ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដែល​គួរ និង​មិន​គួរ​ប្រព្រឹត្ត ពេល​ទៅ​ដល់​ប្រទេស​ថៃ

5 ឆ្នាំ មុន

បាងកក​-​ភ្នំពេញ ៖ អ្នកដំណើរ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំងអស់​នៅ​ពេល​ចូល​ដល់​ទឹកដី​ប្រទេស​ថៃ តែងតែ​បានដឹង​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដើម្បី​ជៀសវាង​ការ​ប្រព្រឹត្ត​ខុស​ដោយ​​មិនដឹង​ខ្លួន ។ ដើម្បី​ជា​ការ​ឈ្វេងយល់​បន្ថែម យើង​សូម​ដកស្រង់​ពី​រឿងរ៉ាវ​មួយ​ចំនួន​​ដែល​លោក​អ្នក​គួរ និង​មិន​គួរ​ធ្វើ នៅ​ពេល​ចូល​ដល់​ទឹកដី​ប្រទេស​នេះ ។…

បាងកក​-​ភ្នំពេញ ៖ អ្នកដំណើរ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំងអស់​នៅ​ពេល​ចូល​ដល់​ទឹកដី​ប្រទេស​ថៃ តែងតែ​បានដឹង​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដើម្បី​ជៀសវាង​ការ​ប្រព្រឹត្ត​ខុស​ដោយ​​មិនដឹង​ខ្លួន ។ ដើម្បី​ជា​ការ​ឈ្វេងយល់​បន្ថែម យើង​សូម​ដកស្រង់​ពី​រឿងរ៉ាវ​មួយ​ចំនួន​​ដែល​លោក​អ្នក​គួរ និង​មិន​គួរ​ធ្វើ នៅ​ពេល​ចូល​ដល់​ទឹកដី​ប្រទេស​នេះ ។ យោង​តាម​គេហទំព័រ​ទេសចរណ៍​លំដាប់​ពិភពលោក tripadvisor.com បាន​ណែនាំ​ដូច​ខាងក្រោម៖

១- ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ៖ ប្រជាជន​ថៃ​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​ការ​ស្លៀកពាក់ ដូច្នេះ​សូម​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ។ យ៉ាងនេះ​ក្ដី ពួក​គេ​មិន​ផ្ដោត​ខ្លាំង​នៅ​តំបន់​ទេស​ចរណ៍ និង​ឆ្នេរសមុទ្រ​នោះ​ទេ លោក​អ្នក​អាច​ស្លៀកពាក់​តាម​ការ​គួរ ប៉ុន្ដែ​នៅ​ពេល​ត្រឡប់​​ចូល​ក្រុង​វិញ សូម​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ។២- នៅ​តាម​ប្រាសាទ ឬ​ទី​សក្ការៈ ៖ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ ទី​សក្ការៈ​នានា សូម​ប្រកាន់​ខ្ជ​ប់​នូវ​អាកប្បកិរិយា​គោរព​ប្រ​ណិ​ប​ត្តិ​ន៍​ជា​និច្ច និង​មិន​ត្រូវ​ប៉ះពាល់​វត្ថុ​នានា ដោយ​ពុំ​មានការ​អនុញ្ញាត​ឡើយ ។

៣-​សំដី​ទន់ភ្លន់ ៖ ជនជាតិ​ថៃ​ចូល​ចិត្ត​និយាយ​សំដី​ផ្អែមល្ហែម សំឡេង​ទន់ភ្លន់​គ្រប់​កាលៈទេសៈ ។ ដូច្នេះ​សូម​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​សំឡេង​ស្រទន់ ហើយ​ប្រសិនបើ​ចង់​ថត​រួប​ជាមួយ​ពួក​គេ លោក​អ្នក​ត្រូវ​សុំ​គេ​ជាមុន ។

៤-​ហាម​ប៉ះ​ក្បាល ឬ​កន្លង​ជើង ៖ ជនជាតិ​ថៃ​ប្រកាន់​ណាស់​អ្នក​ដែល​ប៉ះ​ក្បាល ឬ​កន្លង​ជើង​របស់​ពួក​គេ ។ ទន្ទឹម​នឹង​នេះ ជនជាតិ​ថៃ​ចាត់​ទុក​ថា ជើង​ជា​ថ្នាក់​ក្រោម មិន​គួរ​ប្រើ​ម្រាមជើង​ឆ្កឹះ ឬ​កៀស​, ដើរ​រំលង​វត្ថុ ឬ​រំលង​អាហារ​ឡើយ ។ ការ​ដើរ​រំលង​បុគ្គល ឬ​វត្ថុ ពួក​គេ​អាច​មើល​មក​យើង​ក្នុង​ក្រសែភ្នែក​ប្លែក​ៗ ឬ​អាច​ខឹង​ក៏​ថា​បាន ។៥- មិន​គួរ​ជជែក ឬ​ទំពារ​អាហារ​ឮ​ខ្លាំង​ៗ ខណៈ​ទទួលទាន​អាហារ ៖ នេះ​ជា​មាយា​ទ​នៅ​លើ​តុ​អាហារ​ដែល​គ្រប់​ជាតិ​សាសន៍​ក៏​ត្រូវ​យល់ និង​ជា​អ្វី​ដែល​ពិបាក​បង្រៀន​គ្នា ។

៦-​ពេល​ឮ​ភ្លេងជាតិ ៖ រឿង​នេះ​ជា​តួនាទី​របស់​ជនជាតិ​ថៃ ដែល​ត្រូវ​ប្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​បានដឹង នៅ​ពេល​ឮ​ភ្លើង​ជាតិ មិន​ថា​នៅ​ត្រង់​ណា ត្រូវ​តែ​ឈរ​គោរព មិត្តភក្តិ​បរទេស​ឃើញ​​ហើយនឹង​ផ្តិតអារម្មណ៍​នៃ​ភាព​ស្រឡាញ់​ជាតិ​របស់​ជនជាតិ​ថៃ ។

៧-​មាន​របស់​ផ្ញើ នៅ​ពេល​ទទួល​បានការ​អញ្ជើញ​ទៅ​លេង​អ្នក​ណា​ម្នាក់ ៖ ជនជាតិ​ថៃ​មាន​អធ្យាស្រ័យ រាប់អាន​ញាតិ​ដោយ​ការ​យក​វត្ថុ​មក​ផ្ញើ គឺជា​ការ​បង្ហាញ​ពី​ការ​រំឭក​ដល់​មិត្តភាព ញាតិ​មិត្ត បងប្អូន ។៨- គួរ​ប្រយ័ត្ន​អាកប្បកិរិយា និង​ការ​និយាយ​ស្ដី​ទៅ​លើ​ជាតិ​សាសនា និង​ព្រះមហាក្សត្រ​ថៃ ៖ រឿង​នេះ​ជា​រឿង​សំខាន់ ជនជាតិ​ថៃ​ស្រឡាញ់​ស្ថាប័ន​ជាតិ សាសនា ព្រះមហាក្សត្រ ខ្លាំង​​ណាស់ ។ គួរ​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​មតិយោបល់​សើចចំអក​ណាមួយ ។

យោង​តាម​សៀវភៅ​មគ្គុទេសក៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​បង្ហាញ​​ថា ប្រសិនបើ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទបុរាណ​នានា អ្នក​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​, ដោះ​ស្បែកជើង​មុន​ចូល​ប្រាសាទ​, រក្សា​អាកប្បកិរិយា​ថ្លៃថ្នូរ និង​និយាយ​ស្ដី​តិច​ៗ និង​គោរព​ប្រណិប័តន៍​ជា​និច្ច​ចំពោះ​ព្រះ​បដិមា និង​ព្រះសង្ឃ ។ សុភាព​នារី​ទាំង​ឡាយ​មិន​ត្រូវ​ប៉ះ​ព្រះសង្ឃ​ដោយ​ផ្ទាល់​, មិន​ត្រូវ​ប៉ះ​ព្រះ​បដិមា និង​រញ៉េរញ៉ៃ​នៅ​ក្នុង​តំបន់​ប្រាសាទ ។ ចំណែក​នៅ​ក្នុង​ព្រះរាជវាំង​ក៏​ដូច្នោះ​ដែរ លោក​អ្នក​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សម​សួន​, ដោះ​ស្បែកជើង និង​មួក ពេល​ចូល​ក្នុង​អគារ​, ធ្វើ​ដំណើរ​ថ្នម​ៗ និង​អាច​ថតរូប​បាន​នៅ​ទីតាំង​ដែល​គេ​អនុញ្ញាត​ប៉ុណ្ណោះ ។ លោក​អ្នក​មិន​ត្រូវ​ស្លៀកពាក់​ខ្លី​, ស្លៀកសំពត់​ខ្លី ឬ​អាវ​ខើច​លើ​ខើច​ក្រោម​ជា​ដាច់ខាត ។ ម្យ៉ាងទៀត ការ​និយាយ​ស្ដី​ខ្លាំង​ៗ ការ​ប៉ះ​ឬ​រំកិល​​របស់​តាំង​បង្ហាញ ការ​ឱប​ថើប ត្រូវ​បាន​ហាម​ដាច់ខាត ។ ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់ឆ្នេរ​វិញ លោក​អ្នក​គួរ​យល់​ដឹង​នូវ​បម្រាម​មួយ​ចំនួន​ដូច​ជា មិន​អនុញ្ញាត​ឲ្យ​ដេក​ហាលថ្ងៃ​ទាំង​អាក្រាត​កាយ​, បោះ​សំរាម​ចោល​ផ្ទេ​ស​ផ្ដាស​,​យក​របស់របរ​នៅ​ទីនោះ​គឺ​ខុសច្បាប់ និង​ការ​ឲ្យ​ចំណីរ​ត្រី ត្រូវ​បាន​ហាមឃាត់ ។ រីឯ​ការ​ដើរ​ផ្សារ​វិញ លោក​អ្នក​ក៏​ត្រូវ​ដឹង​ពី​អ្វី​ដែល​គួរ និង​មិន​គួរ​ធ្វើ​ផង​ដែរ តាម​សៀវភៅ​មគ្គុទេសក៍​ទេសចរណ៍​នេះ​បាន​ណែនាំ​ថា មុន​ពេល​ទិញ​ទំនិញ ត្រូវ​ពិនិត្យ​តម្លៃ​ឲ្យ​បាន​ច្រើន​ហាង​សិន ។ ជ្រើសរើស​ផលិត​ផល​ណា​ដែល​មិន​បាក់បែក ឬ​កំ​ពិត​។ មុន​ថតរូប​ត្រូវ​សួរ​គេ​សិន​ថា ថត​បាន​ឬ​មិន​បាន​។ អ្នក​មិន​ត្រូវ​និយាយ​ស្ដី​ខ្លាំង​ៗ​នាំ​ឲ្យ​ប៉ះពាល់​អ្នក​ដទៃ​ទេ , នៅ​ពេល​គិតលុយ ត្រូវ​តម្រង់​ជួរ ។ចុង​ក្រោយ​នៅ​ពេល​ទទួលទាន​អាហារ មុន​នឹង​កុម្ម​ង់ លោក​អ្នក​ត្រូវ​ប្រាប់​គេ​ពី​គ្រឿងផ្សំ ដូច​​ជា​កុំ​ដាក់​ហឹរ​ពេក​ជាដើម ។ លោក​អ្នក​ក៏​កុំ​ភ្លេច​ពិនិត្យ​តម្លៃ​ឲ្យ​ច្បាស់​ផង​ដែរ មុន​នឹង​បញ្ជា​ទិញ ។ ការ​គោះ​តុ ឬ​ចាន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឥរិយាបថ​មិន​សមរម្យ ។ ចំពោះ​ការ​ធ្វើ​ដំណើរ​វិញ លោក​អ្នក​គួរ​ជិះ​តាក់ស៊ី​ម៉ែត្រ​ណា​ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយក​ដ្ឋាន​​ដឹក​ជញ្ជូន​ផ្លូវគោក និង​ត្រូវ​តែ​ប្រាកដ​ថា លោក​អ្នក និង​អ្នកបើកបរ​បាន​ព្រមព្រៀង​គ្នា​ជា​ស្រេច ។ ប្រសិនបើ​ជិះ​ម៉ូតូឌុប​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច ។ ការ​ទទួលទាន​លើ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​ហាមឃាត់ និង​មិន​ត្រូវ​រារាំង​ដំណើរ​អ្នក​ដទៃ​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ