ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​យក្ស​ឡោម​ពាក់ព័ន្ធ​ប្រវត្តិ​ស្នេហា​បុត្រី​យក្ស

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បឹង​យក្ស​ឡោម​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ជាទី​ពេញ​និយម ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​នៃ​ខេត្តរតនគិរី ។ បឹង​នេះ​មាន​អង្កត់ផ្ចិត​ប្រមាណ​៨០០​ម៉ែត្រ និង​ជម្រៅ​៤៨​ម៉ែត្រ ទៅ​៨០​ម៉ែត្រ វា​កើតឡើង​ដោយ​ប​ន្ទុះ​ភ្នំភ្លើង​ចាស់​ជា​ច្រើន​សតវត្ស​មក​ហើយ ។…

ខេត្តរតនគិរី ៖ បឹង​យក្ស​ឡោម​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ជាទី​ពេញ​និយម ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​នៃ​ខេត្តរតនគិរី ។ បឹង​នេះ​មាន​អង្កត់ផ្ចិត​ប្រមាណ​៨០០​ម៉ែត្រ និង​ជម្រៅ​៤៨​ម៉ែត្រ ទៅ​៨០​ម៉ែត្រ វា​កើតឡើង​ដោយ​ប​ន្ទុះ​ភ្នំភ្លើង​ចាស់​ជា​ច្រើន​សតវត្ស​មក​ហើយ ។

បឹង​យក្ស​ឡោម​មាន​សភាព​ស្ងប់ស្ងាត់​នៅ​កណ្តាល​ព្រៃ ជាទី​ឋាន​ដ៏​សុខដុមរមនា​សម្រាប់​ពពួកសត្វ​ព្រៃ និង​អ្នកទេសចរ​ទាំងឡាយ​ដែល​ស្វែងរក​ភាព​ស្ងប់ស្ងាត់ ឬ​និយម​រក​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ ។
បឹង​នេះ​ប្រៀប​បាន​មេដែក​ឆក់​សម្រាប់​ស្រូប​ទាញ​អង្រួន​បេះដូង​ឲ្យ​ចាប់អារម្មណ៍ ខណៈ​ពេល​ភ្ញៀវ​ទេសចរ​ជាតិ និង​អត្តរ​ជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ដល់​ខេត្តរតនគិរី ។ ទឹក​បឹង​ដែល​ជា​និច្ចកាល​ត្រជាក់ស្រេង​ថ្លា​ឆ្វេង ឆ្លុះ​ពណ៌​ជាមួយ​ព្រៃ​ឡើង​ខៀវស្រងាត់ ព័ទ្ធ​ជុំវិញ​មាត់បឹង​នោះ​ដែល​អម​ដោយ​សំឡេង​បក្សាបក្សី​ស្រែកយំ​យ៉ាង​គ្រលួច ។

បឹង​យក្ស​ឡោម​បាន​ក្លាយជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​មុជទឹក​ហែល​កម្សាន្ត​អារម្មណ៍ ។ ក្រៅពី​នេះ​ដើរ ឬ​ជិះ​កង់​ទស្សនា​កម្សាន្ត​ទេសភាព​ស្រស់​ត្រកាល​ព័ទ្ធ​ជុំវិញ​មាត់បឹង​ដែល​ពេល​ខ្លះ​អាច​ឱ្យ​គេ​ប្រទះ​ឃើញ​សត្វ​បក្សាបក្សី ឬ​សត្វ​ម្រឹគីម្រឹគា ផ្សេង​ៗ ។
ទាក់​ទង់​ទៅ​នឹង​ជំនឿ​ជនជាតិ​ដើម​ភាគតិច​ថា​ទឹក​បឹង​យក្ស​ឡោម​ជា​ព្រលឹង​វិញ្ញាណ ហើយ​ពួក​គេ​ទាំងអស់​គ្នា​តែងតែ​គោរព​បូជា និង​បន់ស្រន់​សុំ​ឱ្យ​វត្ថុ​សក្តិ​សិទ្ធិ​ទាំងនោះ​ការពារ​ពួក​គេ និង​ទឹកដី​បុព្វបុរស​ខ្លួន​ឱ្យ​នៅ​គង់វង្ស​ជា​និច្ច ។

អ្នកស្រុក​ខ្លះ​បាន​ផ្តល់​ជូន​ទេសចរ​ជាតិ​និង​អន្តរជាតិ​នូវ​ការ​រលក់​វត្ថុ​អនុស្សាវរីយ៍​ផលិតផល​សិប្បកម្ម កសិកម្ម​ជា​ច្រើន​មុខ​ដែល​ផលិត​ដោយ​ជនជាតិ​ដើម​ភាគតិច​នៅ​មូលដ្ឋាន​ក្បែរ​នោះ ។
បឹង​យក្ស​ឡោម​ជា​បឹង​ធម្មជាតិ​ស្អាត​អស្ចារ្យ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​លោម ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មាន​ចម្ងាយ​៥​គីឡូ​ម៉ែ​ត ្រ​ខាងកើត​ក្រុង​បាន​លុង ។

មានរឿង​ព្រេង​មួយ​ចំនួន​ទាក់ទង​នឹង​បឹង​យក្ស​ឡោម ហើយ​រឿងព្រេង​នោះ​ត្រូវ​និទាន ត​ៗ​គ្នា​ថា កាលពីព្រេងនាយ​មាន​ស្តេច​យក្ស​មួយ​អង្គ​មាន​ឫទ្ធានុភាព​អំណាច​ខ្លាំង​អស្ចារ្យ ។ ស្តេច​យក្ស​នោះ​មាន​បុត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ទាំង​សក់​ទាំង​រូបរាង​កាយ​របស់​បុត្រី​នោះ​តែងតែ​សាយ​ក្លិនក្រអូប​សាយភាយ​ជា​ប្រចាំ ដូច្នេះ​ស្តេច​យក្ស​នោះ​ដាក់​ឈ្មោះ​បុត្រី​នោះ​ថា ព្រះ​នាង​សក់​ក្រអូប​ពេល​នាង​ធំ​ពេញវ័យ​ស្រាប់តែ​មាន​បុរស​សង្ហា ហើយ​ខ្លាំងពូកែ​ម្នាក់​មក​ចែចង់​សុំ​សេ​ក្តី​ស្នេហា​ពី​នាង ។ សេចក្តី​ស្រលាញ់​ប្រតិព័ទ្ធ​របស់​ពួក​គេ​កាន់តែ​រីក ធំ​ឡើង​ៗ​ចំពោះ​គ្នា ហើយដោយ​សារ​គូស្នេហ៍​នេះ​ភ័យ​ខ្លាច​ស្តេច​យក្ស និង​រឿង​សម្ងាត់​របស់​ពួក​គេ​ក្នុង​ថ្ងៃ​ណាមួយ គូស្នេហ៍​នេះ​ក៏​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​កាន់​ទី​ព្រៃ​ជ្រៅ​បាត់​ទៅ ។

មិនយូរ​ប៉ុន្មាន​ស្តេច​យក្ស​បានដឹង​រឿង​ស្នេហា​របស់​បុត្រ​ខ្លួន ព្រះ​អង្គ​សោកសង្រេង​យ៉ាង​ខ្លាំង​។ ដំបូង​ព្រះ​អង្គ​អាណិតអាសូរ​ដល់​បុត្រី ក៏​បាន​កោះ​ប្រជុំ​កងទ័ព​ដើម្បី​ស្វែង​បុត្រី​សំណព្វចិត្ត​នៅ​ក្នុង​អាណាចក្រ​ព្រះ​អង្គ​ទាំងមូល និង​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ទាំងឡាយ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​កងទ័ព​យក្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រទះ​ឃើញ​ដាន​ដំណឹង​អំពី​ព្រះ​នាង​ឡើយ ។

ទីបំផុត​សូ​ម្បី​តែ​ពួក​គេ​បាន​ទៅ​ដល់​ព្រៃ​ក្រាស់​ដែល​ជាទី​បឹង​យក្ស​ឡោម​សព​ថ្ងៃនេះ​ក្តី​ក៏​ពុំ​ឃើញ​ព្រះ​នាង​បុត្រី​ស្តេច​យក្ស​នោះ​ដែរ ។​ស្តេច​យក្ស​មានការ​សង្ស័យ​ថា​បុត្រី​របស់​ព្រះ​អង្គ​ប្រហែលជា​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​នោះ​មិន​ខាន ដូច្នេះ​ព្រះ​អង្គ​បាន​ដាក់​ពង្រាយ​ទ័ព​យក្ស​យ៉ាងច្រើន​ដើម្បី​ឡោម​ព័ទ្ធ​ជុំវិញ​តំបន់​នោះ​ទាំងអស់ ហើយ​ដក​ដើមឈើ និង​ជីក​កកាយ​ដី​នៅ​បរិវេណ​នោះ​យ៉ាង​ជ្រៅ​ដើម្បី​ស្វែងរក​បុត្រី​ជាទី​ស្រលាញ់​របស់​ខ្លួន ។
ពួក​ទាហាន​ទាំងអស់​បាន​ជីក​គាស់កកាយ​អស់ពី​កម្លាំងកាយ​ចិត្ត​រហូត​ដល់ទី​នោះ​ក្លាយជា​ស្រះ​មួយ​ដ៏​ធំ​ដែល​បណ្តាល​ឱ្យ​ពួក​គេ​ហត់នឿយ​ជា​ខ្លាំង ហើយ​កិច្ច​ប្រឹងប្រែង​នោះ​ក៏​ក្លាយជា​អត់​អំពើ ។
ទីបំផុត​ស្តេច​យក្ស​បញ្ជា​កងទ័ព​ដក​ដើមឈើ​តូច​ធំ​ទាំង​ឫស​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​មិន​បាន​ជោគជ័យ​ដើម្បី​ស្វែងរក​បុត្រី​យក្ស​នោះ​បាន​បន្សល់​ទុក​ទៅ​ជា​ស្រះ ឬ​បឹង​ដ៏​ធំ ហើយ​ជ្រៅ​មួយ​នៅ​ខេត្តរតនគិរី ។
ទាំងនោះ​ជា​ហេតុផល​ដែល​អ្នកស្រុក​រតនគិរី​ហៅ​ថា​«​យក្ស​ឡោម​»​រហូត​ទល់​បច្ចុប្បន្ន​នេះ​ដោយ​ក្លា​យមក​ពី​ពា​ក្ស​ថា​«​យក្ស​ឡោម​ព័ទ្ធ​»​។

មានការ​និទានរឿង​បែប ផ្សេង​ៗ​ទៀត​ពី​សេចក្តី​និទាន​មុន​នេះ ហើយ​រឿងនិទាន​មួយទៀត​បាន​និទាន​ឱ្យ​ដឹង​ថា​មាន​មន្ត្រី​ទ័ព​យក្ស​មួយ​បាន​ព្យាយាម​ចាប់់​កូនស្រី​របស់​ស្តេច​យក្ស​ដើម្បី​បំបែក​នាង​ពី​គូស្នេហ៍ ។ ពេល​នោះ​មេទ័ព​យក្ស​ក៏​បាន​បញ្ជា​ឱ្យ​កងទ័ព​យក្ស​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ជាទី​ដែល​គូស្នេហ៍​លាក់ខ្លួន​ពួន​អាត្មា​នោះ ។ ឯ​គូស្នេហ៍​នោះ​គិត​ថា​គ្មាន​ផ្លូវ​នឹង​រួច​គេចខ្លួន​រួច​ឡើយ ។ ពួក​គេ​ទាំង​ពីរ​បាន​សម្រេចចិត្ត​ប្រាថ្នា​ឱ្យ​ព្រះធរណី​ស្រូប​ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​បរិសុទ្ធ​ស្មោះត្រង់​របស់​ពួក​គេ ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចាប់ផ្តើម​បន់ស្រន់​ដល់​អ្នកតា​ព្រៃ​ភ្នំ​ព្រះ​ម​នី​ឥសី និង​វត្ថុ​សក្តិ​សិទ្ធិ​ដែល​រក្សា​ទឹកដី​នោះ​សូម​ឱ្យ​លោក​ជួយ​ឱ្យ​ទី​នេះ​ស្រុត​លិចទៅ​ក្នុង​ព្រះធរណី​ចុះ ដើម្បី​កុំឱ្យ​គេ​ពង្រាត់​គូស្នេហ៍​ពួក​គេ​ចេញពី​គ្នា ។
រំពេច​នោះ​តំបន់​ភ្នំ​នោះ​ក៏​ស្រុត​ចុះ​ទៅ​ក្រោម​ព្រះធរណី​យ៉ាង​ឆាប់​នាំ​យក​គូស្នេហ៍​ទៅ​ជាមួយ​ផង​ដូច​បំណងប្រាថ្នា​មែន ។

អ្នកស្រុក​នោះ​ហៅ​ថា​យក្ស​ឡោម មក​ពី​ពាក្យកាត់រ​បស់ពាក្យ​«​កងទ័ព​យក្ស​ឡោម​ព័ទ្ធ​»​នោះ​ឯង ។
ប្រភព​ឈ្មោះ​យក្ស​ឡោម​នេះ មានរឿង​តំណាល​មួយទៀត​ផ្សេង​ទាំងស្រុង​ពី​រឿងព្រេង​ខាងលើ ហើយ​ទំនង​គួរ​ឱ្យ​ជឿ​ខ្លាំង​ណាស់ ។ រឿង​នេះ​បាន​និទាន​ថា​ពាក្យ​«​យក្ស​»​នៅ​ក្នុង​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនោះ​មាន​ន័យ​ថា ជា​ប្រពន្ធ ឬ​មេ​ភូមិ ឬ​មេកន្ទ្រាញ ឬ​ក៏​ម្ចាស់​ភូមិ ។ ឯ​ពាក្យ​ថា​«​ឡោម​»​គឺ​មាន​ន័យ​ថា ឈ្មោះ​របស់​មនុស្ស​ដែល​អតីត​ជា​ប្រធាន​ភូមិ​អ្នកគ្រប់គ្រង​នៅ​តំបន់​នោះ ។

ព្រោះ​ហេតុ​ដូច្នេះ​ពាក្យ​ថា​យក្ស​ឡោម គឺជា​ការ​រំលឹក​គោរព​ប្រតិបត្តិ​ដល់​ព្រលឹង ឬ​វិញ្ញាណក្ខ​ន្ធ​នៃ​មេដឹកនាំ​ជំនាន់​មុន​របស់​ពួក​គេ​មានឈ្មោះ​ថា​«​ឡោម​»​ដែល​ធ្លាប់​គ្រប់គ្រង​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ជុំវិញ​បឹង​នោះ​ឱ្យ​រស់នៅ​ក្នុង​សុភមង្គល និង​ភាព​សុខដុមរមនា​ជា​យូរ​មក​ហើយ​នោះ ។ ដូច្នេះ​ហើយ​ទើបបាន​ក្លាយទៅជា​ទម្លាប់​ហៅ​ថា បឹង​យក្ស​ឡោម ។ នៅ​ក្នុង​បរិវេណ​រមណីយ៍ដ្ឋាន​បឹង​យក្ស​ឡោម​បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត យ៉ាងច្រើន​កើន​ឡើងជា​លំដាប់ ៕ ផង់ វិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ