ខេត្តស្វាយរៀង ៖ ឯកឧត្តម ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន ហើយឈានដល់អាយុចូលធ្វើការក្នុងចំនួនប្រមាណ ៣សែននាក់ក្នុងមួយឆ្នាំៗ និន្នាការបែបនេះនឹងបន្តក្នុងរយៈពេលវែងទៅមុខទៀត។ ឯកឧត្តមបានថ្លែង បែបនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងវេទិកាការងារស្តីពី(ឱកាសការងារ និងកម្មសិក្សាការងារ) ដែលរៀបចំដោយ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សហការជាមួយសាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី វិទ្យាស្ថាន CGTI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុប្រាសាក់ មីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារស្ថាបនា រោងចក្រសានហ្វេង រោងចក្រថបស្ព័ត និងកាស៊ីណូឡឺម៉ាកាវ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត សរុបចំនួនប្រមាណ៦០០នាក់។ ឯកឧត្តមបានបន្ថែមថា ដោយសារកត្តាប្រជាសាស្ត្របែបនេះ បានផ្តល់នូវផលលាភដល់កម្ពុជា ប៉ុន្តែក្នុងពេលទន្ទឹមគ្នា វាក៏ជាសម្ពាធដ៏ធ្ងន់ធ្ងរមួយក្នុងការបង្កើត ការងារថ្មីបានច្រើនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់នេះផងដែរ។
ដូចយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា សម្រាប់ប្រជាពលរដ្ឋភាគច្រើនកម្លាំងពលកម្មគឺជាទ្រព្យដែលបង្កើតចំណូល ដ៏ចម្បងបំផុតរបស់ខ្លួន។ ជាមួយគ្នានេះឯកឧត្តម ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង បានសម្តែង នូវការកោតសរសើរ និងបានបញ្ជាក់ថា វេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ នាំមកនូវឱកាសការងារក្នុងខេត្ត ជាពិសេសការជួបផ្ទាល់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ និងការស្វែងយល់ពីព័ត៌មានការងារនានា។ វេទិកានេះក៏បានសបញ្ជាក់ឲ្យឃើញពីការ យកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ដល់វិស័យការងារ ហើយក៏ជាសក្ខីភាពមួយបង្ហាញនូវការយកចិត្តទុកដាក់របស់យើងគ្រប់គ្នា ចំពោះបុព្វហេតុ នៃការចូលរួមអភិវឌ្ឍន៍វិស័យការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ពិតជាបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានការងារធ្វើ ទទួលបានប្រាក់បៀវត្សរ៍ទ្រទ្រង់គ្រួសារ របស់ពួកគេ ពិសេសបានជួយកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសមរម្យ។
ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ស្វាយរៀងបានលើកឡើងបន្ថែមថា យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាព្យាយាម ស្វែងរកព័ត៌មាននានាឲ្យស្រមតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីទទួលបានឱកាសការងារសមរម្យ។ លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារ ខេត្តស្វាយរៀងបន្ថែមទៀតថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួនជាង១ម៉ឺននាក់, ផ្គូផ្គងអ្នកស្វែងរកាងារធ្វើទៅឲ្យនិយោជក ចំនួនប្រមាណ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើស បុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍, សិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ បានសំណូមពរដល់ប្អូនៗនិស្សិតត្រូវប្រឹងប្រែង ស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោង ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាការពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សរ៍ខ្ពស់ទៅថ្ងៃអនាគត៕
ចែករំលែកព័តមាននេះ