ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​កើត​ឡើងសម្រាប់​ជីវិត​ស្តេច​អាប៉ោង​ហង្ស ផល្លីមធុរ៉ា​ ក្រោយ​លា​ចាក​ពិភព​សិល្បៈ ?

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​លោក​ហង្ស ផល្លី​មធុរ៉ា​ជា​តារា​ភាព​យន្ត​ បាន​លា​ចាក​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ បន្ទាប់​ពី​លោក​រៀប​ការ​ជា​មួយ​អាណិកជន​ និងក្លាយ​ជា​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ខេត្តបាត់​ដំបង​ក្នុង​ភាពស្តុក​ស្តុម្ភ ។​

តើ​បច្ចុប្បន្ន​តារា​សម្តែង​ដែល​មាន​រហស្ស​នាម​ «ស្តេច​អាប៉ោង» រូប​នេះ​កំពុង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​មែន​ទេ ?​ មិន​មែន​ទេ​

ខេត្ត​បាត់​ដំបង​ ៖ ​លោក​ហង្ស ផល្លី​មធុរ៉ា​ជា​តារា​ភាព​យន្ត​ បាន​លា​ចាក​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ បន្ទាប់​ពី​លោក​រៀប​ការ​ជា​មួយ​អាណិកជន​ និងក្លាយ​ជា​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ខេត្តបាត់​ដំបង​ក្នុង​ភាពស្តុក​ស្តុម្ភ ។​

តើ​បច្ចុប្បន្ន​តារា​សម្តែង​ដែល​មាន​រហស្ស​នាម​ «ស្តេច​អាប៉ោង» រូប​នេះ​កំពុង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​មែន​ទេ ?​ មិន​មែន​ទេ​ លោក​កំពុង​មាន​វិបត្តិ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ ដោយ​ចំណងអាពាហ៍​ពិពាហ៍​ត្រូវ​ដាច់​ដោយ​ និង​ជំពាក់​ជំពិន​រឿង​ក្តី​បែង​ចែក​ទ្រព្យ​សម្បត្តិ​ទៀត​ផង ។​ថ្មីៗ​នេះ​លោក​ហង្ស ផល្លី​មធុរ៉ា បាន​បង្ហាញ​ឯកសារ​មួយ​ចំនួន​ដែល​ជា​រឿង​ផ្ទៃ​ក្នុង​គ្រួសារ​របស់​លោក​ ដោយ​លោក​អះ​អាង​ថា​ ទទួល​បាន​ភាព​អយុត្តិ​ធម៌​ក្នុងការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ ។​ ភាគី​ខាង​ប្រពន្ធ​ និង​ម្តាយ​ ឪពុក​ក្មេក​របស់​លោក​បាន​ចំណាយ​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​សម្រាប់​ដំណើរ​ការ​ក្តី​យក​ឈ្នះ​ចិត្ត​បំបាក់​ស្មារតី​លោក​ និង​ប្រមូល​ទ្រព្យ​សម្បត្តិ​រួម​ ដែល​លោកបាន​ដាក់​ទុន​រួម​គ្នា​កាន់​កាប់​ស្រប​ច្បាប់​ មាន​អាជ្ញាធរ​ភូមិ​ឃុំ​ ស្រុក​ដឹង​ឮ​ និង​ទទួល​ស្គាល់​រាប់​ឆ្នាំ​មក​ហើយ។​

លោក​មធុរ៉ា​ បាន​បង្ហាញ​ពាក្យ​បណ្តឹងពីរ​គឺ​ មួយ​រឿង​សុំ​លែង​លះ​គ្នា​ជា​ប្តីប្រពន្ធ​ និងមួយ​ទៀត​រឿង​បែង​ចែក​ទ្រព្យសម្បត្តិ​ដែល​មាន​ដី​ស្រែ​ចម្ការ​ជាង​១០​ហិកតា​ រោង​ម៉ាស៊ីន​កិន​ស្រូវ​ ផ្ទះ​ថ្ម​កម្ពស់​៣​ជាន់​ រថយន្ត​ និង​ម៉ូតូ​ដែល​ជា​មធ្យោ​បាយ​បម្រើ​ការងារពេល​កំពុង​តែរកស៊ី​រួម​គ្នា​នោះ។​ មុន​ឆ្នាំ​២០០០​ លោក​ហង្ស ផល្លី​មធុរ៉ា​ ជាតារា​សម្តែង​ភាពយន្ត​ និង​រស់​នៅ​ភ្នំពេញ​ ។ អំឡុង​ពេល​នោះ​ លោក​សន្សំបាន​លុយ​ទិញ​រថយន្ត​ជិះ​តាម​​បែប​ទាន់​សម័យ​ ។​ លោកបាន​រៀប​ការ​ជា​មួយ​នាង​ ហ៊ួន​ សាមេនតា​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ឪពុក​ម្តាយ​ និង​មាន​កូនស្រី​មួយ​ឈ្មោះ​ ផល្លី ប្រីតនី​ កើត​ក្នុង​ឆ្នាំ​២០០៣ ។​

ក្រោយ​ពេល​រៀបការ​រួច​មក​ លោក​មធុរ៉ា​ បាន​បោះបង់​ការងារសម្តែង​ ហើយ​ប្រមូល​លុយ​ដាក់​ទុន​រួម​ជាមួយ​​ឪពុក​ម្តាយ​ក្មេក​បង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​ភូមិ​គោក​ខ្ពស់​ ឃុំ​រូងជ្រៃ​ ស្រុក​ថ្ម​គោល​ ខេត្ត​បាត់​ដំបង​ និង​ពង្រីក​ដី​ស្រែ​ចម្ការ​បាន​ជា​ច្រើន​កន្លែង​ ដោយ​មាន​រូប​លោក​ជា​អ្នក​​គ្រប់​គ្រង​ដឹក​នាំ​ការ​រក​ស៊ី​ដោយ​ផ្ទាល់​ ។​ច្រើន​ឆ្នាំ​ក្រោយ​មក​ ការរក​ស៊ី​មាន​ការ​រីក​ចម្រើន​ ដូច្នេះ​ហើយ​មាន​ការ​ច្រណែន​ពី​ម្តាយ​ក្មេក​ចំពោះ​រូប​លោក​ ។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​មាន​ភាព​រកាំ​រកូស​កើត​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ហើយ​រីក​រាលដាល​ធំ​ឡើងៗ​រហូតប្តឹង​គ្នា​បែង​ចែក​ទ្រព្យ​សម្បត្តិ​ ។​

អតីត​តារាសម្តែងរូប​នេះ​បញ្ជាក់​អំពី​បញ្ហា​រក​ស៊ី​ដាក់​ទុន​រួម​គ្នា​នេះ​ ទោះ​បី​លោក​មាន​ទុន​តិច​ជាង​ក៏​ពិត​មែន​ តែ​ជំហរ​ការងារ​ដឹក​នាំគ្រប់​គ្រង គឺ​នៅ​លើ​ើលោក​ទាំងស្រុង ។​ក្រៅ​ពី​ការងារ​ផ្ទាល់​ខ្លួន​ លោក​ហង្ស ផល្លី​មធុរ៉ា​ មាន​ចំណែក​ចូលរួម​ពង្រឹង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ក្នុង​ឃុំ​រូង​ជ្រៃ​រហូត​ដល់​មាន​ស្នាដៃ​ល្អ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​មុនី​សារភណ្ឌ​ពី​សម្តេច​តេជោ​ ហ៊ុន សែន​ កាល​ពីឆ្នាំ​២០០៨​ និង​មានប្រជា​ពលរដ្ឋ​ជា​ច្រើន​គាំទ្រ​ស្រឡាញ់​រាប់​អាន​ និង​ទុក​ចិត្ត​ចំពោះ​លោក ។​

លោក​ហង្ស ផល្លី​មធុរ៉ា​ ចាត់​ទុក​ថា​ ភាគី​ខាង​ប្រពន្ធ​ និង​ឪពុក​ម្តាយ​ក្មេក​លោក​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​យក​ឈ្នះ​លោក​តាម​រយៈ​តុលាការ ​និង​បំបាក់​ស្មារតី​លោក ។​ ក្នុងរឿង​ក្តី​នេះ​ លោក​ពុំ​បាន​ទទួល​ការបែងចែក​ទ្រព្យ​សម្បត្តិ​សមរម្យ​ដែល​អាច​ទទួល​យក​បាន​ឡើយ។​ ដូច្នេះ​ហើយ​លោកចាត់​ទុក​ខ្លួន​ឯង​ថា​ទទួលភាព​អយុតិ្តធម៌ពី​ការ​កាត់​ក្តី​នេះ ។​លោក​ហង្ស ផល្លី​មធុរ៉ា​ មាន​ប្រភព​កំណើត​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ បាន​កសាង​កេរ្តិ៍​ឈ្មោះ​​ខ្ពស់​ត្រដែត​ក្នុង​ពិភព​សិល្បៈ​ភាព​យន្ត ។​ លោក​ធ្លាប់​បាន​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​រឿង​ និង​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ជាច្រើន​បទ​ផង​ដែរ ។​

ក្នុង​ជីវិត​ជាតារា​សម្តែង​នេះ​ មហាជន​ដាក់​រហស្សនាម​ឱ្យ​លោក​ហង្ស ផល្លី​មធុរ៉ា​ ថា​ជា «ស្តេច​អាប៉ោង»​ តាម​រយៈ​ការ​សម្តែង​ជា​តួ​អង្គ​ងប់​នឹង​ល្បែង​អាប៉ោង​ក្នុង​ខ្សែ​ភាព​យន្ត​​រឿង «ជើង​មេឃ​ដាច់​ស្រយាល» ។​បាត់​មុខ​ស្ងប់​ស្ងាត់​ក្នុង​ពិភពសិល្បៈ​ តែ​ពេល​នេះ​លោក​ហង្ស ផល្លី​មធុរ៉ា​ អណ្តែត​ឡើង​ក្នុង​ពិភព​វិបត្តិ​នៃ​ជីវិត​ផ្ទាល់​ខ្លួន​ ៕​