រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេ ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជា ពីទីក្រុងភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងភ្ជាប់ទៅកាន់ប្រទេសថៃ នឹងសម្រេចការតភ្ជាប់រួចរាល់នៅដើមខែកក្កដាខាងមុខនេះ ។ ការភ្ជាប់ផ្លូវដែកនេះ ត្រូវបានរំពឹងថា នឹងក្លាយជាមធ្យោបាយដឹកជញ្ជូនឆ្លងប្រទេសថ្មីមួយទៀតរវាងកម្ពុជា-ថៃ ។ ក៏ប៉ុន្ដែអ្វីដែលជាការលើកឡើងនៅពេលនេះ ពេលដាក់ឲ្យដំណើរការ តើពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅប្រទេសថៃតាមរថភ្លើងបានដែរឬទេ ?
បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើទោះបីផ្លូវដែកភាគខាងជើងប្រទេសបានតភ្ជាប់រួចរាល់ក្តី តែពេលវេលាអាចឱ្យពលរដ្ឋធ្វើដំណើរទៅប្រទេសថៃតាមរថភ្លើងនេះ ពុំទាន់ច្បាស់លាស់នោះទេ ដោយសារតែប្រទេសទាំងពីរមិនទាន់បានបញ្ចប់កិច្ចព្រមព្រៀងរួមគ្នានៅឡើយ ។
លោក វ៉ាស៊ឹម សុរិយា មន្ត្រីអ្នកនាំពាក្យបានថ្លែងថា ៖« យើងសូមជម្រាបថា មិនទាន់បានទេ ព្រោះមានកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ នៅមិនទាន់បានបញ្ចប់ ប៉ុន្ដែបងប្អូនអាចធ្វើដំណើរពីភ្នំពេញទៅក្រុងប៉ោយប៉ែតបាន» ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ភាគីទាំងពីរនឹងខិតខំបញ្ចប់ឱ្យបានឆាប់នាពេលខាងមុខនេះ ។
លោកលើកឡើងដូច្នេះថា ៖« ពេលដែលសម្តេចតេជោ លោកអញ្ជើញចូលរួមប្រជុំកិច្ចប្រជុំកំពូលលើកទី៩ CLMV នៅប្រទេសថៃ បានជួបជាមួយភាគីថៃ ហើយយើងជំរុញការងារហ្នឹងឱ្យឆាប់ចប់ ។ ក្រៅពីការតភ្ជាប់ហើយ យើងត្រូវគិតរឿងប្រតិបត្តិការធ្វើដូចម្តេចឱ្យទូរថភ្លើង ក្បាលរថភ្លើងទាំងមូលអាចឆ្លងគ្នាបាន » ។ លោក វ៉ាស៊ឹម សុរិយា បញ្ជាក់ថា ៖« យើងត្រូវបង្ហើយ ឬបញ្ចប់កិច្ចព្រមព្រៀងជាមួយគ្នាជាមុនសិន ហើយក្រុមការងារកំពុងតែជំរុញការជួបជុំគ្នានៅខែនេះឬនៅខែក្រោយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀង រហូតឈានដល់កិច្ចចុះហត្ថលេខារួមគ្នាបាន » ។
បើតាមប្រធាននាយកដ្ឋានស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងផ្លូវដែករវាងកម្ពុជា-ថៃ សម្រេចបានលទ្ធផលច្រើនហើយ គឺនៅសេសសល់តែចំណុចតូចៗប៉ុណ្ណោះ ហើយស្ថិតនៅក្នុងដំណើរឈានទៅរកការឯកភាពគ្នា ។
លោក អោក អ៊ួក ប្រធាននាយកដ្ឋានស្តីទីផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី២៤ មិថុនា ម្សិលមិញថា ៖« កិច្ចព្រមព្រៀងនេះកំពុងតែដំណើរការឈានទៅរកការឯកភាពគ្នា ។ ខ្ញុំដឹងថា វានៅសល់ចំណុចតិចតួចពាក់ព័ន្ធនឹងពាក្យពេចន៍ខ្លះៗត្រូវសម្រួល ។ យើងបានផ្ញើសេចក្តីព្រាងដែលជាជំហររបស់កម្ពុជាទៅខាងភាគីថៃរួចហើយ ពេលនេះ យើងនៅរង់ចាំចម្លើយពីខាងគាត់(ថៃ)មកវិញទេ » ។ លោកលើកឡើងថា ៖« បើបានចម្លើយតបមកមានការខុសឆ្គងត្រង់ណា យើងនឹងជជែកគ្នាបន្តទៀត ។ ខាងយើងចង់បានបែបនេះ ហើយខាងថៃគាត់ចង់បានបែបនោះ យូរៗទៅវានឹងអាចត្រូវគ្នា។ ជារួម ការចរចានេះសម្រេចបានលទ្ធផលច្រើនហើយ នៅសេលសល់ចំណុចតូចៗនឹងឈានទៅរកការឯកភាពគ្នានៅពេលខាងមុខនេះ » ។
បើតាមលោក វ៉ាសឹុម សុរិយា ការដឹកជញ្ជូនតាមផ្លូវដែក វានឹងជួយសម្រួលបានច្រើន តាមរយៈការកាត់បន្ថយថ្លៃដឹកជញ្ជូន ថែមទាំងចូលរួមបន្ធូរបន្ថយចរាចរណ៍ ឬជួយសម្រាលបន្ទុកការដឹកជញ្ជូននៅតាមផ្លូវជាតិលេខ៥បានច្រើន មិនធ្វើឱ្យផ្លូវជាតិឆាប់ខូចផង ។ កាលពីសប្តាហ៍មុន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យមន្ត្រីថៃបង្កើនល្បឿនការងារ ដើម្បីបញ្ចប់សេចក្តីលម្អិតនៃអនុស្សរណៈការយោគយល់គ្នា ដែលនឹងបញ្ជាក់អំពីច្បាប់សម្រាប់ការដឹកជញ្ជូនទំនិញតាមរថភ្លើងឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ។
សម្ដេចតេជោ ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើម្បីជំរុញកិច្ចសន្យាស្តីពីកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅខាងក្រៅវេទិកាប្រតិបត្តិ ACMECS នៅទីក្រុងបាងកក កាលពីសប្តាហ៍មុនផងដែរ ។ សម្ដេចតេជោបានថ្លែងថា ៖« ក្រុមមន្ត្រីនៃភាគីទាំងពីរគួរតែជួបគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាអំពីនីតិវិធីដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនីមួយៗ និងជួយយើងឈានដល់កិច្ចព្រមព្រៀង » ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការជួសជុលខ្សែផ្លូវដែកដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ប្រទេសថៃ តាមរយៈក្រុងប៉ោយប៉ែត ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅសប្តាហ៍ខាងមុខនេះជាមួយការចាប់ផ្តើមជាផ្លូវការនៃការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងថៃ ដែលគ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី៤ កក្កដា ខាងមុខនេះ ។ ការតភ្ជាប់ផ្លូវដែកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកើនឡើងដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ តាមការប្ដេជ្ញារបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានសន្យារួមគ្នាកាលពីឆ្នាំ២០១៥កន្លងទៅ ៕
ចែករំលែកព័តមាននេះ