ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិមានការព្រួយបារម្ភ បន្ទាប់ពីជាង70នាក់ពុលសាជាថ្មីទៀតនៅក្រចេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ថានភាព​ពុល​ដូច​ជាពុល​ទឹក​ព្រែក ពុល​ស្រា​.​ស ពុល​នំអន្សម​អាំង ពុល នំប៉័ង និង​នំចំណី​ផ្សេង​ៗ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រុសស្រី​ក្មេង​ចាស់​ស្លាប់​អស់​ជា​ច្រើន​នាក់ បើ​គិត​ចាប់ពី​ដើមខែ​ឧសភា​មក…

ខេត្តក្រចេះ ៖ ស្ថានភាព​ពុល​ដូច​ជាពុល​ទឹក​ព្រែក ពុល​ស្រា​.​ស ពុល​នំអន្សម​អាំង ពុល នំប៉័ង និង​នំចំណី​ផ្សេង​ៗ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រុសស្រី​ក្មេង​ចាស់​ស្លាប់​អស់​ជា​ច្រើន​នាក់ បើ​គិត​ចាប់ពី​ដើមខែ​ឧសភា​មក ។ រហូត​មក​ទល់​នឹង​ចុងខែ​ឧសភា​នេះ ក៏​ស្ថានភាព​ពុល​ដ៏​អាក្រក់​នេះ​ នៅ​មិន​ទាន់​ថមថយ​នៅឡើយ​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ ខណៈ​ស្ថានភាព​ពុល​ដែល​បណ្តាល​មក​ពី​សារ ធាតុ ពុល​ផ្សេង​ៗ​ពី​គ្នា នៅ​តែ​បន្ត​ការ​យាយី​រំខាន​ដល់​អាយុជីវិត​របស់​ពួក​គាត់​ជា​បន្តបន្ទាប់ ។

បាតុភាព​ពុល​សា​ជា​ថ្មី​មួយទៀត បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥  ឧសភា ដែល​ការ​ពុលចុង​ក្រោយ​នេះ​បណ្តាលឱ្យ​ពលរដ្ឋ​នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​ចំនួន​៧៥​នាក់ ភាគច្រើន​ជា​កុមារ​រង​អាការ​ពុល​ដូច​ជា ឈឺ ពោះ ក្អួតចង្អោរ រាករូស និង​អស់កម្លាំង​ជាដើម ។ ករណី​ពុល​ដែល​កើត​ឡើងជា​លើក​ចុង​ក្រោយ​នេះ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​ចេញ​សេចក្តី​សន្និដ្ឋាន​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ក្រោយ​ការ​ពុល​មួយ​ថ្ងៃ​ថា គឺ​ផ្តើម​ចេញពី​ការ​បរិភោគ​នំប៉័ង ។ ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា នំប៉័ង​ដែល​ពលរដ្ឋ​ក្មេង​ចាស់​ទទួលទាន​បណ្តាល​ឱ្យ​កើត​មាន​អាការ​ពុល គឺ​បាន​មក​ពី​ការ​ចែក​ជូន​របស់​ក្រុមការងារ​ដល់​ឪពុក​ម្តាយ​ជា​អ្នក​ភូមិ ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់ ស្តី​ពី​ការ​ជំរុញ​ទីផ្សារ​ខ្នាត​តូច​ផលិតផល​ដំឡូង​មី ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ រៀបចំ​ដោយ​មន្ទីរ​ពាណិជ្ជកម្ម ។

ជាមួយនឹង​ករណី​ពុល​ដែល​បាន​កើត​មាន​សា​ជា​ថ្មី ហើយ​អាជ្ញាធរ​ថា​ជា​ការ​ពុល​នំប៉័ង​នេះ ត្រូវ​បាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ឈ្នាង សុ​វត្ថា អះអាង​ថា ការ​ពុល​នេះ​មិន​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ​ទេ ។ ទោះជា​យ៉ាងណា ពលរដ្ឋ​ដែល​ពុល​បាន​ធូរស្រាល​វិញ ហើយ ក្រោយ​ពី​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​ដូច​ជា​មណ្ឌល​សុខភាព ។ទោះបីជា​បែប​ណា ករណី​ពុល​គឺ​នៅ​តែ​កើត​មាន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ និង​ត្រូវ​បាន​គេ​មើលឃើញ​ថា​កើតឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ពេញ​មួយ​ខែឧសភា​នេះ ដោយ​កើត​មាន​ឡើង​នៅ​តំបន់​ផ្សេង​គ្នា​ក្នុង​ខេត្តក្រចេះ រហូត​ស្លាប់​មនុស្ស​អស់​១៤​នាក់ ។

កាលពីដើម​ខែឧសភា​នេះ មាន​មនុស្ស​ប្រុសស្រី​យ៉ាងតិច​១៣​នាក់ សុទ្ធ​សឹង​ជា​បងប្អូន​ជនជាតិ​ភាគតិច​ព្នង រស់នៅ​ក្នុងភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី មា​នទី​តាំងនៅ​ប្រប​នឹង​ដងព្រែក​ទេរ បាន​កើត​អាការ​ពុល​រហូត​ដល់​ស្លាប់​ជា​បន្តបន្ទាប់ និង​ជា​២០០​នាក់​ទៀត​ក៏​រង​នឹង​ការ​ពុល​នេះ​ដែរ ។ ស្ថានភាព​ពុល​ពេល​នោះ​ត្រូវ​បាន​អាជ្ញាធរ​កំណត់​ថា ផ្តើម​ចេញពី​ការ​ពុល​ទឹក​ព្រែក​ទេរ និង​ពុល​ស្រា​.​ស ។ ស្រប​ពេល​ដែល​ស្ថានភាព​ពុល​ទឹក​ព្រែក និង​ស្រា​.​ស​មិន​ទាន់​បាន​ធូរស្រាល​ផង នៅ​ឯ​ស្រុក​ឆ្លូង​ឯណោះ ក៏​មាន​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​ជាង​៤០​នាក់ រស់នៅ​ក្នុងភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ក៏​ជួបនឹង​ការ​ពុល​ដែរ ដោយ​មាន​អាការ​ឈឺក្បាល វិលមុខ និង​ក្អួតចង្អោរ ។ ការ​ពុល​នោះ​ត្រូវ​បាន​អាជ្ញាធរ​កំណត់​ថា ផ្តើម​ចេញពី​នំអន្សម​ដែល​អាំង​លក់​ក្នុងភូមិ ហើយ​អ្នក​ភូមិ​បាន​ទិញ​មក​ទទួលទាន ។ យ៉ាងណា​ក៏​ដោយ ការ​ពុល​នោះ​មិន​បាន​បណ្តាល​ឱ្យ​អ្នក​ភូមិ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ដោយ​គ្រាន់តែ​មាន​២០​នាក់​រង​គ្រោះ​ធ្ងន់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេល ។

ក្រោយ​ពី​ការ​ពុល​ដែល​កើតឡើង​ជាប់​ៗ​គ្នានៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ឆ្លូង បាន​ធូរស្រាល​បន្តិច មក​ដល់​ពាក់កណ្តាល​ខែឧសភា​ដដែល ការ​ពុល​ក៏​កើត​មាន​សា​ជា​ថ្មី​មួយ​ករណី​ទៀត​ទៅ​លើ​ក្មេង​ប្រុស​ស្រី​២​នាក់ នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ​វិញ​ម្តង ។ ការ​ពុល​លើក​នេះ ត្រូវ​បាន​អាជ្ញាធរ​កំណត់​ថា​បណ្តាល​មក​ពី​នំ​កញ្ចប់ និង​បណ្តាល​ឱ្យ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់ និង​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​រង​គ្រោះ ។ លុះ​រំលង​បាន​១០​ថ្ងៃ​ក្រោយមក ក៏​ផ្ទុះ​បា​តុភាព​ពុល​មួយទៀត ដែល​ផ្តើម​ចេញពី​ការ​ពុល​ពី​នំប៉័ង ។ ការ​ពុល​ជា​លើក​ចុង​ក្រោយ​នៅ​ចុងខែឧសភា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ឃុំ​ចង្ក្រង់​ស្រុកចិត្រ​បុរី ចំនួន​ជាង​៧០​នាក់​ភាគច្រើន​ជា​កុមារ ត្រូវ​បាន​អាជ្ញាធរ​ច​បញ្ជូន​ទៅ​សង្គ្រោះ ។ ក្រុម​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សន្និដ្ឋាន​ថា ការ​ពុល​នេះ​ផ្តើម​ចេញពី​នំប៉័ង​ដែល​មាន​សារធាតុពុល តែ​ការ​ពុល​នេះ​មិន​បាន​សម្លាប់​ជីវិត​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ