ចុះ​ពិនិត្យ​កន្លែង​បោចរោម​ទា ដោយ​ប្រើ​ជ័រ​គ្មាន​ច្បាប់​ទទួលស្គាល់


ខេត្តកំពត ៖ ដោយ​មាន​ប្រភព​រាយការណ៍​ព័ត៌មាន​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឈូក ខេត្តកំពត ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​ថា អ្នក​ធ្វើ​អាជីវកម្ម​បោចរោម​ទា​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត បាន​ប្រើ​កាវ​ម្យ៉ាង ដើម្បី​បោច​សម្អាត​រោម​ទា​ដែល​មន្ទីរ​កសិកម្ម​ខេត្ត ក៏​ដូច​ជា​ខាង​មន្ត្រី​កាំកុងត្រូល​ពុំដែល​ឃើញ និង​ពុំដែល​ស្គាល់​ផង​ដែរ ហើយ​កាវ​ដែល​បងប្អូន​អ្នក​ស៊ី ឈ្នួល​បោចរោម​ទាយក​មក​ប្រើប្រាស់​នេះ​គឺ​គ្មាន​ស្លាក​សញ្ញា​យីហោ​ទីតាំង​កន្លែង​ផលិត និង កាលបរិច្ឆេទ​អ្វី​ច្បាស់លាស់​នោះ​ទេ​។ ដូច្នេះ​ដោយ​មានការ​សង្ស័យ នូវ​ផលិតផល​កាវ​បោចរោម​ទា​ខាងលើ ខ្លាច​មាន​សារធាតុ​គីមី​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ហូប​ចុក​សាច់​ទា​។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ មន្ត្រី​ពេទ្យសត្វ​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​កំពត កែប រួម​នឹង​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ឈូក ដឹកនាំ​ដោយ​លោក ម៉េ​ង សន្តិភាព ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង ភូមិ​ដែល​បងប្អូន​ធ្វើ​អាជីវកម្ម​បោចរោម​ទា​។

ពេល​នោះ​បានឃើញ​កាវ​ដែល បងប្អូន​យក​មក​ប្រើប្រាស់​ក្នុង​ការ​បោចរោម​ទា​មែន ហើយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ក៏​បាន​យក​គំរូ​កាវ​ដែល​បងប្អូន​ប្រើប្រាស់​នោះ​ទៅ​ធ្វើតេស្ត​នៅ​នាយកដ្ឋាន​កាំ កុងត្រូល​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ និង​ការពារ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​។ ប្រភព​ព័ត៌មាន​ពី​អ្នក​ប្រើ​កាវ​បាន​ឲ្យ​អ្នក​យក​ព​ត៌​មាន យើង​ដឹង​ថា ពី​ដំបូង​ឡើយ ពួក​គាត់​បោចរោម​ទា​ជា​ធម្មតា​ៗ ក្រោយមក​មុន​នឹង​បែក​រឿង​យក​ជ័រកាវ​ប្រភេទ​ខាងលើ​មក​ប្រើប្រាស់​នេះ គឺ​បាន​កើតឡើង​ពី​អ្នក​ដើរ​ទិញ​រោម​ទា​ដែល​បោច​ហើយ​ជា​ជនជាតិ​វៀតណាម (​រោម​ស្ងួត​១​គីឡូ ក្រាម​តម្លៃ​១​ម៉ឺន​រៀល​) អ្នកទិញ​រោម​ទា​នោះ​បាន​ប្រាប់​ពួក​គាត់​ថា បោចរោម​ទា​បែប​នេះ​មិន​ស្អាត​ហើយ​យឺត​ពេល​រកស៊ី​មិន​ទាន់​គេ​ទេ ធ្វើ​តាម​គាត់​ទៅ​គាត់​មាន ជ័រកាវ​ម្យ៉ាង​សម្រាប់​បោចរោម​ទា​បាន​ស្អាត ហើយ​រហ័ស​ទៀត​ផង រួច​ហើយ​អ្នកទិញ​រោម​ទា​ជា​ជនជាតិ​វៀតណាម​រូប​នោះ​បាន​យក​ជ​រ័​កាវ​នោះ​មក​បង្រៀន​ឲ្យ​ចេះ​ប្រើ​។

ក្រោយមក​ពួក​គាត់​ក៏​ចាប់ផ្តើម​ប្រើ​តាំងពី​ពេល​នោះ​មករ​ហូត​មក​ដល់​សព្វ​ថ្ងៃនេះ អស់​រយៈពេល​ជិត​មួយ​ឆ្នាំទៅ​ហើយ ចំណែក​អ្នកស៊ីឈ្នួល​បោចរោម​ទា​ដូច​គ្នា នៅ​ក្នុងភូមិ​នេះ​មានផ្ទះ​ខ្លះ​បោច​ជាង​មួយ​ឆ្នាំទៅ​ហើយ​។ បញ្ហា​ការ​ប្រើប្រាស់​ជ័រកាវ​បោចរោម​ទា​ខាងលើ ពួក​គាត់​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​សម្រាប់​អ្នក​ប្រើប្រាស់​សាច់​ទា​នោះ​ទេ ពួក​គាត់​តែ​ធ្វើ​យ៉ាងណា​បោច​បាន​ច្រើន និង​ចំណេញ​ពេលវេលា​តែ​ប៉ុណ្ណោះ​។ អ្នក​បោច​ទា​បាន​បន្ត​ទៀត​ថា កាលពី​មិន​ទាន់​ប្រើ​ជ័រកាវ​នេះ​គឺ​បោច​ទា​មិន​បាន​លឿន និង​ច្រើន​ទេ​។ លោក ម៉េ​ង សន្តិភាព បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ជុំវិញ​ការ​សង្ស័យ​ជ័រកាវ​ខាងលើ​ដែល​មន្ត្រី​កាំ កុងត្រូល​យក​ទៅ​ធ្វើតេស្ត​នៅ​នាយកដ្ឋាន​កាំកុងត្រូល​ដើម្បី​រកសារ​ធាតុគីមី ដែល​ច្បាប់​ហាមឃាត់​នោះ​នៅ​ពេល​ចេញ​ជា​លទ្ធផល​យ៉ាងណា​នោះ​យើង​នឹង ដាក់​ឲ្យ​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​សារ​ធារ​ណៈ​នៅ​លើក​ក្រោយ​បន្ត​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ