ខេត្តប៉ៃលិន ៖ ជនសង្ស័យជាក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោម៥នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន
ខណៈដើរបង្ករឿង និងវាយដំទៅលើក្មេងប្រុសស្រី២នាក់ បណ្តាលឱ្យរងរបួស រួចគំរាមមិនឱ្យប្តឹង ។ លុះពេលឪពុកម្តាយពិនិត្យលើខ្លួនកូនៗឃើញមានស្នាមរបួស ក៏សួរនាំ ទើបឈានដល់ការដាក់ពាក្យបណ្តឹងទៅនគរបាលឱ្យចាប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងទំនើងដែលមានគ្នា៥នាក់រួមមានទី១-ឈ្មោះ ម៉ក់ ករុណា ភេទប្រុស អាយុ១៤ឆ្នាំ (ជាជនដៃដល់) ទី២-ឈ្មោះ ពៅ ចំរុង ហៅឃ្លីន ភេទប្រុស អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ វែន សុចិន ភេទប្រុស អាយុ១៧ឆ្នាំ ទី៤-ឈ្មោះ ជឿន ម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ និង៥-ឈ្មោះ កែវ រក្សា ភេទស្រី (រត់គេចខ្លួន) ។ ក្មេងទំនើងទាំង៥នាក់នេះរស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ភុន ស្រីតូច ភេទស្រី អាយុ១២ឆ្នាំ រងរបួសស្រាល និងម្នាក់ទៀតឈ្មោះ សាម សុភ័ត្រា ភេទប្រុស អាយុ៦ឆ្នាំ រងរបួសស្រាល ។ ក្មេងរងគ្រោះទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ក្មេងទំនើងទាំង៥នាក់ខាងលើបាននាំគ្នាទៅផ្ទះក្មេងរងគ្រោះ ហើយក៏បានទាស់ពាក្យសម្តីជាមួយក្មេងតូចៗទាំងពីរ រួចក៏បានវាយទៅលើក្មេងប្រុសឈ្មោះសាន សុភ័ត្រា ចំឆ្អឹងជំនីរបណ្តាលឱ្យរងរបួស ហើយបានគំរាមទៀតថា នឹងសម្លាប់ចោលបើសិនជាក្មេងរងគ្រោះហ៊ានប្រាប់ឪពុកម្តាយ និងរាយការណ៍ដល់សមត្ថកិច្ច ។
ក្រុមគ្រួសារក្មេងរងគ្រោះខាងលើបានឱ្យដឹងថា ក្មេងទំនើងទាំង៥នាក់ខាងលើ មិនគួរណាទៅរករឿងឈ្លោះជាមួយក្មេងតូចៗនោះទេ ព្រោះកូនទាំង២នាក់របស់ពួកគាត់នាំគ្នាលេងសុខៗនៅមុខផ្ទះក៏ទៅរករឿងរួចវាយដំទៅលើកូនៗរបស់ពួកគាត់តែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ក្មេងទំនើងទាំង៤នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅអធិ
ការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ