ខេត្តតាកែវ ៖ ផ្ទះថ្មឈើលើដែលមានទំហំ៨គុណ ១២ម៉ែត្រដែលគេបានស្គាល់យ៉ាងច្បាស់ថា ជាផ្ទះរបស់លោកកង សំអឿន អតីតជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាអតីតអភិបាលរងខេត្តដែលចូលនិវត្តន៍ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់គ្មានសល់ បើទោះបីជាមានការអន្តរាគមន៍ពីឡានទឹកស្នងការដ្ឋាននគរបាលខេត្ត បែបណាក៏ដោយក៏មិនអាចជួយបានឡើយ ដោយសារម្ចាស់ផ្ទះបានរាយការណ៍មកក្រុមឡានទឹកយឺតពេលបន្តិច ។ ហេតុការណ៍អគ្គិភ័យបានឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្នោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

លោកឥន មណ្ឌល អធិការស្តីទីក្រុងដូនកែវបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះអស់គ្មានសល់នេះជារបស់លោកកង សំអឿន ជាអតីតអភិបាលរងខេត្តដែលបាលចូលនិវត្តហើយ មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ចំពោះផ្ទះវិញចាក់បេតុងក្រោម ឈើពីលើដោយមានទំហំ៨គុណឲ្យ១២ម៉ែត្រទ្រព្យសម្បត្តិក្នុងផ្ទះត្រូវភ្លើងឆេះបំផ្លាញគ្មានសល់ រហូតមកដល់ម៉ោងនេះ យើងមិនទាន់អាចកំណត់បានឡើយ ។

បើតាមសម្តីក្រុមគ្រួសារម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុនេះមនុស្សនៅក្នុងផ្ទះទាំងអស់នៅពេលបាយថ្ងៃត្រង់រួច បាននាំគ្នាសម្រាកនៅផ្ទះខាងក្រោយ លុះនៅពេលដឹងថា ភ្លើងឆេះផ្ទះនោះបានយឺតពេលទៅហើយ ព្រោះអណ្តាតភ្លើងបានឆាបឆេះខ្លាំងទៅហើយ លុះនៅពេលសុំអន្តរាគមន៍ពីឡានទឹករបស់ស្នងការដ្ឋាននគរបាលខេត្តនោះ មានការយឺតពេលហើយ គឺពេលឡានទឹកមកដល់អណ្តាតភ្លើងបានឆាបឆេះពេញផ្ទះ គឺនៅលស់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ហើយចំពោះការខូចខាត មិនទាន់ដឹងច្បាស់នៅឡើយទេ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ