រាជធានីភ្នំពេញ ៖ យុវជនចំនួនជាង២០០នាក់ បានចាញ់បោកបុគ្គល២នាក់ អស់ប្រាក់ក្នុងម្នាក់ៗចំនួន ៥០ដុល្លារ ទៅជាង១០០ដុល្លារ បន្ទាប់ពីជនសង្ស័យ២នាក់នោះអះអាងថា ខ្លួនជារដ្ឋបាលរោងចក្រ កាត់ដេរមួយ និងត្រូវបានថៅកែឲ្យប្រកាសជ្រើសរើសកម្មករ។ លុះពេលបានឮបែបនេះ យុវជនរងគ្រោះ ទាំងនោះបានទំនាក់ទំនងសុំចូលធ្វើការ ហើយត្រូវបានបុគ្គល២នាក់នោះប្រាប់ថា តាមលក្ខខណ្ឌការងារ តម្រូវឲ្យបង់ប្រាក់ម្នាក់ៗ៥០ដុល្លារ ឬជាង១០០ដុល្លារជាមុនសិន។ ពេលនោះជនរងគ្រោះទាំងអស់ ហេតុតែចង់បានការងារធ្វើ ក៏យល់ព្រមបង់ លុះដល់ថ្ងៃកំណត់ត្រូវចូលបម្រើការងារ ស្រាប់តែខាងរោងចក្រ ឆ្លើយថា មិនដឹង ហើយពេលទៅសួរនាំជនដែលអះអាងថាជារដ្ឋបាលបាននោះ បានវេចបង្វិចយកលុយ ជិត២ម៉ឺនដុល្លាររត់បាត់ទៀត។ ដោយដឹងថា ត្រូវចាញ់បោកជនខិលខូចទើបយុវជន៤០នាក់ តំណាងឲ្យជាង២០០នាក់ បានលើកគ្នាទៅកាន់សាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ រកយុត្តិធម៌ដល់ពួកគេ។
យុវជនទាំងនោះបាននិយាយថា ជនខិលខូចដែលបានអះអាងថា ជារដ្ឋបាលរោងចក្រនោះគឺម្នាក់ឈ្មោះតុលា ភេទប្រុស និងម្នាក់ទៀតគឺជាស្រីមិនស្គាល់ អត្តសញ្ញាណឡើយ។ ដែលជន២នាក់នោះបានបើកការិយាល័យក្លែងក្លាយមួយនៅក្នុងបុរីញូវថោន ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពួកនោះបាន បិទប្រកាសជ្រើរើសកម្មករនៅតាមជញ្ជាំងរបង និងជញ្ជាំងផ្ទះ ឬបង្គោលភ្លើងនៅក្នុងបុរីញូវថោននោះ ដើម្បីចូលធ្វើការរោងចក្រមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដោយបានអះអាងថា ទទួលបានប្រាក់ខែច្រើន។ ប្រភពដដែលបានបន្តទៀតថា ចំណែកពួកខ្លួនកំពុងតែអត់ការងារធ្វើស្រាប់ផងក៏បាននាំគ្នាទៅទំនាក់ទំនងសុំចូលធ្វើការ ហើយត្រូវបានបុគ្គលទាំង២នាក់នោះបញ្ជាក់ប្រាប់ថា ពួកគេគឺជារដ្ឋបាលរោងចក្រដែលត្រូវបានថៅកែ បញ្ជាឲ្យជ្រើសរើសកម្មករ។
មិនតែប៉ុណ្ណោះបានប្រាប់ពីលក្ខខណ្ឌរបស់ក្រុមហ៊ុនដែលតម្រូវឲ្យបង់ប្រាក់មុន ក្នុងម្នាក់ៗចំនួន៥០ដុល្លារទៅជាង១០០ដុល្លារថែមទៀតផង ដែលសរុបជិត២ម៉ឺនដុល្លារឯណោះ។ ដោយប្រាប់ថា ឲ្យពួលខ្លួនទាំងអស់គ្នា ចូលធ្វើការនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ជាកំហិត ពេលនោះម្នាក់ៗមានការត្រេកអរខ្លាំងណាស់បន់ឲ្យតែដល់ថ្ងៃចូលធ្វើការប៉ុណ្ណោះ នឹងអាងបានប្រាក់ខែ ប៉ុន្តែដល់ដល់ថ្ងៃកំណត់បែរជាខកបំណងយ៉ាងខ្លាំង។ ព្រោះនៅពេលដែលពួកគេនាំគ្នាចូលទៅធ្វើការ ស្រាប់តែថៅកែរោងចក្រដេញចេញ និងប្រាប់ថាមិនដឹង និងមិនបានឲ្យជ្រើសរើសកម្មអ្វីឡើយ។ ដោយសារតែបែបនេះទើបយុវជនទាំងនោះនាំគ្នាទៅសួរនាំបុគ្គល២នាក់នោះប៉ុន្តែពេលទៅដល់ការិយាល័យបិទទ្វារហើយបាត់ជន២នាក់នោះមិនឃើញទើបដឹងថា ចាញ់បោកក៏លើកគ្នាទៅកាន់សាលាសង្កាត់ ចោមចៅ៣សុំឲ្យអាជ្ញាធរសង្កាត់នេះជួយតែម្ដង៕
https://youtu.be/-KJrlXUEuXQ
ចែករំលែកព័តមាននេះ