ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់​​ថា​ យក​តួ​ថ្មីសម្តែង​នាំ​ឱ្យ​ភាពយន្ត​ធ្លាក់​គុណភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាន​សម្តែង​ក្តី​បារម្ភ​​យ៉ាង​​ខ្លាំង​ពី​ឱកាស​កាន់តែ​ខើច​សម្រាប់​អាជីព​សម្តែង​របស់​លោក ព្រោះ​លោក​កំពុង​តែ​ញាំញី​ដោយ​ជំងឺ និង​វ័យ​កាន់តែ​ចាស់ ។ ដ្បិត​បាន​បម្រើ​អារម្មណ៍​ទស្សនិកជន​ជិត​ឆ្នាំ​៣០​មក​ហើយ​ក្តី…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាន​សម្តែង​ក្តី​បារម្ភ​​យ៉ាង​​ខ្លាំង​ពី​ឱកាស​កាន់តែ​ខើច​សម្រាប់​អាជីព​សម្តែង​របស់​លោក ព្រោះ​លោក​កំពុង​តែ​ញាំញី​ដោយ​ជំងឺ និង​វ័យ​កាន់តែ​ចាស់ ។

ដ្បិត​បាន​បម្រើ​អារម្មណ៍​ទស្សនិកជន​ជិត​ឆ្នាំ​៣០​មក​ហើយ​ក្តី លោក​ពៅ គី​សាន់ ហាក់​មិន​មាន​​បំណង​ណាមួយ​ចង់​បោះបង់​អាជីព​សម្តែង​របស់​ឡើយ ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​ដោយសារ​តែ​លោក​ហាក់​គ្មាន​ទីផ្សារ​ដូច​មុន ទើប​លោក​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​សម្តែង​ជំនាញ​ខាង​តួ​កាច​ទាត់​ធាក់​លោក​ពៅ គី​សាន់ ហៅ​នាយ ឆើត ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​លោក​​បាន​ឈាន​ចូល​ដល់​វ័យ​ជាង​៥០​ឆ្នាំទៅ​ហើយ បូក​រួម​ជាមួយនឹង​ជំងឺ​ប្រចាំ​កាយ​ផង​នោះ​ធ្វើ​ឲ្យ​លោក​បាត់​ចំណែក​ទីផ្សារ​សិល្បៈ​ស្ទើរ​ហៅ​មិន​ឮ ។ បច្ចុប្បន្ន​លោក​មិន​មាន​ផលិត​ករ​ណាមួយ​ហៅ​រូប​លោក​ឲ្យ​ចូលរួម​សម្តែង​ទៀត​ឡើយ បន្ទាប់​ពី​លោក​បាន​ថត​បញ្ចប់​​ខ្សែភាពយន្ត​ចំនួន​ពីរ​ចុង​ក្រោយ​ឲ្យ​ផលិតកម្ម​ខ្មែរ​មេគង្គ និង​រឿង​ភាគ​ចាក់​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​PNN នោះ​មក ។ ផលិតករ​ហាក់​មើល​រំលង​រូប​លោក​ដែល​ធ្លាប់​មានបទពិសោធន៍​ជិត​៣០​ឆ្នាំ​មកនេះ បើ​ទោះបីជា​បច្ចុប្បន្ន​លោក​មាន​វ័យចាស់​ក៏​ពិត​មែន ប៉ុន្តែ​នៅ​តែ​មាន​បំណង​ចូលរួម​សម្តែង​ត្រឹម​ជា​តួ​ឪពុក​ក៏​បាន ។

បើ​តាម​លោក​ពៅ គី​សាន់ ឆ្លងកាត់​បទ​ពិសោធន៍​លោក​អាច​សម្តែង​បាន​គ្រប់​តួអង្គ​ទាំង​អស់​មិន​ថា​តួ​កាច ស្លូត កំប្លែង​នោះ​ទេ ប៉ុន្តែ​សម្រាប់​តួ​ដែល​ហក់លោត​ដូច​មុន​នោះ​គឺ​លោក​​ទទួលស្គាល់​ថា មិន​អាច​សម្តែង​បាន​ទៀត​ឡើយ ព្រោះ​វ័យ​កាន់តែ​ចាស់ ។ លោក​អាច​សម្តែង​ត្រឹម​ជា​តួ​ឪពុក ឬ​តួអង្គ​ណាមួយ​ដែល​សម​ស្រប​ទៅ​តាម​ការ​ដាក់​ឲ្យ​របស់​អ្នកដឹកនាំ​រឿង ព្រោះ​តួអង្គ នីមួយ​ៗ​គ្រាន់តែ​ជា​ធាតុ​ផ្សំ​នៃ​សាច់​រឿង​ប៉ុណ្ណោះ ។

លោក​ពៅ គី​សាន់ ឲ្យ​ដឹង​បន្ថែម​ថា ផលិតករ​មួយ​ចំនួន​ហាក់​មាន​បំណង​ផ្តាច់​ទីផ្សារ​សម្តែង​​សម្រាប់​តួ ចាស់​ៗ​ដូច​ជា​រូប​លោក​ជាដើម ក្នុង​ពេល​ដែល​តួអង្គ​ទាំងនោះ​ចូល​វ័យ​កាន់តែ​ចាស់ ។ ផលិតករ​ទាំងនោះ​បាន​ជំនួស​មក​វិញ​នូវ​តួ​ង​អង្គ ថ្មី​ៗ​ដែល​មិនសូវ​មាន​បទពិសោធន៍​ឲ្យ​មក​សម្តែង​ទៅ​វិញ ដែល​កត្តា​នេះ​លោក​យល់​ថា ជា​ការ​បាត់​តម្លៃ និង​គុណភាព​នៃ​ខ្សែភាពយន្ត​ខ្មែរ​យើង ។ ជា​ផ្នែក​មួយ​ផ្សេង​ទៀត​ផលិតករ​ខ្លះ​ហាក់​ប្រកាន់​បក្សពួក​និយម ដោយ​ឲ្យ​តែ​បក្សពួក​ខ្លួន​បាន​សម្តែង​ប៉ុណ្ណោះ បើ​ទោះបីជា​តួអង្គ​នោះ​សម្តែង​នៅ​មិន​ទាន់​ដល់​កម្រិត​ក៏​ដោយ ខណៈ​ពេល​ដែល​តួអង្គ​ខ្លះ​ក៏​យក​តម្លៃ​ថត​តិចតួច ជាង​តួ ចាស់​ៗ​ផង​នោះ ។

បញ្ហា​ទាំងនោះ​នាយ​ឆើត ចាត់​ទុក​ថា ជា​រឿង​ដែល​មិន​អាច​គេច​រួច​ឡើយ ព្រោះ​បច្ចុប្បន្ន​តួអង្គ ក្មេង​ៗ​ជា​ច្រើន​កំពុង​កើត​មាន​ដូច​ផ្សិត ហើយ​តួអង្គ​ទាំង​អស់នោះ​ក៏​បាន​ធ្វើ​ឲ្យ​ផលិតករ​ពេញចិត្ត​ពេញ​ថ្លើម​ផង​ដែរ ។

លោក​ពៅ គី​សាន់ បញ្ជាក់​ថា ដោយសារ​ក​ក្តា​ទាំង​អស់នេះ​ហើយ ទើប​លោក​យល់​ថា ឱកាស​សម្រាប់​សិល្បករ ចាស់​ៗ​ដូច​ជា​រូប​លោក​គឺ​កាន់តែ ខើច​ទៅ​ៗ ហើយ​ក្លាយជា​មនុស្ស​ឯកា​មួយ​ដែល​ត្រូវ​បាន​ផលិតករ​មើល​រំលង បើ​ទោះបីជា​នៅ​មាន​សមត្ថភាព​សម្តែង​នៅឡើយ​ក្តី ។

ឈរ​លើក​ក្តា​នេះ​ក្នុង​នាម​ជា​តារា​សម្តែង​ជើង​ចាស់​មួយ​រូប នាយ​ឆើត សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ និង​បណ្តា​ផលិតករ​នានា​សូម​គិតគូ​ឡើង​វិញ​ចំពោះ​តារា​ចាស់​ដែល​នៅ​មាន​សមត្ថភាព​សម្តែង​នៅឡើយ ។ តួអង្គ​ចាស់​ខ្លះ ជា​ពិសេស​រូប​លោក​ផ្ទាល់​គឺ​សង្ឃឹម​តែ​អាជីព​សិល្បៈ​នេះ​ប៉ុណ្ណោះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បើ​គ្មាន​ការ​សម្តែង​ទេ​នោះ ប្រាកដ​ជា​ជួប​បញ្ហា​ក្នុង​ជីវភាព​ដោយ​ចៀស​មិន​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ