ការបញ្ឆេះរថយន្តចោលដោយអចេតនា គឺជាកំហុសមួយងាយស្រួលនឹងកើតឡើង ចំពោះរថយន្តដែលប្រើប្រាស់ប៊ូតុងចុចបញ្ឆេះ និងពន្លត់ម៉ាស៊ីន ។ ការប្រើប្រាស់កូនសោអាចឲ្យយើងមានសុវត្ថិភាពជាង ដោយសារតែយើងអាចដឹងបានភ្លាមៗ នៅពេលមិនទាន់ពន្លត់ម៉ាស៊ីន ។
បើចំពោះរថយន្តទំនើបនាពេលបច្ចុប្បន្ននេះ អាចឲ្យយើងភ្លេចបាន ដោយសារតែវា គ្រាន់តែជាប៊ូតុងចុច ។ នៅពេលយើងភ្លេចពន្លត់ម៉ាស៊ីនរថយន្ត ខណៈរថយន្តនៅក្នុងផ្ទះ វាអាចឲ្យមនុស្សក្នុងផ្ទះពុលស្លាប់នឹងផ្សែងរថយន្ត ដែលមានផ្ទុកសារធាតុកាបូនម៉ូណូអុកស៊ីតបាន ។
អ្វីកាន់តែធ្វើឲ្យយើងភ្លេចពន្លត់ម៉ាស៊ីនទៀតនោះ គឺរថយន្តប្រភេទ Hybrid ដែលវាមានសំឡេងម៉ាស៊ីនស្ងាត់មែនទែន ។ ពេលខ្លះទោះបីជាបញ្ឆេះចោល ក៏យើងស្មានថា វាពន្លត់ហើយ ។ ជាមួយគ្នានេះ វាមានបំពាក់ភាគច្រើនជាមួយនឹងប៊ូតុងចុចបញ្ឆេះ ច្រើនជាងការប្រើប្រាស់សោ ។ ដូចនេះ អត្រានៃការភ្លេចពន្លត់ គឺកាន់តែខ្ពស់ ។
លោក Robert Sinclair អ្នកនាំពាក្យការិយាល័យប្រចាំប៉ែកអាគ្នេយ៍របស់ AAA បាននិយាយថា ៖« អ្នកបើកបរអាចនឹងកាន់តែភ្លេចពន្លត់ម៉ាស៊ីន ប្រសិនបើមានក្មេងរំខាន ឬក៏កំពុងទទួលទូរស័ព្ទ » ។
គាត់បានណែនាំថា អ្នកបើកបរគួរតែយកចិត្តទុកដាក់ពិនិត្យលើកុងទ័រខាងមុខ ព្រោះថា ប្រសិនបើវាមានភ្លើងនោះ ប្រហែលជាមិនទាន់ពន្លត់ម៉ាស៊ីនទេ ។
ការយកចិត្តទុកដាក់នេះ គឺពិតជាសំខាន់ណាស់ ពីព្រោះអ្នកអាចនឹងទុកឲ្យរថយន្តបញ្ឆេះម៉ាស៊ីនចោលអស់ពេលដ៏យូរនៅក្នុងផ្ទះ ។ សាំងក៏អស់ ផ្សែងក៏ពុល ហើយលោកអ្នកពិតជាមិនចង់បានបែបនេះទេ ៕
ចែករំលែកព័តមាននេះ