ក្រុមហ៊ុន​នានា​បារម្ភ​ផល​ប៉ះពាល់​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​


ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្រុម​អាជីវកម្ម​នៅ​ចក្រភព​អង់គ្លេស​បាន​ខ្វែងគំនិត​គ្នា បន្ទាប់​ពី​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ម្នាក់​ចោទប្រកាន់​ថា ក្រុមហ៊ុន​ទាំងនេះ​បាន​ចេញ​ការ​គំរាមកំហែង​មិន​សមរម្យ ។

កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​ព្រមាន​ពី​ផល​ប៉ះពាល់​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (EU) ឬ​ហៅ​កាត់​ថា Brexit ។ ក្រុមហ៊ុន​នេះ​និយាយ​​ថា ៖« ការ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​ពី​គោល​ជំហរ​រយៈពេល​វែង និង​ធ្វើ​ឲ្យ​ការងារ​រាប់​ពាន់​កន្លែង​នៅ​ប្រទេស​អង់គ្លេស​ជួបនឹង​ហានិភ័យ » ។

ចំណែក​ក្រុមហ៊ុន​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ដំណើរការ​នៅ​អង់គ្លេស​ដែរ​នោះ ក៏​បាន​ចាប់ផ្តើម​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​ពី​ភាព​មិន​ប្រាកដប្រជា​ក្នុង​ផ្នែក​ពាណិជ្ជកម្ម នៅ​ពេល​អង់​គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប នា​ខែមីនា ឆ្នាំ​ក្រោយ ។

ក្រុមហ៊ុន​ផលិត​រថយន្ត BMW របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ក៏​បាន​ព្រមាន​ថា ក្រុមហ៊ុន​នឹង​រៀបចំ​ផែនការ​អាសន្ន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ប្រសិនបើ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ពី​គោល​ជំហរ​ក្រោយ Brexit ។ រីឯ​ក្រុមហ៊ុន Siemens បាន​និយាយ​ដែរ​ថា ពួក​គេ​ត្រូវការ​ភាព​ប្រាកដប្រជា​សម្រាប់​ការ​រៀបចំ​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ​ផង​ដែរ ។

រដ្ឋមន្ត្រី​សុខាភិបាល លោក Jeremy Hunt បាន​ប្រាប់​សារព័ត៌មាន BBC ថា ៖«​វា​ពិតជា​មិន​ស័ក្តិសម​ទេ ដែល​អាជីវកម្ម​ទាំងនេះ​គំរាមកំហែង​បែប​នេះ ។ ពួក​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពេល​សំខាន់​មួយ​ក្នុង​ការ​ចរចា​អំពី Brexit ហើយ​ពួក​យើង​ត្រូវ​តែ​គាំទ្រ​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May » ។

ជាមួយ​គ្នា​នេះ ក្រុម​អ្នកដឹកនាំ​អាជីវកម្ម​ធំ​ៗ​ចំនួន​៥ បាន​ព្រមាន​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ថា ការ​គ្មាន​ភាព​ប្រាកដប្រជា​អំពី Brexit គឺ​អាច​នឹង​បង្ក​ឲ្យ​អង់គ្លេស​ខាតបង់​ប្រាក់​រាប់​ប៊ី​លាន​ដុល្លារ ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ