រាជធានីភ្នំពេញ ៖ ដើម្បីបង្កើនភាពល្បីល្បាញនៃផលិតផលក្រូចថ្លុង ជាពិសេសក្រូចថ្លុងកោះទ្រង់ក្នុងខេត្តក្រចេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់បញ្ចូលជាផ្លូវការនូវផលិតផលមួយនេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) នៅថ្ងៃទី២៥ មិថុនា ២០១៨ នេះ ។
លោកស្រី ជាន រីណា ប្រធានគណៈកម្មការប្រតិបត្តិសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ មានសមាជិកដែលជាផលិតករ និងអាជីវករសរុបចំនួន១៥៥គ្រួសារ មកពីសង្កាត់កោះទ្រង់ ឃុំវឌ្ឍនៈ និងមានដើមក្រូចថ្លុងសរុបចំនួន១៣.៧៩០ដើម ក្នុងនោះក្រូចថ្លុង២.៤៧៤ដើមអាចទទួលផល ។
លោកស្រីបន្តថា ការដាក់បញ្ចូលជាផ្លូវការនូវផលិតផលសម្គាល់ភូមិសាស្ត្ររបស់ក្រូចថ្លុងកោះទ្រង់ នឹងធ្វើឲ្យអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ អាចទទួលបានផលប្រយោជន៍បន្ថែមទៀតដូចជា ទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីនិងកាន់តែមានអ្នកស្គាល់ពីគុណភាពក្រូចថ្លុងនៅកោះទ្រង់ ។ អ្វីដែលពិសេសនោះ នឹងជួយលើកកម្ពស់ជីវភាពអ្នកដាំក្រូចថ្លុងកោះទ្រង់បានមួយកម្រិតទៀតផងដែរ ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ដែរថា ខេត្តក្រចេះបានខិតខំអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែល្អប្រសើរទៀត ស្របពេលវិស័យមួយនេះជាវិស័យស្នូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាពល រដ្ឋ ។ លោកថា៖ « យើងបានខិតខំកៀងគរបណ្ដាវិនិយោគិននានាមកបណ្ដាក់ទុនក្នុងវិស័យកសិកម្ម ដូចជាកៅស៊ូ ដែលជាដំណាំកសិ-ឧស្សាហកម្មដ៏សំខាន់ប្រចាំខេត្តមួយនេះ » ។ លោកបន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅ ការនាំចេញកសិផលសរុបរបស់ខេត្តក្រចេះ មានទំហំទឹកប្រាក់ប្រមាណជិត៣០ពាន់លានរៀល ហើយនាំចូលមកកាន់ខេត្តនេះវិញក្នុងឆ្នាំ២០១៧ដដែល មានជាង២៤៨ពាន់លានរៀល ។ ដោយឡែក សម្រាប់ដំណាំក្រូចថ្លុង ដែលបានប្រកាសដាក់ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅពេលនេះ លោកសង្ឃឹមថា ពល រដ្ឋនឹងកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀត ហើយអាចនាំចេញក្រូចថ្លុងនេះកាន់តែច្រើនទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក ។
លោកស្រី Allexandra Grazioli តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានឲ្យដឹងថា ក្នុងពិភពសកលភាវូបនីយកម្មដែលយើងកំពុងរស់នៅបច្ចុប្បន្ននេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ផលិតករដើម្បីបង្កើត និងបង្ហាញផលិតផលរបស់ខ្លួន ប្រសិនបើពួកគេចង់ទទួលជោគជ័យ និងអាចប្រកួតប្រជែងជាមួយផលិតករ និងប្រតិបត្តិករដទៃទៀតនៅក្នុងទីផ្សារសកលលោក ។ លោកស្រីថា ៖« ចក្ខុវិស័យស្តីពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាឲ្យបានល្អបំផុត ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហាញនៅថ្ងៃនេះ ហើយក៏បានបង្ហាញផងដែរនៅវេទិកាអន្តរជាតិ និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក » ។ លោកស្រីបន្តថា កម្ពុជា ជាប្រទេសទី១ដែលបានក្លាយជាភាគីហត្ថលេខីនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោន ជាសន្ធិសញ្ញាអន្តរជាតិថ្មីមួយដែលត្រូវបានចរចា និងអនុម័តនៅឆ្នាំ២០១៥ ដែលអាចឲ្យអាជ្ញាធរកម្ពុជា ក៏ដូចជាផលិតករ ទទួលបានកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ ក្រូចថ្លុងកោះទ្រង់, ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដោយមើលឃើញពីសារសំខាន់នេះ ទើបក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាសេនាធិការ បានខិតខំផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ «ក្រូចថ្លុងកោះទ្រង់» ឲ្យទៅជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយប្រើប្រាស់ជំនួយបច្ចេកទេស និងហិរញ្ញប្បទានផ្តល់តាមរយៈអង្គការកម្មសិទិ្ធបញ្ញាពិភពលោក រហូតទទួលបានផ្លែផ្កាគួរជាទីមោទនៈ ។ នេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្ម បន្ថែមពីលើសមិទ្ធផលជាច្រើនទៀត ដែលក្រសួងទទួលបាននាពេលកន្លងមក ។ លោកថា ៖«ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រូចថ្លុងកោះទ្រង់ នឹងជួយការពារអត្តសញ្ញាណផលិតផលប្រពៃណី បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ » ។
លោកបន្តថា ការជំរុញ និងអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍ទីផ្សារ ដែលមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់។ ជាក់ស្តែង ចាប់តាំងពីក្រសួងពាណិជ្ជកម្មបានជំរុញការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» បានធ្វើឲ្យតម្លៃក្រូចថ្លុងកើនឡើងពី៥.០០០រៀល រហូតដល់ ១២.០០០ក្នុង១ផ្លែ ហើយនឹងបន្តកើនឡើងថែមទៀតនាពេលអនាគត ។ លោកថា ៖«ដើម្បីទាញយកអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងទប់ស្កាត់រាល់ការក្លែងបន្លំ នៅពេលទំនិញសម្គាល់ភូមិសាស្ត្រកម្ពុជាកាន់តែមានឈ្មោះល្បី និងសក្តានុពលនាំចេញខ្ពស់ យើងចាំបាច់ត្រូវស្វែងរកកិច្ចការពារតាមលក្ខណៈអន្តរជាតិឲ្យបានរឹងមាំ » ៕
ចែករំលែកព័តមាននេះ