រាជធានីភ្នំពេញ ៖ លោកសួស សំអាតចៅក្រមសភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានបដិសេធការសុំនៅក្រៅឃុំរបស់ជនជាប់ចោទលោកកឹម សុខា ដោយតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្តឃុំខ្លួន៦ខែទៀត រង់ចាំការបើកសវនាការលើអង្គសេចក្តី ។ សវនាការអសាធារណៈនេះបានធ្វើឡើងដោយកំបាំងមុនជនជាប់ និងចំពោះមុខមេធាវីការពាររបស់ជនជាប់ចោទ ។
នៅព្រឹកនេះសភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែសវនាការនេះធ្វើឡើងជាអសាធារណៈ ។

លោកទូច ថារិទ្ធអ្នកនាំពាក្យសាលាឧទ្ធរណ៍បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពេលសវនាការមេធាវីការពារក្តីជនត្រូវបានវត្តមានពេលសវនាការតែអវត្តមានជនត្រូវចោទលោកកឹម សុខា ។ ការសម្រេចរបស់ចៅក្រមជំនុំជម្រះនៃសភាស៊ើសួរបន្តឃុំខ្លួនដោយសំអាងសំណុំរឿងនេះ ជាបទឧក្រិដ្ឋដូចនេះតុលាការមិនអាចអនុញ្ញាតឲ្យជនត្រូវនៅក្រៅឃុំបានទេ ។
លោកទុច ថារិទ្ធបានបញ្ជាក់ថា៖ «កាលណាដោះលែងជនជាប់ពីបទឧក្រិដ្ឋវាអាចប៉ះពាល់ដល់នីតីវិធីនៃការស៊ើបអង្កេតរបស់តុលាការ ។ ដូចនេះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍មិនអាចដោះលែងជនត្រូវចោទឲ្យនៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំបានទេ គឺបន្តឃុំខ្លួនដដែល»។
យោងតាមមន្ត្រីសាលាឧទ្ធរណ៍បានថ្លែងថា សវនាការនេះធ្វើជាអសាធារណៈ ព្រោះជារឿងមុនអង្គសេចក្តី ដោយពុំអនុញ្ញាតឱ្យអ្នកមិនពាក់ព័ន្ធចូលរួមសវនាការឡើយ ។ ជនជាប់ចោទលោកកឹម សុខាក៏មិនមានវត្តមាន លោកមកចូលរួមក្នុងសវនាការនេះផងដែរ ។
គួរបញ្ជាក់ថា លោកកឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ឬក្បត់ជាតិ ។ តាមច្បាប់បទល្មើសនេះត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ ។
លោកកឹម សុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញកាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ។

គួររំលឹកថា លោកគី ឫទ្ធីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ដែលកាន់សំណុំរឿងលោកកឹម សុខាអតីតប្រធានគណបក្សសង្គ្រោះជាតិបានចេញដីកាកោះសាក្សីចំនួន៨នាក់ទៀត ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីថ្ងៃទី០៥ ដល់១៣ ខែមិថុនា ២០១៨ ក្នុងសំណុំរឿងលោកកឹម សុខាដែលត្រូវបានតុលាការចោទពីបទ«សន្ធិដ្ឋិភាពជាមួយបរទេស» ឬក្បត់ជាតិមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌកម្ពុជា។
សាក្សីទាំងនោះមាន១- លោកប៉ា ង៉ួនទៀង អាយុ៤៦ឆ្នាំ ២- លោកគ្រី សុង អាយុ៤៩ឆ្នាំ ៣- លោកហេង ពិសិដ្ឋ អាយុ២៦ឆ្នាំ ៤- អ្នកស្រី ចក់ សុភាព អាយុ៣៣ឆ្នាំ ៥- លោកមាស គឹមសេង អាយុ៤៨ឆ្នាំ ៦- លោកកែវ រតនា អាយុ៣១ឆ្នាំ ៧- លោកអឿ រីរ៉ាត់ អាយុ២៨ឆ្នាំ និង៨- លោកសៀ ភីរម្យ អាយុ៤៣ឆ្នាំ ។ សាក្សីទាំងនេះត្រូវចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ