ខេត្តប៉ៃលិន ៖ គ្រឿងញៀនពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់យុវជន ដែលធ្វើឱ្យអ្នកខ្លះក្លាយទៅជាមនុស្សអនាថា ក្លាយទៅជាមនុស្សឆ្កួត និងអ្នកខ្លះទៀតក្លាយទៅជាចោរលួច ឆក់ប្លន់ និងអុកឡុកដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបប្រជាពលរដ្ឋរស់នៅតាមភូមិតែងតែអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ប៉ុន្តែមានអ្នកខ្លះមិនស្តាប់តាមការណែនាំរបស់អាណាព្យាបាលនោះទេ បែរជាភ្លើតភ្លើនតាមមិត្តភក្តិរហូតដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។
ជាក់ស្តែងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់មួយកន្លែងកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១-ឈ្មោះ
ថោង ចាន់ដារ៉ា ហៅ អារេច ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទី២- ឈ្មោះ ឡោះ ម៉ាតមីន អាយុ២០ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរកម្មករ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទី៣-ឈ្មោះ លី វី ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករ មានទីលំនៅមិនពិតប្រាកដ ទី៤-ឈ្មោះ ពៅ ង៉ោល ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងទី៥- ឈ្មោះ ឆាប់ មីឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា នគរបាលបានដកហូតវត្ថុតាងប្រភេទម្សៅក្រាម ពណ៌សថ្លា ( ម៉ាទឹកកក ICE ) ចំនួន១ កញ្ចប់តូច ។
ទោះបីជាយ៉ាងណា ករណីខាងលើការិយាល័យជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនិតីវិធី ៕
ចែករំលែកព័តមាននេះ