ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់និងរបួស នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់
ចរាចរណ៍មួយ រវាងរថយន្តនិងរថយន្តបុកគ្នាទាំងកំរោល កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១៦ឧសភា នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខណ:កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។

មន្ត្រីចរាចរណ៍បានឲ្យដឹងថា បើតាមការពិនិត្យជាក់ស្ដែង ឧប្បតិហេតុនេះ បង្កឡើងដោយរថយន្តប្រភេទដឹកទំនិញ ពាក់ស្លាកលេខភ្នំពេញ 4A-2001 អ្នកបើកបរបានរត់គេចខ្លួន ដែលធ្វើដំណើរពីទិសខាងកើតទៅលិច ហើយដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកសុីណា ពាក់ស្លាកលេខបាត់ដំបង 2C-6878 ដែលបើកបរដោយឈ្មោះហេង សុខអេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកគ្រឿងបន្លាស់ទូរស័ព្ទដើរបោះឲ្យម៉ូយ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខណ:កំពុងធ្វើដំណើរផ្ទុយគ្នា ។ អ្នកបើកបររថយន្តស៊ីណា ឈ្មោះហេង សុខអេង ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ឈ្មោះឈឿន វិសែន ភេទប្រុស អាយុ១៧ឆ្នាំ របួសស្រាល រីឯអ្នកបើកបររថយន្តបង្កដែលដឹកខ្សាច់ពេញរថយន្តផងបានរត់គេចខ្លួនបាត់។

បើតាមសាក្សីបាននិយាយថា ដំបូងគេឃើញរថយន្តដឹកខ្សាច់ បើកមកពីទិសខាងកើត ហើយមកដល់ចំណុចខាងលើ រថយន្តនេះបានព្យាយាមឡើងជែងរថយន្តមួយគ្រឿងទៀត តែឡើងមិនផុតក៏បុករថយន្តម៉ាកស៊ីណា ដែលបើកមកពីខាងមុខពេញទំហឹងតែម្ដង។ ពេលនោះ គេឃើញរថយន្តទាំង២បានក្រឡាប់ធ្លាក់ពីលើផ្លូវជាតិដូចគ្នា ដែលបណ្ដាលឲ្យអ្នកបើកបររថយន្តស៊ីណាកៀបស្លាប់ក្នុងរថយន្ត និងម្នាក់ទៀតរួមដំណើរគ្រាន់តែរងរបួស តែអ្នកបើករថយន្តដឹកខ្សាច់បានគេចខ្លួនភ្លាមៗដែរមុនពេលសមត្ថកិច្ចចុះទៅដល់។









ចែករំលែកព័តមាននេះ