ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់បុរសម្នាក់បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវអ៊ុតធី ត្រង់ចំណុចមុខផ្ទះមួយកន្លែងចំងាយ១៥០ម៉ែត្រខាងកើតស្ពានថ្ម ភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះអុឹម រ៉ុម ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិព្រៃទទឹងខាងកើត រងរបួសធ្ងន់ ហើយក៏បានស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯម៉ូតូជនរងគ្រោះម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ស្ពឺ ១F-៥៧៧៦ ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ ៣D-២១៩៧ បើកបរដោយឈ្មោះគឹម វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ចេញពីផ្ទះឈ្មោះមោក ដោយបើកបរម៉ូតូក្នុងទិសដៅពីទិសខាងជើងបត់ទៅកើត លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយដែលបើកបរមកពីទិសខាងកើតបុកពេញទំហឹង ហើយអូសជាង១៥ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយក៏បានស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះរងការខូចខាត៥០ភាគរយ រីឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយខូចខាតស្រាល ហើយអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុវាស់វែង ហើយប្រមូលយកវត្ថុតាងដែលពាក់ព័ន្ធយករក្សាទុកនៅប៉ុស្តិ៍ឃុំវាល រីឯអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តចាត់ការបន្ត ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសាដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ