រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមកនេះ លោកឧត្តម ថៃភៀង ប្រធានគ្រប់គ្រងប្រតិបត្តិប្រចាំហាង New Collection Group និងអ្នកនាងឃួន ដាវី ប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំក្រុមហ៊ុន Ming Wuoy Group បានរួមគ្នាបរិច្ចាគធនធានមួយចំនួនដល់គណៈកម្មាធិការប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ។
អ្នកនាងដាវី បានរៀបរាប់ថា «ឆ្នាំនេះគឺជាឆ្នាំទីពីរដែលខាងក្រុមហ៊ុនរបស់យើងខ្ញុំបានសហការជាមួយគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍ (HACC) ក្នុងសកម្មភាពប្រកបដោយអត្ថន័យនេះ ។ ម្ចាស់ស្លាកសញ្ញា Pedro របស់យើងនៅឯប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Pedro Shoes បានបោះជំហានមុនគេក្នុងការចូលរួមដល់សកម្មភាពជួយគាំទ្រចំពោះអ្នកផ្ទុកមេរោគអេដស៍ ។
ចំណែកឯក្នុងប្រទេសកម្ពុជា ខាងក្រុមហ៊ុនយើងខ្ញុំក៏បានធ្វើបែបនេះដូចគ្នាតាមរយៈការបរិច្ចាគប្រាក់ចំណេញមួយភាគរយបានមកពីការលក់ផលិតផលជាក់លាក់មួយចំនួនស្របតាមគោលការណ៍ដែលបានកំណត់ ដែលអតិថិជនរបស់យើងបានជាវក្នុងខែធ្នូ ទៅឱ្យគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍ដូចដែលអ្វីដែលយើងខ្ញុំកំពុងធ្វើនៅថ្ងៃនេះ ។ នាឆ្នាំដំបូងនៃការចូលរួមរបស់យើងខ្ញុំ (ឆ្នាំ២០១១) មានតែហាង Pedro ប៉ុណ្ណោះបានចូលរួម ប៉ុន្តែសម្រាប់ឆ្នាំ២០១២ គឺមានការចូលរួមពីហាង New Collection បន្ថែមទៀតក្នុងគោលបំណងបរិច្ចាគប្រាក់ចំណេញពីការលក់របស់ខ្លួន» ។
លោកថៃភៀង ក៏បានបញ្ជាក់បន្ថែមថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់របស់ហាង Pedro និងហាង New Collection ផងដែរ ។ ទនឹ្ទមនឹងបំណងចង់ជាវនូវផលិតផលស្បែកជើង និងសម្លៀកបំពាក់មានគុណភាពខ្ពស់ និងទាន់សម័យ អតិថិជនរបស់ហាងទាំងពីរក៏បានទទួលស្គាល់ពីសារសំខាន់នៃការចូលរួមក្នុងសកម្មភាពប្រកបដោយអត្ថន័យនេះថែមទៀតផង ។ ក្នុងករណីមួយចំនួន អតិថិជនរបស់យើងខ្ញុំក៏បានចំណាយប្រាក់ជាច្រើនដើម្បីជាវផលិតផលជាក់លាក់ណាមួយឱ្យស្របតាមគោលការណ៍ដែលបានកំណត់ ។
ហេតុដូច្នេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងនោះ ជំនួសមុខឱ្យជនរងគ្រោះដោយសារជំងឺអេដស៍ទាំងអស់ ។ ក្រុមហ៊ុន Ming Wuoy Group បានយកចិត្តទុកដាក់ជាប្រចាំលើរាល់បញ្ហាសង្គម ហើយតែងតែព្យាយាមចូលរួមដោយផ្ទាល់ជាមួយនឹងសហគមន៍តាមរយៈការតបស្នង និងចូលរួមជួយក្នុងសកម្មភាពប្រកបដោយអត្ថន័យនេះគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន» ៕
ចែករំលែកព័តមាននេះ