ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​ប៉ក់​ត្រូវប៉ាន់​ខ្លាំង ដល់​ថ្នាក់​ពលរដ្ឋ​ថៃ​ប្រមូល​ទិញ​គ្មាន​សល់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ច្រក​អានសេះ ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​ត្រូវប៉ាន់​ក្នុង​ការ​នាំ​យក​ផ្សិត​ប៉ក់​ទៅ​លក់​ឲ្យ​ប្រជាជន​ថៃ ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​១០​តោន និង​អាច​រក​ចំណូល​បាន​ច្រើន​គួរសម​ពី​ការ​លក់​ផ្សិត​នេះ ។ អ្នកស្រី ចាន់ ណា…

ខេត្តព្រះវិហារ ៖ អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ច្រក​អានសេះ ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​ត្រូវប៉ាន់​ក្នុង​ការ​នាំ​យក​ផ្សិត​ប៉ក់​ទៅ​លក់​ឲ្យ​ប្រជាជន​ថៃ ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​១០​តោន និង​អាច​រក​ចំណូល​បាន​ច្រើន​គួរសម​ពី​ការ​លក់​ផ្សិត​នេះ ។

អ្នកស្រី ចាន់ ណា ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អានសេះ ព្រំដែន​កម្ពុជា​-​ថៃ​បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​អាជីវករ​ម្នាក់​អាច​លក់​ផ្សិត​ប៉ក់​ទៅ​ឲ្យ​ប្រជាជន​ថៃ ឬ​ថៅកែ​ថៃ ដែល​ចូល​មក​ទិញ​ផ្ទាល់​ដល់​ក្នុង​ផ្សារ ចាប់ពី​២០០​គីឡូ ទៅ​៣០០​គីឡូ ដោយ​ក្នុង​តម្លៃ​ចន្លោះ​ពី​៨០​បាត​ទៅ​២៥០​បាត ។  អាជីវករ​ដដែល​បន្ថែម​ថា ផ្សិត​ប៉ក់​នេះ​ចាប់ផ្តើម​មាន​ពី​ចន្លោះ​ដើមខែ​ឧសភា ដល់​ខែមិថុនា ហើយ​មាន​តម្លៃ​ថ្លៃ​រហូត​ដល់​មួយ​គីឡូក្រាម​តម្លៃ​៥០០​បាត​ឯណោះ​នៅ​ពេល​ដែល​រដូវ​កាល​ផ្សិត​ប៉ក់​នេះ​មាន​ដំបូង ។

ដោយឡែក អ្នកស្រី ថន ស្រី​មុំ ជា​អាជីវករ​លក់ដូរ​នៅ​លើ​ផ្សារ​ច្រក​អានសេះ​បាន​និយាយ​ថា ចំនួន​ផ្សិត​ប៉ក់​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ តាម​ច្រក​អានសេះ​នេះ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​១០​តោន​ឯណោះ រីឯ​តម្លៃ​ទទួល​បាន​ចន្លោះ​ពី​៨០​បាត ទៅ​២០០​បាត​ក្នុង​មួយ​គីឡូក្រាម ព្រោះ​ឆ្នាំ​នេះ​ផ្សិត​ប៉ក់​មាន​ច្រើន​ជាង​ឆ្នាំ​មុន ។
អ្នកស្រី​បន្ថែម​ថា គាត់​បាន​ចុះ​ប្រមូល​ទិញ​ពី​អ្នកស្រុក​ភូមិ ដែល​រស់នៅ​តាម​ជើងភ្នំ​ដងរែក នឹង​អាច​លក់​ឲ្យ​ថៃ​បាន​ក្នុង​១​ថ្ងៃ​ប្រមាណ​៤០០​ទៅ​៥០០​គីឡូក្រាម​ដែរ ម្យ៉ាងវិញទៀត ការ​នាំ​ចូល​ផ្សិត​ប៉ក់​ទៅ​ប្រទេស​ថៃ តាម​ច្រក​អានសេះ​មួយ​នេះ ក៏​មិន​មានការ​រឹតត្បិត​ហាមឃាត់​ពី​ភាគី​ថៃ​ដូច​កាលពីមុន​ឡើយ ។ អ្នកស្រី​បន្ត​ថា ប្រភេទ​ផ្សិត​ប៉ក់​នេះ​ជា​អាហារ​ពេញ​និយម​បំផុត​របស់​ប្រជាជន​ថៃ សម្រាប់​យក​ទៅ​ធ្វើ​ជា​ម្ហូប​បានជា​ច្រើន​មុខ ហើយ​នៅ​ប្រទេស​ថៃ​ពុំ​មាន​ផ្សិត​នេះ​ឡើយ ដោយសារ​តែ​ផ្សិត​នេះ​ពិបាក​រក​ណាស់ ។

សូម​បញ្ជាក់​ថា នៅ​រដូវវស្សា​នេះ​នៅ​​ច្រក​អានសេះ ព្រំដែន​កម្ពុជា​-​ថៃ ក្រៅពី​ការ​នាំ​ចេញ​ផ្សិត​ប៉ក់ នៅ​មាន​បន្លែ​ព្រៃ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ដែល​ពេញ​និយម​បរិភោគ​បំផុត​សម្រាប់​ប្រជាជន​ថៃ​មាន​ដូច​ជា ស្លឹក​ព្រិច ចុង​ផ្តៅ និង​បន្លែ​ព្រៃ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ