ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាជីវកម្ម​ខ្មែរ​-​ចិន បោះទុន​១,២​ពាន់​លាន​ដុល្លារ​ពង្រីក​រោងចក្រ​ថាមពល​អគ្គិសនី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាជីវកម្ម ខ្មែ​-​ចិន (CIIDG) បាន​សម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​១.២០០​លាន​ដុល្លារ ដើម្បី​ពង្រីក​ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​អាច​ផ្តល់​ថាមពល​៧០០​មេ​ហ្គា​វ៉ា​ត់ ។…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាជីវកម្ម ខ្មែ​-​ចិន (CIIDG) បាន​សម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​១.២០០​លាន​ដុល្លារ ដើម្បី​ពង្រីក​ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​អាច​ផ្តល់​ថាមពល​៧០០​មេ​ហ្គា​វ៉ា​ត់ ។

អគ្គនាយក​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក វិច​ទ័​រ សូ​ណា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ម្សិលមិញ​ថា នេះ​ជា​ការ​ពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​CIIDG​លើ​ការ​ពង្រីក​ថាមពល​អគ្គិសនី​ថ្មី ដែល​ផលិត​ចេញពី​ធ្យូងថ្ម​ស្អាត ស្ថិត​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ពង្រីក​ការ​ផលិត​ទំហំ​២​យូ​នី​ត​ទៀត ដែល​១​យូ​នី​ត​អាច​ផលិត​បាន​ថាមពល​៣៥០​មេ​ហ្គា​វ៉ា​ត់ ហើយ​យូ​នី​តទី​១​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៣ និង​យូ​នី​តទី​២ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៤ ។

លោក​បន្ត​ថា ៖« ថាមពល​អគ្គិសនី​ថ្មី​នេះ នឹង​ត​ភ្ជាប់​ចូល​បណ្តាញ​ជាតិ ដែល​បច្ចុប្បន្ន បណ្តាញ​អគ្គិសនី​ជាតិ​បាន​គ្របដណ្តប់​១៩​រាជធានី​-​ខេត្ត​រួច​ហើយ ។ ហេតុនេះ ថាមពល​អគ្គិសនី​ចេញពី​រោងចក្រ​ថ្មី​នេះ នឹង​អាច​ពង្រីក​ការ​គ្របដណ្តប់​បន្ថែម ហើយ​គម្រោង​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​សម្រេច​គោលដៅ​នៃ​ការ​ផ្ដល់​ថាមពល​អគ្គិសនី​ជូន​ដល់​ប្រជាពលរដ្ឋ » ។

លោក​បន្ថែម​ថា ៖« ដោយសារ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ចំនួន​ប្រជាជន​កើនឡើង ឧស្សាហកម្ម​កើនឡើង បាន​ធ្វើ​ឲ្យ​តម្រូវការ​ថាមពល​អគ្គិសនី​កើនឡើង​១៥% ឬ​ប្រមាណ​២៥០​មេ​ហ្គា​វ៉ា​ត់​ជា​រៀង​រាល់​ឆ្នាំ » ។
លោក វិក​ទ័​រ សូ​ណា បាន​បន្ត​ថា ៖«​បណ្តាញ​ថាមពល​របស់​យើង​ពិតជា​កំពុង​ពង្រីក​យ៉ាង​សកម្ម ហើយ​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​រ៉ែ និង​ថាមពល បាន​ពង្រីក​ការ​ចែកចាយ​បណ្តាញ​អគ្គិសនី​លឿន​លើស​ល្បឿន​កំណត់ » ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ការ​ពង្រីក​បណ្តាញ​ចែកចាយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា តាម​រយៈ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ពិតជា​បាន​គ្របដណ្តប់​លឿន និង​ឆ្លើយ​តប​នឹង​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន ដោយសារ​ការ​ពង្រីក​ការ​វិនិយោគ​ពី​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ទោះជា​យ៉ាងណា​ថាមពល​អគ្គិសនី​នៅ​កម្ពុជា មិន​ទាន់​មានគុណ​ភាពល្អ​ប្រសើរ​នៅឡើយ
ទេ ។

លោក​បញ្ជាក់​ថា ៖« គុណភាព​ថាមពល​អគ្គិសនី សំដៅ​ដល់​អគ្គិសនី​ដែល​មិន​ដាច់ មាន​តង់ស្យុង​មិន​ឡើង​ចុះ និង​ជា​ថាមពល​ដែល​រត់​ថេរ​គ្រប់​តាម​ស្តង់ដា​កំណត់ » ។

យោង​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​២.២៨៣​មេ​ហ្គា​វ៉ា​ត់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​២.១១៥​មេ​ហ្គា​វ៉ា​ត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ