ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​មុខ​វិជ្ជា​កីឡា​នៅ​តាម​សាលា​រដ្ឋ​មិនសូវ​មាន​សកម្មភាព​ហ្វឹកហាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មុខ​វិជ្ជា​កីឡា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ឯកជន​នានា​មាន​សកម្មភាព​រស់​រវើក​ស្ទើរ​គ្រប់​កម្រិតសិក្សា ដោយ​មុខ​វិជ្ជា​មួយ​នេះ​បាន​ដើរតួ​នាទី​អប់រំ​សិស្សឱ្យ​ចេះ​ស្រឡាញ់​សុខភាព តាម​រយៈ​ការ​លេងកីឡា​គ្រប់​ប្រភេទ​ដូច​ជា​លំ​ហាត់ប្រាណ​ជាដើមដែល​មិន​ខុស​ពី​ការ​បណ្ដុះ​គំនិត​ពួក​គេ​ឱ្យ​រួមគ្នា​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ទេ ។ ទោះបី​យ៉ាងណា គេ​កត់សម្គាល់​ឃើញ​ថា មុខវិជ្ជា​កីឡា​នៅ​តាម​សាលា​រដ្ឋ​ហាក់​មិនសូវ​មានសកម្មភាព​ផុសផុល​នៅឡើយ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មុខ​វិជ្ជា​កីឡា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ឯកជន​នានា​មាន​សកម្មភាព​រស់​រវើក​ស្ទើរ​គ្រប់​កម្រិតសិក្សា ដោយ​មុខ​វិជ្ជា​មួយ​នេះ​បាន​ដើរតួ​នាទី​អប់រំ​សិស្សឱ្យ​ចេះ​ស្រឡាញ់​សុខភាព តាម​រយៈ​ការ​លេងកីឡា​គ្រប់​ប្រភេទ​ដូច​ជា​លំ​ហាត់ប្រាណ​ជាដើមដែល​មិន​ខុស​ពី​ការ​បណ្ដុះ​គំនិត​ពួក​គេ​ឱ្យ​រួមគ្នា​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ទេ ។ ទោះបី​យ៉ាងណា គេ​កត់សម្គាល់​ឃើញ​ថា មុខវិជ្ជា​កីឡា​នៅ​តាម​សាលា​រដ្ឋ​ហាក់​មិនសូវ​មានសកម្មភាព​ផុសផុល​នៅឡើយ បើ​ទោះជា​មានការ​បង្កើន​ចំនួន​គ្រូ​កីឡា​ក្ដី​។

យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពាក់ព័ន្ធ នឹង​ការងារ​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា នៅ​តាម​សាលា​រដ្ឋ​ទូ​ទាំង​កម្ពុជា មុខ​វិជ្ជា​កីឡា​ត្រូវបាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ឱ្យ​មាន​សកម្មភាព​កាន់តែ​ខ្លាំង ដោយ​ម៉ោង​កីឡា​ត្រូវ​បាន​គេ​ដាក់ឱ្យ​សិស្ស​ហ្វឹកហាត់​នៅ​ចន្លោះ​ម៉ោង​សិក្សា​មុខវិជ្ជា​ផ្សេង​ទៀត​ផង ដើម្បី​ឱ្យ​សិស្ស​ដែល​ខ្ជិលឬ​ចង់​គេចវេះ​ម៉ោង​កីឡា បាន​ចូល​ហ្វឹកហាត់លើ​ជំនាញ​មួយ​នេះ​ឱ្យ​បាន​សស្រាក់សស្រាំច្រើន​នាក់ ។ ទោះបី​យ៉ាងណា កន្លង​មក គ្រូ​មុខ​វិជ្ជា​កីឡា​មួយ​ចំនួន​ជា​ពិសេស​នៅ​រាជធានីភ្នំពេញ ដោយសារ​បញ្ហា​ជីវភាព​ពួក​គាត់​បានបង្ខំចិត្ត​ទទួល​លុយ​សំណូក​ពី​សិស្ស​ដែល​មិន​ចង់​ហ្វឹកហាត់​នៅ​ក្នុង​ម៉ោង​កីឡា​របស់​ខ្លួន​ជាថ្នូរ​នឹង​ការ​ផ្ដល់​ពិន្ទុ​ជា​ប្រចាំខែ​ឬ​ប្រចាំឆ្នាំ​ដែល​នាំឱ្យ​មើល​ឃើញ​បញ្ហា​ពុក​រលួយ​កើតឡើង​ផង​ដែរ ។

គាប់​ជួន​ជា​នៅ​តាម​សាលា​ភាគច្រើន​មិន​មាន​សម្ភារ​ហ្វឹកហាត់​គ្រប់គ្រាន់​ក្រៅពី​ឱ្យ​សិស្ស​ហាត់​រត់ ហាត់​លោត និង​ឈរ​ជា​ជួរ​ធ្វើ​កាយវិការ​ហាត់ប្រាណ​ផង ទើប​ធ្វើ​ឱ្យ​សិស្ស​មួយ​ចំនួន​មិនសូវ​ស្វាហាប់​លើ​មុខ​វិជ្ជា​នេះ​ដែល​នាំ​ឱ្យមុខ​វិជ្ជា​កីឡា​នៅ​តាម​សាលា​រដ្ឋ​មិនសូវ​មានសកម្មភាព​ផុសផុល​ឬ​អាច​និយាយ​បាន​ថា​មិន​អាច​បណ្ដុះ​បាន​ធនធាន​កីឡាករ​ល្អ​នៅ​ក្នុង​វិស័យកីឡា ។ គ្រូ​កីឡា​ភាគច្រើន​នៅ​តាម​សាលា​រដ្ឋ​បាន​បង្ហាញ​ពី​ភាព​ស្មុគ​ស្មាញ​​ក្នុង​ការ​ព​ន្លឿ​ន​វិស័យ​មួយ​នេះ​ឱ្យ​រីក​ចម្រើន​ដោយ​ពួក​គាត់​ត្អូញត្អែរ​ថា​ក្នុង​ចំណោម​សិស្ស​ក្នុង​ថ្នាក់​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់ អ្នក​មក​បង្ហាញខ្លួន​ក្នុង​ម៉ោង​កីឡា​មាន​តែ​១០​នាក់ ឬ​២០​នាក់​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​គ្រូ​កីឡា​ភាគច្រើន​សឹង​នឹង​បាក់ទឹកចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​។

គ្រូ​មុខ​វិជ្ជា​កីឡា​មួយ​រូប​ដែល​អះអាង​ថា​បង្ហាត់កីឡា​នៅ​ក្នុង​វិទ្យាល័យ​មួយ​កណ្ដាល​ក្រុង​តា​ខ្មៅ បាន​ថ្លែង​បញ្ជាក់​ថា សម្រាប់​ម៉ោង​កីឡាសិស្ស​មួយ​ចំនួន​សុខចិត្ត​បង់លុយ​ក្នុង​ម្នាក់​​២ពាន់​រៀល​ឱ្យ​លោក​ជា​ថ្នូរ​កុំឱ្យ​លោក​ដាក់​អ​វត្តមាន និង​ដើម្បី​កុំឱ្យ​លោក​លុប​សិទ្ធិ​មិន​​ឱ្យ​ប្រឡងឆមាស ឬ​មិន​ឱ្យ​ពិន្ទុ​ជាប់​ដោយសារ​តែ​ពួក​គេទាំងនោះ​មិន​ចង់​ហាត់ ។

លោក​ថា គ្រូ​មិន​ចង់បាន​លុយ​ពី​សិស្ស​នោះ​ទេ ប៉ុន្តែ​បើ​សិស្ស​មិន​មក ហើយ​សិស្ស​ទាំង​នោះ​មិន​ទាំង​ខ្វល់​ពី​រឿង​អវត្តមាន​ផង តើ​ឱ្យ​គ្រូ​ទៅ​អូ​សក​សិស្ស​មក​ហាត់​យ៉ាងម៉េច​កើត។ ក្នុង​នោះ​សូ​ម្បី​តែ​ពេល​ប្រឡងប្រចាំខែ និង​ប្រចាំឆមាស ក៏​មិនសូវ​មាន​សិស្ស​បង្ហាញខ្លួន​ដែរ ដោយសារ​តែ​សិស្ស​ស្នើ​សុំ​បង់លុយ​ហើយ​សុំ​កុំ​ប្រឡង ឬ​គ្រាន់តែ​ប្រឡង​លេង​ៗដើម្បី​បង្គ្រប់កិច្ច កុំឱ្យ​ថា​គ្រូ​ជប់​ពិន្ទុ ។ លោក​ទទួលស្គាល់​ថា សម្រាប់​គ្រូ​កីឡា​គឺ​រក​លុយ​បាន​ពី​ការ​ស៊ូ​ក​ប៉ាន់​របស់​សិស្ស តែ​លោក​មិន​ចង់​ឃើញ​សិស្ស​បន្ត​ធ្វើ​ទម្លាប់​បែប​នេះនោះ​ទេ ដោយសារ​តែ​លោក​ជា​គ្រូ​មាន​បំណង​ចង់​បង្ហាត់បង្ហាញ និងចង់​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​ធ្លាប់​សិក្សា​យក​មក​បណ្ដុះបណ្ដាល​សិស្ស​ច្រើន​ជាង ។ គ្រូ​កីឡា​ដដែល​បន្ត​ថា នៅ​ក្នុង​សាលា​របស់​ខ្លួន​លោកនាយក​បាន​ទាំង​ដាក់​កំហិត​ឱ្យ​សិស្ស​មិន​មក​ម៉ោង​កីឡា ឈរ​នៅ​ដងទង់​ជាតិ និង​លាង​បង្គន់​ទៀត​ផង ប៉ុន្តែ​សិស្ស​ទាំងនោះ​នៅ​តែ​មក​ស៊ី​ញ៉េ​អវត្តមាន ហើយ​ស្រុះគ្នា​មិន​ព្រម​ចង់​ហាត់ ដោយ​ស្នើ​សុំ​ជូន​លុយ​គ្រូ​ក្នុង​ម្នាក់​១​ពាន់​រៀល ឬ​២​ពាន់​រៀល​វិញ​។

គ្រូ​មុខ​វិជ្ជា​កីឡា​ភាគច្រើន​បង្រៀន​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មុខ​វិជ្ជា​កីឡាបាន​ក្លាយជា​មុខ​វិជ្ជា​អាច​រក​ចំណូល​បាន​យ៉ាងងាយ​ដោយ​គ្មាន​ការ​តវ៉ា​ពី​សិស្ស ដោយសារ​តែ​ហេតុផល​សិស្ស​ជា​យុវវ័យ​ទាំង​នោះ​មិន​ចូល​ចិត្ត​ហាត់​កីឡា​ក្នុង​ម៉ោង​សិក្សា ។ នៅ​ភ្នំពេញ​សិស្ស​មួយ​ចំនួន​ហ៊ាន​បង់​លុយ​ក្នុង​ការ​បាត់​មុខ​មួយ​លើក​ពី​២​ពាន់​ទៅ​ម៉ឺន​រៀល​ក៏​មាន​ជា​ថ្នូរ​កុំឱ្យ​គ្រូ​ដាក់​អវត្តមាន​ពី​ការ​មិន​មក​ហ្វឹកហាត់​ជាប់លាប់ ។

អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​គ្រូ​មុខ​វិជ្ជា​កីឡា​មួយចំនួន​អាច​រក​ចំណូល​បាន​ច្រើន ជា​ពិសេស​​គ្រូ​ដែលបង្ហាត់​ច្រើន​ថ្នាក់ និង​ច្រើន​ម៉ោង ។ ប៉ុន្តែ​បច្ចុប្បន្ននៅ​តាម​សាលា​រដ្ឋ​ភាគច្រើន ក៏​បាន​ពង្រឹង​លើមុខ​វិជ្ជា​នេះ ដែល​តម្រូវ​ឱ្យ​សិស្ស​មក​ហាត់​ជាប់លាប់​ជា​ពិសេស​គឺ​ដាក់​កំហិត​ដល់​សិស្ស​ដែល​គេច​ម៉ោង​កីឡា​លើស​ពី​៣​ដង នឹង​ដកសិទ្ធិ​មិន​ឱ្យ​ប្រឡង​ប្រចាំខែ ឬ​ប្រចាំឆមាស​ជាដើម ។ គ្រូ​កីឡា​មួយ​ចំនួន ក៏​បាន​បញ្ចេញ​គោល​ការណ៍​​មិន​យក​លុយ​សិស្ស​ជា​ថ្នូរ​នឹង​ការ​បាត់​មុខ​ផង​ដែរ ទើប​នៅ​ក្នុង​សាលា​ខ្លះ​ក៏​មាន​សកម្មភាព​ហ្វឹកហាត់​កីឡា​បាន​ល្អ​ដែរ ។ យ៉ាងណា​ក៏​ដោយ លោកគ្រូ​អ្នកគ្រូ​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា វិស័យ​កីឡា​នៅតាម​សាលា​រដ្ឋ​មិនសូវ​មានការ​រីក​ចម្រើន​នោះ​ទេ ។

ជាក់ស្ដែង កីឡាបាល់ទះ បាល់បោះ និង​បាល់ទាត់​ជាដើម​ដែល​បាន​កើតឡើង​នៅ​តាម​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​ដោយសារ​តែ​ថ្នាក់ដឹកនាំ​ជ្រើសរើស​តាម​ថ្នាក់ ហើយ​បង្កើត​ជា​ក្រុម​ដើម្បី​បាន​ចូល​ប្រកួត​ជាមួយ​សាលា​ផ្សេង​ប៉ុណ្ណោះ ដោយ​មិនមែន​ជា​ការងារ​របស់​គ្រូ​កីឡា​នោះ​ទេ ។

ប៉ុន្តែ​ក្នុង​នាម​ជា​គ្រូ​កីឡា​គឺ​ត្រូវ​សម្របសម្រួល​លើ​គម្រោង​ទាំងនោះ និង​ត្រូវ​បង្វឹក​សិស្ស​ឱ្យ​ត្រូវ​ជំនាញ​សម្រាប់​គ្រូ​កីឡា​ណា​ម្នាក់ ។ គ្រូ​កីឡា​ដដែល​និយាយ​ថា សម្រាប់​កីឡា​បោះ​​ប៊ូល ដែល​បាន​កើតឡើង​នៅ​ក្នុង​សាលា​រដ្ឋ ក៏​មិនមែន​ជា​ការ​ចាត់ចែង​របស់​គ្រូ​កីឡា​នោះ​ដែរ ប៉ុន្តែ​ជា​ការ​សាមគ្គី​របស់​គ្រូ​ៗ​នៅ​ក្នុង​សាលា​ដែល​មាន​ចំណូលចិត្ត​ប៉ុណ្ណោះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា វិស័យ​កីឡា​នៅ​តាម​សាលា​រដ្ឋ គឺជា​ការ​ទទួលខុសត្រូវ​របស់​គ្រឹះស្ថាន​ទាំងនោះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​កត់​សម្គាល់ថា សាលា​មួយ​ចំនួន ក៏​បាន​បំផុស​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ដូច​ជា​បាន​បង្កើត​ក្រុមបាល់ទាត់ ក្រុម​បាល់ទះ និង​បាន​ទាំង​ផ្ដល់​ទីតាំង​ឱ្យ​កីឡា​មួយ​ចំនួន​ដូច​ជា​ល្បុក្កតោ យុទ្ធ​គុន​ខម និង​តេ​ក្វា​ន់​ដូ​ជាដើម ដើម្បី​ឱ្យ​សិស្ស​បាន​ហាត់រៀន​គ្រាន់​បណ្ដុះ​គំនិត​ស្នេហា​វិស័យ​កីឡា និង​ដើម្បី​ឱ្យ​ពួក​គេ​ចេះ​ស្រឡាញ់​សុខ​ភាព​ផង​ដែរ​។

នៅ​ក្នុង​សេចក្តីណែនាំ​ស្តី​ពី​«​ការ​អនុវត្ត​ម៉ោង​សិក្សា​មុខ​វិជ្ជា​អប់រំ​កាយ និង​កីឡា ក្នុង​ម៉ោង និង​ក្រៅ​ម៉ោង​នៅ​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​»​ដែល​មានការ​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គឺ​បាន​កំណត់​ចំណុច​​សំខាន់​ចំនួន​៤​ដើម្បី​ឲ្យ​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា ត្រូវ​អនុវត្ត ។ ទី​១-​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​កម្មវិធី​សិក្សា​មុខ​វិជ្ជា​អប់រំ​កាយ និង​កីឡា២​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ស្រប​តាម​កម្មវិធី​កំណត់​ថ្នាក់​ជាតិ ។ ទី​២-​គ្រឹះ​ស្ថាន​បឋម​សិក្សា​និង​មធ្យមសិក្សា​ត្រូវ​បំផុស​និង​រៀបចំ​បង្កើត​សមាគម​កីឡា​ឲ្យ​បាន​គ្រប់​សាលា​ដើម្បី​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​បន្ថែម ។ ទី​៣-​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជ​ធានី​-​ខេត្ត ត្រូវ​ពង្រឹង​សមាគម​កីឡា​សិស្ស និង​ធ្វើ​ឲ្យ​ដំណើរការ​សកម្មភាព​ហាត់​កីឡា​ក្រៅ​ម៉ោង​សិក្សា​គ្រប់​ស្រុក ក្រុង ខណ្ឌ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទី​៤-​គណៈ​គ្រប់គ្រង​សាលា និង​ក្រុមបច្ចេកទេស​ត្រូវ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ជា​ប្រចាំ​លើ​គ្រប់​សកម្ម​ភាព​រៀននិង​បង្រៀន​របស់​គ្រូ​ទទួល​បន្ទុក​ថ្នាក់ និង​គ្រូ​អប់រំ​កាយ​នៅ​ក្នុង​សាលា​របស់​ខ្លួន។

តាម​ខ្លឹមសារ​ក្នុង​សេចក្តីណែនាំ​នេះ ក្រសួង អប់រំ យុវជន និង​កីឡា ហាក់​មានការ​បើក
ទូលាយ​ឲ្យ​សាលារៀន​នីមួយ​ៗ​បង្កើត​ជា​កម្មវិធី​ហ្វឹកហាត់​ទៅ​លើ​ប្រភេទ​កីឡា​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ជា​ពិសេស​គឺ​បាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាអត្តពលកម្ម ដែល​មាននៅ​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​រាជធានី​ខេត្តជើងឯក​ភូមិភាគ និង​ការ​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស​។

ទោះបីជា​យ៉ាងណា នាយករង​វិទ្យាល័យ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖«​ការ​ដាក់​ឲ្យ​មានកម្ម​វិធី​អប់រំ​កាយ និង​កីឡា នៅ​ក្នុង​ម៉ោង និង​ក្រៅ​ម៉ោង​សិក្សា​នៅ​តាម​សាលា​រដ្ឋ គឺជា​គំនិត​ដ៏​ល្អ​មួយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​អនុវត្ត​ជាក់ស្តែង​វា​មិនមែន​ងាយស្រួល​នោះ​ទេ ព្រោះ​សិស្សានុសិស្ស​ភាគច្រើន​គេ​បាន​យក​ពេលទំនេរ​ទៅ​រៀន​គួរ​ក្រៅ​ម៉ោង ហើយ​នៅ​តាម​សាលា​ភាគច្រើន​ក៏​គ្មាន​ទីលាន សម្ភារ​ហាត់ និង​គ្រូ​ជំនាញ​មក​បង្ហាត់​នោះ​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ