ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បំ​បុក​ទូក​មន្ត្រី​ជលផល ស្លា.ប់​ម្នាក់ របួសធ្ងន់​២​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ពិន ចាន់ នាយ​សង្កាត់​ជលផល​ស្រុក​ពាម​ជរ បាន​ស្លាប់​បាត់បង់​ជីវិត និង​កម្មករ​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​តែ​ត្រូវ​ទូក​ជនល្មើស​បើក​បុក ក្នុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដង​ទន្លេតូច…

ខេត្តព្រៃវែង ៖ លោក ពិន ចាន់ នាយ​សង្កាត់​ជលផល​ស្រុក​ពាម​ជរ បាន​ស្លាប់​បាត់បង់​ជីវិត និង​កម្មករ​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​តែ​ត្រូវ​ទូក​ជនល្មើស​បើក​បុក ក្នុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដង​ទន្លេតូច ត្រង់​ចំណុច​ក្បាលកោះ ស្ថិត​ក្នុងភូមិ​ខ្សាច់ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២២ មិថុនា​កន្លង​ទៅ​។លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ មិថុនា លោក ពិន ចាន់ នាយ​សង្កាត់​ជលផល​ស្រុក​ពាម​ជរ បាន​ដឹកនាំ​កំលាំង​៤​ទៅ​៥​នាក់​ជិះទូក​ចំនួន​២​គ្រឿង ចុះ​ទៅ​បង្ក្រាប​ក្រុម​ជនល្មើស​ដែល​លួច​ធ្វើ​សកម្មភាព​ឆក់​ត្រី នៅ​ចំណុច​ក្បាលកោះ​នៅ​ក្នុង​រដូវ​ហាមឃាត់ ហើយ​ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ ក្រុម​ជនល្មើស​បាន​ជិះទូក​បើក​បំ​បុក​ទូក​របស់​លោក ពិន ចាន់ បណ្តាល​អោយ​លិច​ចូល​ទៅ​ក្នុង​ទន្លេ ហើយ​លោក ពិន ចាន់ ក៏​លិចទៅ​ក្នុង​ទឹក​បាត់​ដែរ​។ លោក អូន ស៊ី​ណាត បាន​បញ្ជាក់​ទៀត​ថា ភ្លាម​ៗ​នោះ​កំលាំង​ដែល​ទៅ​ជាមួយ​គ្នា​នោះ​បាន​ចូល​ទៅ​ជួយ និង​រាវរក​មនុស្ស​ដែល​លិច​ជាមួយ​ទូក ប៉ុន្តែ​រក​ឃើញ​តែ​កម្មករ​២​នាក់ គឺ​ឈ្មោះ ទ្រី សុ​គិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​បើកទូក បាន​រង​របួសធ្ងន់ និង​ឈ្មោះ ខាន់ ទ្រី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ បាន​របួសធ្ងន់​។ ដោយឡែក​លោក ពិន ចាន់ រក​ពុំ​ឃើញ​សោះ រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល គឺ​ជាង​១២​ម៉ោង​ក្រោយមក ទើប​កំលាំង​សមត្ថកិច្ច​ដែល​សហការ​ជាមួយ​កំលាំង​ប្រជាពលរដ្ឋ បាន​រក​ឃើញ​សព​លោក ពិន ចាន់ នៅ​ក្នុង​ទន្លេ​ក្បែ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ពិនិត្យ​សព​រួច ឃើញ​ថា នៅ​លើ​ក្បាល​របស់​សព​មាន​ស្នាម​របួស​២​កន្លែង​ ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្នាម​របួស​នេះ​គឺ​ត្រូវ​នឹង​ស្លាប​ចាក់​ម៉ាស៊ីន​របស់​ទូក ហើយ​នេះ​ក៏​ជា​មួល​ហេតុ​ដែល​ធ្វើ​អោយ​លោក ពិន ចាន់ លិច​បាត់​ទៅ​ក្នុង​ទឹក​រហូត​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ករណី​នេះ​ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ ដោយ​ភាគី​បង្ក​បើកទូក​បុក​ជាមួយ​ទូក​ជលផល ខណៈ​ទូក​ជលផល​តូច​ជាងគេ​ទើប​លិច​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ