ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីប៉ាក់​តាក្រ​ មិនមែនជា​កីឡា​អូឡាំពិក​ តែពេញ​និយម​លេង​នៅ​ប្រទេស​អាស៊ី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សីប៉ាក់​តាក្រ​ជាប្រភេទ​កីឡា​បែបល្បែង​ប្រពៃណី​ដែល​ប្រទេស​ភាគ​ច្រើន​​នៅ​ទ្វីបអាស៊ី​សុទ្ធ​តែ​អះ​អាង​ថាវា​ជា​ប្រភេទ​កីឡា​ដែលដូន​តា​របស់ពួកគេ​បន្សល់​ទុក​ឱ្យ ។ សម្រាប់​ប្រទេស​កម្ពុជា​ប្រភេទ​កីឡា​នេះគេហៅ​ថា​សី​ដក់​ ឬ​សីមេ​លោងមាន​ប្រវត្តិ​នៅលើ​ទឹកដី​កម្ពុជា​ប្រមាណ​​ជាង​៥០០​ឆ្នាំ​មក​ហើយ ។

រាជធានីភ្នំពេញ ៖ សីប៉ាក់​តាក្រ​ជាប្រភេទ​កីឡា​បែបល្បែង​ប្រពៃណី​ដែល​ប្រទេស​ភាគ​ច្រើន​​នៅ​ទ្វីបអាស៊ី​សុទ្ធ​តែ​អះ​អាង​ថាវា​ជា​ប្រភេទ​កីឡា​ដែលដូន​តា​របស់ពួកគេ​បន្សល់​ទុក​ឱ្យ ។ សម្រាប់​ប្រទេស​កម្ពុជា​ប្រភេទ​កីឡា​នេះគេហៅ​ថា​សី​ដក់​ ឬ​សីមេ​លោងមាន​ប្រវត្តិ​នៅលើ​ទឹកដី​កម្ពុជា​ប្រមាណ​​ជាង​៥០០​ឆ្នាំ​មក​ហើយ ។

លោកឈួន ឡេង ដែល​ជាអគ្គលេខា​ធិការ​សហ​ព័ន្ធ​កីឡា​សីប៉ាក់​តា​ក្រ​កម្ពុជា​ឱ្យដឹង​ថា ​សព្វ​ថ្ងៃ​នេះ​វិញ្ញា​សា​សី​ប៉ាក់​តាក្រ មាន​ Double ដែល​លេង​​ម្ខាង​២​នាក់​ , Rege ដែល​លេង​ម្ខាង​៣​នាក់ ,Team ​ដែល​លេង​ម្ខាង​១២​នាក់គឺមាន​៣​ Rege  និង​វិញ្ញាសា​ Hoop ​(ទាត់​សីដាក់​កន្ត្រក)។ ការ​ទាត់​សី​ដាក់​កន្ត្រក​នេះមាន​៨​របៀប​ (8-Style) គឺ​ទាត់ពែន​ក្នុង​ ទាត់​ពែន​ក្រៅ ការ​ប្រើ​ស្មា ,ក្បាល​ , ជង្គង់​ បញ្ជា​សី​ ទាត់​ដោយ​ខ្នង​ជើង ​លោត​​ខ្វែង ​និងទាត់​​ពែន​ក្រោយ ។

សីមេលោង​ជាប្រភេទ​សី​ដែល​ត្បាញ​ដោយ​បន្ទះ​ផ្តៅ ​ចាក់ជាក្រឡា​៤​ជ្រុង​តូចៗ​ដោយ​រក្សា​ទម្រង់​សី​នេះ​ឱ្យ​មូល​សម្រាប់​ទាត់​នឹង​ខ្នង​ជើង ។ សី​មួយ​ប្រភេទ​ទៀត​ត្បាញ​ពី​បន្ទះ​ផ្តៅ​ដែរ​ ដែល​សី​ប្រភេទ​នេះសម្រាប់​ទាត់​នឹង​ខ្នង​ជើង ​កែង​ជើង​  ជង្គង់​ និងក្បាល​ជា​ដើម ឯ​សី​មួយ​ប្រភេទ​ទៀត​​​​​ធ្វើពី​ស្លាប​សត្វ​នោះ​គេ​ហៅ​ថា​សីពែន ។

នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​នេះ ​សី​ប៉ាក់​តា​ក្រ​នេះ​​មានការ​​​វិវត្ត​យ៉ាង​ស្មុគ​ស្មាញ​ហើយ​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ជា​​ចំហ​ថា ​សីនេះ​​មាន​កំណើត​នៅ​ក្នុង​ប្រទេស​របស់​គេ ។​ ឆ្នាំ​១៩៣០​ប្រទេស​ថៃ​និងប្រទេ​ស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​បាន​ប្រជែង​គ្នា​​ដោយ​អះ​អាង​ថា​សីនេះ​ជា​របស់​ខ្លួន ។ ការ​ប្រជែង​ដោយ​គ្មាន​ឈ្នះ​​ គ្មាន​ចាញ់​បែប​នេះ​ទើប​ប្រទេស​ទាំង​នោះ​ឯក​ភាព​គ្នា​ដាក់​ឈ្មោះ​ឱ្យ​សី​នេះ​ដោយ​មិន​ឱ្យ​នរណា​ចំណេញ​លើ​នរ​ណា​ឡើយ ​។​ ឈ្មោះ​ដែលគេ​ដាក់​​កាល​នោះ​គឺ​សី​ប៉ាក់​ រ៉ាហ្គា ​ហ្សា​រីង​(Sepak Raga Jaring) តែក្រោយ​មក​​ពួក​គេ​បាន​ឯក​ភាព​ប្តូរ​​ឈ្មោះ​​ទៅជា​សី​បា៉ក់​តាក្រ​វិញ​រហូតមក​ដល់​​សព្វ​ថ្ងៃ ។

​ជា​មួយ​នឹង​ការដាក់​ឈ្មោះ​ថ្មី​នោះ សីប៉ាក់​តា​ក្រគេច្នៃ​វា​ឱ្យ​ទៅ​ជា​ប្រភេទ​កីឡា​ដែល​លេង​ដោយ​​មាន​​ទីលាន​ត្រឹម​ត្រូវ​ ហើយគេ​ក៏​បាន​ចង​ក្រង​ជា​ច្បាប់​-ក្បួន​សម្រាប់​ប្រកួតផង​ដែរ​ ។ ​ទោះ​​​បី​​វា​មិន​ទាន់​ក្លាយ​ជា​ប្រភេទ​កីឡា​អូឡាំ​ពិក​​ តែ​​​សី​នេះ​មាន​​ការ​​ប្រកួត​រហូត​ដល​​់​ថ្នាក់​​ជើង​ឯក​តាម​​តំបន់​-ទ្វីប ​និង​ពិភព​​លោក​ទៀត​ផង ​។ ​សី​នេះ​​​គេ​​លេង​ដោយ​ឈរ​ជា​រង្វង់​ហើយ​ទាត់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​ដោយ​ពួកគេ​អាច​ប្រើ​ស្មា ​ជង្គង់ ក្បាល​ ជាដើម​។ ការ​លេង​នេះ​សម្រាប់​អ្នក​ដែល​ធ្វើ​ឱ្យ​សី​ធ្លាក់​​ដីនោះ​គេ​អាច​ពិន័យ​ដោយ​ដាក់​កន្ទុយ ​បង្អក​ស្រា ​ឬ​ប្រើ​ពាក្យ​ចំអក​ឱ្យ​ទៅ​តាម​ការ​​និយម​នៃតំបន់​នីមួយៗ ។ ​សីប៉ាក់​តាក្រ​លេង​ម្ខាង​៣​នាក់​ដោយ​មិន​គិ​ត​ពី​កីឡា​ករបម្រុង​នោះ​ទេ តែ​នៅ​ក្នុង​​ការ​​ប្រកួត​ក្រុម​​នីមួយ​ៗ​អនុញ្ញាត​ឱ្យ​មាន​កីឡាករ​តែ​៤​នាក់ ប៉ុណ្ណោះ​ដោយ​រាប់​ទាំង​កីឡាករ​បម្រុង​ម្នាក់​ផង ​។ ​កីឡា​ករ​បម្រុង​ម្នាក់​នោះ​អាច​ផ្លាស់​ប្តូរ​បាន​រហូត​ដូច​កីឡាបាល់​ទះ​ដែរ ។​

​ចំណែក​​លក្ខខណ្ឌ​នៃការប្រកួត​បើ​មានក្រុម​ណា​មួយ​ឈ្នះ​២​សិត​ជាប់គ្នា​នោះ​គឺ​ចាត់​ទុក​ថា​​ឈ្នះជា​ស្ថា​ពរ​​​ហើយ ​។ តាម​ធម្មតា​មួយ​សិត​មាន​១៥​ពិន្ទុ​តែ​ក្នុង​ករណី​ការ​ប្រកួត​ឈ្នះ-ចាញ់​ មួយ​សិត​ម្នាក់​នោះ​គឺ​ត្រូវ​លេង​សិត​ទី​៣​ទៀត​ដើម្បីរក​អ្នក​ឈ្នះ​-ចាញ់​ ដែល​សិត​ទី​៣​នេះ​លេង​ដោយ​កំណត់​ពិន្ទុ​តែ​៦​ប៉ុណ្ណោះ​ហើយ​លេង​បាន​៣​ពិន្ទុ​នឹងធ្វើការ​ផ្លាស់​ប្តូរ​តារាង​គ្នា ។

ទីលាន​សម្រាប់​លេង​សី​ប៉ាក់​តាក្រ​មាន​ទំហំ​ទទឹង​៦,២០​ម៉ែត្រ ​បណ្តោយ​១៣​ម៉ែត្រ ។ ទីលាន​សម្រាប់​បុរស ​និង​សម្រាប់​នារី​មាន​ទំហំ​ប៉ុន​គ្នា​ ែត​កម្ពស់​សំណាញ់​ខុស​គ្នា​ដោយ​សំណាញ់​បុរស​កម្ពស់​១,៥៥​ម៉ែត្រ ​ឯ​នារី​កម្ពស់​ ១,៤៥​ម៉ែត្រ ​។ ទីលាន​​ទាំង​សងខាង​សុទ្ធ​តែ​មាន​ផ្ចិត​មួយ​ដែល​មាន​កាំ​០,៣០​ម៉ែត្រ ហើយស្ថិត​នៅ​ចម្ងាយ​ពីខ្សែ​បន្ទាត់​ទទឹង​ខាង​ក្រោយ​២,៤៥​ម៉ែត្រ និងចម្ងាយ​៣,០៥​ម៉ែត្រពីខ្សែបន្ទាត់​បណ្តោយ​ដែលគេ​ហៅ​ថា ​រង្វង់​វាយ​សេវា ។ នៅ​ក្បែរ​បង្គោល​សំណាញ់​ជាក​ន្លែង​បោះ​សេវា​មាន​​រាង​​១​ភាគ​៤​នៃរង្វង់​ដែ​ល​មាន​កាំ​០,៩០​ម៉ែត្រ ។

គួរបញ្ជាក់ថា ​របៀប​វាយ​​សេវា​​របស់​សី​ប៉ាក់​តាក្រ​មិន​មែន​អ្ន​ក​វាយ​​សេវា​នោះ​ចាប់​សី​ទាត់​សំដៅ​ទៅ​ទីម្ខាង​​ទៀត​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​​មាន​​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ជា​អ្នក​ឈរ​បោះ​នៅ​កន្លែង​បោះ​សេវា ។ ​កីឡា​នេះលេង​៣​ប៉ះដូច​បាល​​់​ទះ​ដែរ ​ហើយ​គេអាច​ប្រើ​ក្បាល​លេង​​ផង​ដែរ ។ ​ការ​លេង​៣​ប៉ះ​នេះ​ខុស​ពី​បាល់​ទះ​ដោយ​កីឡា​ករ​តែ​ម្នាក់​ឯង​អាច​លេង​បាន​ទាំង​៣​ប៉ះដោយ​គ្មាន​បញ្ហា ​ហើយ​សី​សម្រាប់​បុរស​លេង​មាន​ទម្ងន់​៤២០​ទៅ​៤៤០​ក្រាម ​ឯ​សីសម្រាប់​នារី​លេង​មាន​​ទម្ងន់​ពី​១៥០​ទៅ​១៦០​ក្រាម ៕