។

ក្រុម​អាជ្ញាធរ​បាន​នាំ​គ្នា​ចាប់ផ្តើម​ស្វែងរក​ក្មេង​ៗ​ទាំងនោះ ក្រោយ​គេ​គិត​ថា ពួក​គេ​អាច​ជាប់​នៅ​ក្នុង​រូងភ្នំ​ដោយសារ​តែ​ភ្លៀង​ខ្លាំង ដែល​ធ្វើ​ឲ្យ​បិទផ្លូវ​ច្រកចេញ​ ។ អាជ្ញាធរ​រក​ឃើញ​កង់​របស់​ក្មេង​ៗ​ចាក់សោជាប់​ជាមួយនឹង​របង ជាមួយនឹង​ស្បែកជើង​កីឡា​នៅ​ចំ​ច្រកចូល​។

ក្រុម​អ្នក​ជួយ​សង្គ្រោះដែល​មក​ពី​ខាង​ចិន ឡាវ អង់គ្លេស អា​មេ​រិ​ក និងថៃ បាន​រក​ឃើញ​ស្នាម​បាតដៃ បាត​ជើង ដែល​បន្សល់​ទុក​នៅ​តាម​ផ្លូវ​ចូល​រូងភ្នំ​ ។ ការ​រុករក​ពិតជា​មានការ​លំបាក ដោយសារ​តែ​ទឹក​ចេះ​តែ​កើន​ឡើង ហើយ​ការ​មុជ​ក៏​មិន​ស្រួល​ដែរ ទើបតែ​ថ្ងៃអាទិត្យ​និង​ម្សិលមិញ​ទេ ដែល​អាកាសធាតុ​ចាប់ផ្តើម​មាន​អំណោយផល​។

ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​មក​ដល់​កន្លែង ដើម្បី​ជួយ​ជា​កម្លាំងចិត្ត​ដល់​ក្រុម​សង្គ្រោះ​។ សិស្ស​និង​គ្រូ​រាប់​ម៉ឺន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​បួងសួង​ដល់​អតីត​ព្រះមហាក្សត្រ Bhumibol Adulyadej និង ម្ចាស់​ក្ស​ត្រី នៅ​វាល Royal Plaza នាទី​ក្រុង​បាំង​កក​។
ដោយសារ​តែ​ខ្លាច ក្មេង​ៗ​អត់ឃ្លាន​ស្លាប់ ក្រុម​យោធា​ថៃ​បាន​នាំ​គ្នា​វេច​អាហារ ពិល និង ផែនទី​ក្នុង​រូងភ្នំ ដាក់​នៅ​ក្នុង​ប្រអប់ ហើយ​បណ្តែត​ទឹក ដើម្បី​ឲ្យ​ដល់​ក្មេង​ៗ​។

ក្រុម​អ្នក​សង្គ្រោះ​គិត​ថា ក្មេង​ៗ​ប្រហែលជា​ទៅ​នៅ​ទី​ខ្ពស់​នា​ឆ្នេរ​ខ្សាច់​ប៉ា​តា​យ៉ា​។ ពួក​គេ​បាន​ប្រើប្រាស់​ធុង​អុក​ស៊ី​សែន ដើម្បី​មុជទឹក​ឲ្យ​បាន​កាន់តែ​ជ្រៅ​។ ការ​ខិតខំ ពិតជា​មាន​លទ្ធផល​ល្អ​មែន​។ ចុង​ក្រោយ ក្មេង​ៗ​ទាំង​១២​នាក់ និង គ្រូបង្វឹក ត្រូវ​បាន​គេ​រក​ឃើញ​ទាំង​នៅ​មានជីវិត នៅ​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​លើ​ឆ្នេរ​ប៉ា​តា​យ៉ា​។ ក្រុម​មនុស្ស​នៅ​កន្លែង​នោះ នាំ​គ្នា​ស្រែក​ហ៊ោសប្បាយ​រីករាយ ដោយសារ​តែ​រក​ឃើញ ​។

ទោះបីជា​រក​ឃើញ​ហើយ​ក៏​ដោយ មហាជន​មានការ​ព្រួយបារម្ភ​ពី​ការ​យក​ក្មេង​ៗ​ចេញពី​ទីនោះ​ឲ្យ​មាន​សុវត្ថិភាព ព្រោះ​ការ​ធ្វើ​ដំណើរ​ចេញ​មក​វិញ ទាមទារ​ពេល​ដល់​ទៅ​រាប់​ថ្ងៃ រាប់​អាទិត្យ ហើយ​ពេល​នេះ​ពួក​គេ​កំពុង​តែ​ខ្សោយ​អស់កម្លាំង​ទៀត ក្រោយ​ការ​អត់​អាហារ​៩​ថ្ងៃ​។ ជា​ដំណោះស្រាយ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​គិតគូរ​លើ​ការ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​មុជទឹក​ជ្រៅ​ៗ ដើម្បី​ចេញ​មក​វិញ ​៕

អត្ថបទសរសេរ ដោយ