ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ចម្ការម្នាក់បាត់កម្មករដែលស៊ីឈ្នួលកាត់ស្មៅក្នុងចម្ការស្វាយរបស់ខ្លួន អស់រយៈពេល៤ថ្ងៃ មិនឃើញត្រឡប់មកផ្ទះវិញក៏នាំគ្នាជិះម៉ូតូទៅរកមើល ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យបាក់ផ្លែម៉ាស៊ីនកាត់ស្មៅខ្ទាតចំមុតរងរបួសធ្ងន់ ដោយអត់មានអ្នកជួយសង្គ្រោះក៏ហូរឈាមស្លាប់ម្នាក់ឯង ក្នុងចម្ការយ៉ាងអាណោចអាធម៌តែម្តង ។ ហេតុការណ៍ប្រទះឃើញសពកម្មករដេកស្លាប់ក្នុងថ្លុកឈាមរហូតដល់ហើមស្អុយនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ស្ថិតនៅក្នុងចំការស្វាយរបស់ថៅកែម្នាក់ ស្ថិតក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ យ៉ន យ៉ូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត រស់នៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុះកោះធំ ខេត្តកណ្ដាល ជាកម្មករចាំចម្ការស្វាយឲ្យថៅកែម្នាក់ឈ្មោះ ឡៃ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីម្ចាស់ចម្ការស្វាយខាងលើបានរៀបរាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែឧសភា កន្លងទៅគាត់បានឱ្យប្រាក់ទៅជនរងគ្រោះចំនួន១០ម៉ឺនរៀល ដើម្បីយកទៅទិញប្រេងសាំង ម្ហូបអាហារ និងសម្ភារមួយចំនួន រួចធ្វើដំណើរជិះម៉ូតូទៅកាត់ស្មៅក្នុងចម្ការស្វាយរបស់ខ្លួន ។ គាត់បន្តទៀតថា បន្ទាប់ពីចេញដំណើរតែម្នាក់ឯងទៅកាត់ស្មៅក្នុងចម្ការតាំងពីពេលនោះមកមានរយ:ពេល៤ថ្ងៃ ដោយចាំបាត់ៗ រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែឧសភានេះ មិនឃើញត្រឡប់មកផ្ទះរបស់ខ្លួនវិញ ទើបឆ្ងល់សង្ស័យថា មានរឿងអ្វីកើតឡើងទើបជិះម៉ូតូចេញពីផ្ទះទៅរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងចម្ការក្បែរម៉ាស៊ីនកាត់ស្មៅ ដោយរងរបួសជើងឆ្វេងក្បែរម៉ាស៊ីនកាត់ស្មៅតែម្តង ។ រំពេចនោះគាត់ក៏ប្រញាប់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យចុះទៅត្រួតពិនិត្យមើល ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា បើតាមការធ្វើកោសល្យវិច្ច័យរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា សពជនរងគ្រោះបានមុតនឹងផ្លែម៉ាស៊ីនកាត់ស្មៅ ចំកំភួនជើងឆ្វេងផ្នែកខាងក្រោយ ដាច់សរសៃឈាមធំ បណ្ដាលឲ្យហូរឈាមច្រើន អត់មានរុំ ឃាត់ឈាម ធ្វើឱ្យហូររហូតដល់ដាច់ខ្យល់ស្លាប់គួរឱ្យអាណិតអាសូរយ៉ាងខ្លាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នសពជនរងគ្រោះត្រូវបាននគរបាលប្រគល់ជូនម្ចាស់ចម្ការ ដើម្បីទាក់ទងទៅសាច់ញាតិរបស់ខ្លួន នៅឯស្រុកកំណើត ឱ្យមករៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ