រាជធានីភ្នំពេញ ៖ ផ្លូវបេតុង១ខ្សែប្រវែងជិត៤០០ម៉ែត្រ រួមជាមួយប្រព័ន្ធលូបង្ហូរទឹក១ខ្សែបញ្ចៀស ការលិចលង់ពីការជំនន់ទឹកភ្លៀងនារដូវវស្សានេះ ត្រូវបានអាជ្ញាធរខណ្ឌដង្កោ បើកការដ្ឋានស្ថាបនា ឡើងវិញសម្រាប់អ្នកភូមិទឹកថ្លា និងអ្នកភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដែលពិធីបើកការដ្ឋាននោះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ។
ដោយមានការចូលរួមសហការណ៍ដោយអាជ្ញាធរសង្កាត់ក្រាំងពង្រ និងមានការអញ្ជើញ ចូលរួមដោយប្រជាពលរដ្ឋនៅក្នុងភូមិទាំង២ខាងលើនោះផងដែរ។ ផ្លូវដែលធ្វើការបើកការដ្ឋានស្ថាបនា នាពេលនោះគឺជាផ្លូវបេតុង ឆ្អឹងដែក ប្រវែង៣៩៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា និងការដាក់ប្រព័ន្ធលូបង្ហូរទឹក១ខ្សែបញ្ចៀសការលិចលង់ ប្រវែង៤០០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ ដែលភូមិទាំង២នេះស្ថិតនៅក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដែលនេះគឺជាការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតលើផ្លូវ និងប្រព័ន្ធលូដែលអាជ្ញាធរខណ្ឌស្ថាបនា បានសម្រេចជាបន្តបន្ទាប់ជាច្រើនរួចមកហើយ។
នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីចម្ងាយដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាប្រឈម និងតម្រូវការនានារបស់បងប្អូននៅទូទាំងប្រទេស ព្រមទាំងនៅក្នុងមូលដ្ឋាន ខណ្ឌដង្កោផងដែរ។ លោក អភិបាលខណ្ឌក៏បានលើកឡើងអំពីការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសមួយដែលមានអធិបតេយ្យពេញលេញ។ ជាមួយគ្នានេះផងដែរលោក អភិបាលក៏បានសំណូមពរ ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោតជ្រើរើសតំណាងរាស្ត្រឲ្យបានគ្រប់ៗគ្នា នាពេលខាងមុខនេះ ដើម្បីវំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ និងជាប្រជាជាតិដែលរស់នៅក្នុង ប្រទេសលទ្ធិប្រជាធិបតេយ្យ និងមានអធិបតេយ្យ។
ដោយឡែកបងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ ភាពរីកចម្រើនសម្បូរសប្បាយ និងសុខសន្តិភាពតទៅមុខទៀត៕

ចែករំលែកព័តមាននេះ