រាជធានីភ្នំពេញ ៖ ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌ ក្នុងការកសាងសង្គមជាតិទាំងមូល នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន នៅក្នុងអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២១ ដែលបានប្រារព្ធធ្វើក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយាង និងនិមន្តចូលរួមពីសំណាក់សម្តេចព្រះសង្ឈរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ។
លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍បន្តថា មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២១ នៅឆ្នាំនេះ ប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ កុម្ភៈ នៅសាលសន្និសីទចតុមុខ ដើម្បីបូកសរុប និងពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅ ។ ជាមួយនេះមានការពិភាក្សាផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តបន្ត សំដៅដល់ការពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន ស័ក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតឱ្យកាន់តែមានសុក្រឹតភាព និងមានគុណភាពខ្ពស់ ។
លោករដ្ឋមន្ត្រីបន្តថា ជាការពិតណាស់ការរីកចម្រើនរបស់ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា វានឹងផ្តល់ឱ្យគ្នាទៅវិញទៅមកជាការចាំបាច់ ជាក់ស្តែងព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំសីលធម៌ សង្គម និងការកសាងសមិទ្ធផលផ្សេងៗ ជូនសង្គមជាតិទាំងមូល ។ ការពង្រឹងតួនាទីភារកិច្ច វិន័យរបស់ព្រះសង្ឃ និងវត្តអារាម ពិតជាមានសារសំខាន់ និងអត្ថប្រយោជន៍យ៉ាងធំធេងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរយើង ហើយក៏បានផ្តល់ការថែរក្សានូវតម្លៃរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានស្ថិតស្ថេរយូរអង្វែងជារៀងរហូត ។
នៅក្នុងមហាសន្និបាតនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការចាប់កំណើតរបស់ព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា គឺចាប់តាំងពីអំឡុងពុទ្ធសតវត្សទី៣ មុនគ្រិស្តសករាជ ហើយត្រូវបានទទួលនូវការគោរពបូជាពីព្រះមហាក្សត្រ និងប្រជាជនរហូតដល់ទទួលបានការលើកតម្កើងជាសាសនារបស់រដ្ឋថែមទៀត ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពួកនេះបានបំបាត់មិនឱ្យមានសាសនា ធ្វើគុតព្រះសង្ឃ និងបំផ្លិចបំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិគ្មានសល់ ។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានចាប់ផ្តើមចេញពីចំណុចសូន្យ មកទទួលបាននូវសិទ្ធិ សេរីភាព ពេញលេញ ក្នុងការគោរពកាន់ព្រះពុទ្ធសាសនាឡើងវិញ ដោយចាប់ផ្តើមចេញពីព្រះសង្ឃមានតែចំនួន៧អង្គ ប៉ុណ្ណោះ។
តាមរបាយការណ៍ឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង មានវត្តចំនួន៤.៥៥៣ និងមានព្រះសង្ឃចំនួន៥៣.២៥៧អង្គ ក្នុងនោះគណៈមហានិកាយមានចំនួន៤.៣៨០វត្ត និងមានព្រះសង្ឃចំនួន៥១.៨៧២អង្គ និងគណៈធម្មយុត្តិកនិកាយមាន១៧៣វត្ត និងមានព្រះសង្ឃចំនួន១.៣៨៥អង្គ ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញបានបណ្តុះបណ្តាលព្រះសង្ឃចាប់តាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា មានពុទ្ធិកសាកលវិទ្យាល័យចំនួន៣គឺ ១-ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ២-ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិង៣-ពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម ។ ក្រៅពីនេះ ក្រសួងនៅមានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន២ទៀតគឺ ១-ពុទ្ធិកសាកលវិទ្យាល័យខេត្តកំពង់ឆ្នាំង និង២-ពុទ្ធិកសាកលវិទ្យាល័យខេត្តបាត់ដំបង ។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា តាមការកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ សម្រាប់ឆ្នាំ២០០៩-២០១៣ ក្រសួងទទួលបានលទ្ធផលគួរជាទីមោទនៈដូចជា បានសហការរៀបចំចងក្រងឯកសារថតជាវីដេអូស្តីពីតួនាទីភារកិច្ចរបស់អាចារ្យ ក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ។ ក្រសួងបានបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចរបស់អាចារ្យក្នុងពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីតំរង់ទិសដៅអាចារ្យឱ្យអនុវត្តស្របតាមក្បួនគម្ពីរ ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ជាតិ បានចំនួន១២វគ្គ មានសិក្ខាកាមអាចារ្យចំនួន៤.៣៦៥រូប ។ ដោយឡែក វគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌ដូនជី ក្រសួងបានរៀបចំសិក្ខាសាលាស្តីពីក្រមសីលធម៌ និងវិធីប្រតិបត្តិរបស់ដូនជី បានចំនួន១វគ្គ ដែលមានសិក្ខាកាមជាដូនជី សរុប៣៥០រូប និងបានបង្កើតវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌ និងវិធីប្រតិបត្តិរបស់ដូនជីបានចំនួន២វគ្គ មានសិក្ខាកាមជាដូនជីចូលរួមចំនួន៥០៤រូប ។ លើសពីនេះក្រសួងបានរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត ។
មានប្រសាសន៍បើកមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២១ សម្តេចអគ្គមហាពញាចក្រី េហង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធ សាសនិកជន រួមសាមគ្គីក្រោមការដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ នៅតាមទីអារាម លោកតាជី លោកយាយជី លោកមានសន្តានចិត្តជ្រះថ្លា បានលះបង់កម្លាំងកាយចិត្ត បូជាចំពោះព្រះរតនត្រ័យ និងបានជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកមនុស្សល្អរបស់សង្គមជាតិ ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្តថា ស្របទៅនឹងការរីកចម្រើននេះ ក៏នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយដោយឈរលើទស្សនៈថា ព្រះពុទ្ធសាសនា ជាកម្លាំងដឹកនាំចរិយាធម៌សង្គម ។ ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ដែលមហាសន្និបាតលើកឡើងគឺជាការសមស្រប និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ ។សម្តេចពញាចក្រី ក៏មានប្រសាសន៍កោតសរសើរពុទ្ធសាសនិកជនទាំងបព្វជិត ទាំងគ្រហស្ថ ដែលបានខិតខំប្រណិប័តន៍ខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទផង សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនៃយើង ៕
ចែករំលែកព័តមាននេះ