ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​បើក​​លើ​ផ្លូវ​សើម ចំណុច​ទាំង​នេះ​គួរ​ប្រុង​ប្រយ័ត្ន​ចៀស​វាង​គ្រោះថ្នាក់

5 ឆ្នាំ មុន

គ្រោះថ្នាក់​ភាគច្រើន​តែង​កើតឡើង​នៅ​ក្នុង​រដូវភ្លៀង ក្រៅពី​ផ្លូវ​សើម​ហើយ វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​មានឱកាស​ខូចខាត​យ៉ាង​ងាយ ។ ខាងក្រោម​នេះ ជា​តិច​និក​៥​យ៉ាង​គួរ​ចង​ចាំ​ឲ្យ​ច្បាស់ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​លើ​ផ្លូវ ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង ៖ ១-​បើកភ្លើង​មុខ​ទាំង​លើ…

គ្រោះថ្នាក់​ភាគច្រើន​តែង​កើតឡើង​នៅ​ក្នុង​រដូវភ្លៀង ក្រៅពី​ផ្លូវ​សើម​ហើយ វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​មានឱកាស​ខូចខាត​យ៉ាង​ងាយ ។ ខាងក្រោម​នេះ ជា​តិច​និក​៥​យ៉ាង​គួរ​ចង​ចាំ​ឲ្យ​ច្បាស់ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​លើ​ផ្លូវ ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង ៖

១-​បើកភ្លើង​មុខ​ទាំង​លើ និង​ក្រោម ៖
ត្រូវ​បើកភ្លើង​មុខ​ភ្លាម​ៗ​នៅ​ពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ទោះបីជា​នៅ​ពេល​ថ្ងៃ​ក្តី ព្រោះ​ភ្លៀង​រារាំង​ដល់​ទិស​ដៅ​របស់​យើង ។ ការ​បើកភ្លើង​មុខ នឹង​ធ្វើ​ឲ្យ​រថយន្ត​ផ្សេង​ទៀត​ឆាប់​មើល​ឃើញ​រថយន្ត​យើង​បាន​ច្បាស់ ហើយ​ពួក​គេ​ងាយ​សម្រេចចិត្ត​ផ្លាស់​ប្តូរ​ផ្លូវ ឬ​បើក​ចៀស ជាដើម ។

ក្នុង​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង អ្នក​អាច​ប្រើ​ភ្លើង​ដឺ​មី​មុខ (​ខាងក្រោម​) និង​ភ្លើង​ក្រោយ​ជា​គូ​ជាមួយ​គ្នា​ផង​ដែរ ហើយ​ប្រញាប់​បិទ​វិញ​នៅ​ពេល​ភ្លៀង​បង្អង់ ដើម្បី​ការពារ​មិន​ឲ្យ​ពន្លឺ​ចាំង​ដល់​រថយន្ត​ក្បែរ​ខាង ។

២-​បង្អង់​ល្បឿន ៖
គួរ​បង្អង់​ល្បឿន​នៅ​ពេល​ភ្លៀង​ធ្លាក់ ព្រោះ​ការ​ប្រើប្រាស់​ល្បឿន​លឿន​ខ្លាំង​នៅ​លើ​ផ្លូវ​សើម នឹង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​សម្បក​កង់​ដែល​បើកបរ​នៅ​លើ​ផ្លូវ​ថយ​ចុះ ទោះបីជា​រថយន្ត​ស៊េរី​ថ្មី​ដំឡើង​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព ដូច​ជា ESP, VSC, VSA ក្តី ។ ប្រព័ន្ធ​ទាំងនេះ​ជួយ​បង្អង់​ល្បឿន​ឲ្យ​សម​ស្រប​ដើម្បី​រក្សា​សភាព​រថយន្ត ។

ការ​បើកបរ​លឿន​ខ្លាំង​ពេក​នៅ​លើ​ផ្លូវ​រអិល នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រាំង​គ្មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្អង់​ល្បឿន​កង់​ឡើយ រហូត​កើតការ​ខូចខាត និយាយ​ងាយ​ៗ គឺ​លើស​ពី​សមត្ថភាព​នៃ​ការ​ជួយ​ពី​ប្រព័ន្ធ​ទាំងនេះ ។

៣-​រក្សា​គម្លាត​ពី​រថយន្ត​ខាង​មុខ​ឲ្យ​ឆ្ងាយ​ជាង​ពេល​ធម្មតា ៖
ការ​បើកបរ​រថយន្ត​លឿន នឹង​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ដោយ​ងាយ​បើ​មិន​ប្រយ័ត្ន ហេតុនេះ ត្រូវ​រក្សា​គម្លាត​គ្នា​រវាង​រថយន្ត​នីមួយ​ៗ​ប្រកបដោយ​សុវត្ថិភាព ហើយ​អ្នកបើកបរ​អាច​ជាន់​ហ្វ្រាំង​បាន​ស្រួល​ផង​ដែរ ក្នុង​ករណី​មាន​អ្វី​កើតឡើង ។

ការ​បើករថយន្ត​នៅ​លើ​ផ្លូវ​រអិល គួរ​បន្ថែម​គម្លាត​ចម្ងាយ​ពី​រថយន្ត​មុខ​ឲ្យ​បាន​ច្រើន​ជាង​ពេល​​ធម្មតា ។ គ្រោះថ្នាក់​រថយន្ត​បុក​គ្នា​ពីក្រោយ តែង​កើតឡើង​ដោយសារ​តែ​បើក​កៀក​នឹង​រថយន្ត​នៅ​ខាង​មុខ​ពេក ហើយ​មិន​អាច​ជាន់​ហ្វ្រាំង​ទាន់​ពេល ។ អ្នក​អាច​ចៀសវាង​គ្រោះថ្នាក់​ទាំងនេះ​បាន ដោយ​រក្សា​គម្លាត​នៃ​រថយន្ត​នីមួយ​ៗ​ឲ្យ​ស​ស្រប ជា​ពិសេស នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ផ្លូវ​រអិល ឬ​ផ្លូវ​ឡើង​ភ្នំ ជាដើម ។

៤-​មិន​បង្កើន​ល្បឿន ឬ​ជាន់​ហ្វ្រាំង​ភ្លាម​ៗ​ដោយ​មិន​ចាំបាច់ ៖
នៅ​លើ​ផ្លូវ​សើម​រអិល គួរ​ចៀសវាង​ការ​បង្កើន​ល្បឿន ឬ​ជាន់​ហ្វ្រាំង​ទាន់ហន់ ជា​ពិសេស​បំផុត ចំពោះ​រថយន្ត​គ្មាន​ផ្ទុកទំនិញ ដែល​មាន​ទម្ងន់​ស្រាល វា​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង ។

៥-​មិន​បើកបរ​លើ​កន្លែង​ដក់​ទឹក ៖
គួរ​ចៀសវាង​ការ​បើករថយន្ត​លើ​ទឹក​ដក់ ព្រោះ​អាច​បណ្តាល​ឲ្យ​រថយន្ត​កើត Hydroplane (Hydroplane គឺ​អាការ​កើតឡើង​នៅ​ពេល​ផ្លូវ​សើម ឬ​មានទឹក​ច្រើន​នៅ​លើ​ផ្លូវ ហើយ​អ្នក​បើក​មិន​អាច​គ្រប់គ្រង​រថយន្ត​បាន​) ទោះបីជា​សម្បក​កង់​ថ្មី​ក៏​ដោយ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​រថយន្ត​​ខូច​ធ្ងន់ធ្ងរ ឬ​បើក​ធ្លាក់​ផ្លូវ ជាដើម ។ ការ​ចៀសវាង​ពី​ទឹក​នេះ​បាន​យ៉ាង​មាន​សុវត្ថិភាព ចាំបាច់​ត្រូវ​ប្រើប្រាស់​ល្បឿន​សម​ស្រប ។

ចំណុច​សំខាន់​មួយទៀត​ក្នុង​ការ​បើកបរ​រថយន្ត​ពេល​មេឃ​ភ្លៀង គួរ​យក​មក​ជាមួយ​នូវ​ឧបករណ៍​ដូច​ជា កៅស៊ូកង់ អាវ​ភ្លៀង និង​ឆត្រ សម្រាប់​ទុក​ប្រើប្រាស់​ពេល​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ