ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស៊ី​ក្លូ​អាចរ​ស់បាន​ដល់​ពេល​ណា ? (មាន​វីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ស៊ី​ក្លូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​មួយ​និង​ពេញ​និយម​ក្នុង​សម័យ​​សង្គមរាស្ត្រនិយម មាន​ន័យ​ថា ទាំង​អ្នកមាន​និង​អ្នកក្រ គឺ​និយម​ធ្វើ​ដំណើរ​តាម​ស៊ី​ក្លូ ។ វា​ខុស​ពី​សម័យ​បច្ចុប្បន្ន​នេះ មិនសូវ​មាន​ប្រជាពលរដ្ឋ​ជិះ​ស៊ី​ក្លូ​ទេ រាល់ថ្ងៃ​ស៊ី​ក្លូ​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​តែ​ដឹក​អីវ៉ាន់​ពី​ផ្សារ​ទៅ​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ «​ស៊ី​ក្លូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​មួយ​និង​ពេញ​និយម​ក្នុង​សម័យ​​សង្គមរាស្ត្រនិយម មាន​ន័យ​ថា ទាំង​អ្នកមាន​និង​អ្នកក្រ គឺ​និយម​ធ្វើ​ដំណើរ​តាម​ស៊ី​ក្លូ ។ វា​ខុស​ពី​សម័យ​បច្ចុប្បន្ន​នេះ មិនសូវ​មាន​ប្រជាពលរដ្ឋ​ជិះ​ស៊ី​ក្លូ​ទេ រាល់ថ្ងៃ​ស៊ី​ក្លូ​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​តែ​ដឹក​អីវ៉ាន់​ពី​ផ្សារ​ទៅ​ផ្ទះ ដែល​ជា​ម៉ូយ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​តម្លៃ​ឈ្នួល​ទៀត​សោត​គឺ​បាន​តិចតួច​ប៉ុណ្ណោះ​» ។ នេះ​ជា​ការ​លើក​ឡើង​លោកតា នៅ អ៊ុ​ន អាយុ​៧៨​ឆ្នាំ ដែល​ប្រកបរ​បរធាក់​ស៊ី​ក្លូ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដែល​អតីត​ព្រះមហាក្សត្រ​សម្តេចព្រះ នរោត្តម សីហ​នុ គង់​ជា​ព្រះ​ប្រមុខរដ្ឋ ។

លោកតា នៅ អ៊ុ​ន មានស្រុក​កំណើត​នៅ​ភូមិ​ក្រោក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃវែង សព្វថ្ងៃ​ពោះម៉ាយ មានកូន​ប្រុស​ស្រី​៤​នាក់ និង​មាន​ចៅ​៧​នាក់ ។ គាត់​និយាយ​ថា​នៅ​សម័យ​សង្គមរាស្ត្រនិយម​(​ចន្លោះ​ឆ្នាំ​១៩៥៣-១៩៧០) ស៊ី​ក្លូ​មាន​ចំនួន​រាប់រយ​គ្រឿង​បម្រើ​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន ជា​ពិសេស​រាល់ពេល​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​ផ្សារ ឬ​ពី​ផ្ទះ​ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ ។

លោកតា​ដែល​មាន​ស្បែក​ជ្រីវជ្រួញ និង​ហាក់មាន​កម្លាំង​ទន់ខ្សោយ​ទៅ​ហើយ​នោះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​គាត់​អង្គុយ​ចាំ​ដឹក​ម៉ូយ​នៅផ្សារ​កណ្តាល​ក្នុង​រាជធានី​ភ្នំពេញ រាល់ថ្ងៃ​គឺ​ភាគច្រើន​ដឹក​អីវ៉ាន់​ពី​ផ្សារ​ទៅ​ផ្ទះ​ឱ្យ​ម៉ូយ​តែ​ប៉ុណ្ណោះ ក្នុង​តម្លៃ​ឈ្នួល​ដឹក​ចន្លោះ​ពី​៣.០០០​រៀល ទៅ​៥.០០០​រៀល តាម​ការ​ជាក់ស្តែង​អីវ៉ាន់​តិច​ឬ​ច្រើន ។ ចំណែក​អ្នកដំណើរ​គេ​មិន​ហៅ​ស៊ី​ក្លូ​ជិះ​ទេ គេ​ជិះ​ម៉ូតូឌុប ឬ​រ៉ឺ​ម៉ក​ម៉ូតូ ឬ​ឡំ​ប្រឺ​តា ។

លោកតា នៅ អ៊ុ​ន និយាយ​ទៀត​ថា «​ទោះ​គ្មាន​កម្លាំង​ខ្លាំង​ដូច​ពី​ក្មេង តែ​លោកតា​ពឹង​លើ​មុខរបរ​មួយ​នេះ​ចិញ្ចឹមជីវិត ថ្វីបើ​មាន​កូនចៅ​ក្តី ភាគច្រើន​គឺ​ដឹក​អីវ៉ាន់​របស់​ម៉ូយ ព្រោះ​លែង​​មាន​អ្នក​ជិះ​ស៊ី​ក្លូ​ដូច​សម័យ​មុន​ហើយ ។ យូរ​ៗ​ម្តង មាន​ភ្ញៀវ​អន្តរជាតិ​ជួល​ដឹក​កម្សាន្ត​​តាម​រមណីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ពួក​គេ​ឱ្យ​លុយ​ជា​ដុល្លារ​គឺ​រយៈពេល​ពីរ​ម៉ោង​បាន​១០​ដុល្លារ​ដែរ ហើយ​តម្លៃ​នេះ​គាត់​មិន​ទារ​ពី​ភ្ញៀវ​ទេ គឺ​ស្រេច​តែ​ភ្ញៀវ​ឱ្យ​តាម​មនោសញ្ចេតនា​តែ​ប៉ុណ្ណោះ​» ។ លោកតា​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រកបាន​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល ក្រោយ​ពី​កាត់ថ្លៃ​ហូប​បាយ​និង​ថ្លៃ​ជួល​ស៊ី​ក្លូ ព្រោះ​តម្លៃ​ជួល​ស៊ី​ក្លូ​ក្នុង​មួយ​ថ្ងៃ​២​ពាន់​រៀល រីឯ​ផ្ទះ​ស្នាក់​នៅ​គឺ​ស្នាក់​នៅ​មុខ​ផ្ទះ​ថៅកែ​ស៊ី​ក្លូ​តែ​ម្តង មិន​អស់​លុយ​ទេ ។ ទោះជា​យ៉ាងណា លោកតា​បាន​ត្អូញត្អែរ​ថា​«​ឆ្នាំ​នេះ​វ័យ​កាន់តែ​ជ្រេ គឺ​អាយុ​៧៨​ឆ្នាំ​ហើយ។

អ៊ី​ចឹ​ង​កម្លាំង​មិន​មាំទាំ​ទេ ដូច្នេះ​ខ្ញុំ​ប្រហែលជា​រត់​ស៊ី​ក្លូ​បាន​យ៉ាង​យូរ​ត្រឹម​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ តែ​មិនដឹង​ថា​ពេល​ឈប់​ធ្លាក់​ស៊ី​ក្លូ តើ​បាន​លុយ​ពី​ណា​សម្រាប់​ចាយវាយ​ខ្លួនឯង​នោះ​ឡើយ​» ។

លោកតា​និយាយ​បណ្តើរ​យកដៃ​កាន់​ក្រណាត់​ជូត​ស៊ី​ក្លូ​បណ្តើរ ថា ចាប់តាំងពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​មូលនិធិ​ស៊ី​ក្លូ​) កាល​ពី​ដើម​ឆ្នាំ​២០១៨​មក​ដល់​ពេល​នេះ គាត់​មិន​ទាន់​បានចូល​ជា​សមាជិក​មូលនិធិ​នេះ​នៅ​ឡើយ​​ទេ ព្រោះ​មិន​ទាន់​ដឹង​ថា​ត្រូវ​ទាក់ទង​ទៅ​ខាង​ណា ។

លោកតា​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ទោះ​ដឹង​ថា​កម្លាំង​ខ្សោយ ក៏​ប្រឹង​ដឹក​អីវ៉ាន​និង​ធាក់​ស៊ី​ក្លូ​ដឹក​ភ្ញៀវ​ដែរ ព្រោះ​គាត់​មិន​អាច​ដើរ​សុំទាន​គេ​ឡើយ ។ ចំណែក​សម្រាប់​ទស្សនៈ​ពលរដ្ឋ​ទូទៅ​​ដែល​នៅ​អាល័យ​ពី​ស៊ី​ក្លូ​និយាយ​ថា ពួក​គាត់​ចង់​ឃើញ​ការ​អភិរក្ស​ស៊ី​ក្លូ​នេះ​ឱ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​រហូត​ទៅ តែបើ​ឱ្យ​ពួក​គាត់​ជិះ​ស៊ី​ក្លូ​នោះ​គឺ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត ព្រោះ​​អ្នក​ធាក់​ស៊ី​ក្លូ​ច្រើន​ជា​មនុស្ស​ចាស់ បើ​ហៅ​គាត់​ជិះ​គាត់​ប្រើ​កម្លាំង​ធាក់​អាណិត​គាត់​ណាស់ ។

ក្នុង​ចេតនា​រក្សា​ស៊ី​ក្លូ​មិន​ឱ្យ​បាត់បង់​ទៅ​ថ្ងៃ​មុខ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បង្កើត​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​មូលនិធិ​ស៊ី​ក្លូ​) កាលពី​ខែមករា ឆ្នាំ​២០១៨ ដែល​មាន​រូប​​សម្តេច​ផ្ទាល់​ជា​ប្រធានកិត្តិយស ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រាប់​ពី​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​ធាក់​ស៊ី​ក្លូ​នឹង​ទទួល​បាន​នៅ​ពេល​ចូល​ជា​សមាជិក​មូលនិធិ​នេះ ។ អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​សំខាន់​ៗ​នោះ​គឺ សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា នឹង​ទទួល​បានការ​ព្យាបាល​ជំងឺ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​បង់​ប្រាក់ ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៧.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​២.០០០​រៀល សម្រាប់​​ថ្លៃ​ជួល​ស៊ី​ក្លូ និង​៥.០០០​រៀល​ទៀត​សម្រាប់​ថ្លៃ​បាយ ហើយ​ប្រាក់​នេះ​នឹង​បើក​ជូន​រៀង​រាល់​១០​ថ្ងៃ​ម្តង ។

សម្រាប់​លោក ហាក់ លន់ អាយុ​៥៥​ឆ្នាំ ដែល​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ដែរ​និយាយ​ថា គាត់​ជ្រើស​រើសមុខ​របរ​ប្រើ​កម្លាំងកាយ​នេះ​ដោយសារ​តែ​នៅ​ឯ​ស្រុក​កំណើត​«​គ្មាន​ដី​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​គ្រួសារ ។ គាត់​សុខចិត្ត​ចាកចោល​ប្រពន្ធ​កូន ហើយ​មក​នៅ​ភ្នំពេញ​ចាប់​យកមុខរ​បរធាក់​ស៊ី​ក្លូ ព្រោះ​យ៉ាងណា​ក៏​អាច​រកបាន​ចំណូល​ជួយ​ដល់​ជីវភាព​គ្រួ​សារ​បាន​​ខ្លះ​ៗ​ដែរ ទោះបី​ឥត​មាន​លុយកាក់​សល់​ជា​ដុំ​កំភួន​ក៏​ដោយ​» ។

លោក ហាក់ លន់ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​គង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ គាត់​បាន​និយាយ​រៀបរាប់​ប្រាប់​កោះសន្តិភាព ខណៈ​កំពុង​ចត​ស៊ី​ក្លូ​រង់ចាំ​ម៉ូយ​នៅ​ច្រកចូល​ផ្សារ​អូរ​ឫស្សី ដែល​ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ចាំ​ដឹក​ម៉ូយ​នៅ​ទីនោះ ។ គាត់​មាន​ប្រពន្ធ​និង​កូន​៥​នាក់​នៅ​ឯ​ស្រុក​កំណើត ប៉ុន្តែ​ដោយសារ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ទើប​ត្រូវ​បង្ខំចិត្ត​ចាកចោល​គ្រួសារ​មក​នៅ​ភ្នំពេញ​ចាប់​យកមុខរ​បរធាក់​ស៊ី​ក្លូ​នេះ​អស់​រយៈ​ពេល​​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មក​ស្នាក់​នៅផ្ទះ​ថៅកែ​ស៊ី​ក្លូ​ម្តុំ​ផ្សារ​ទួល​ទំពូង រីឯ​ស៊ី​ក្លូ​ជួល​ក្នុង​មួយ​ថ្ងៃ​២.០០០​រៀល ។ ក្នុង​មួយ​ថ្ងៃ​គាត់​រកបាន​ប្រាក់​ពី​កម្លាំង​ញើស​ឈាម​របស់​គាត់ ក្រោយ​ពី​ហូប​បាយ និង​កាត់ថ្លៃ​ជួល​ស៊ី​ក្លូ​រួច​នៅ​សល់​ជួនកាល​១០.០០០​រៀល ទៅ​១៥.០០០​រៀល ហើយ​ក្នុង​មួយ​ខែ​អាច​មាន​លទ្ធភាព​ផ្ញើ​ទៅ​ប្រពន្ធ​នៅ​ឯ​ស្រុក​ពី​៣០​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល​ដែរ ។

លោក ហាក់ លន់ បញ្ជាក់​ថា ៖ «​ចំណូល​បាន​មក​ពីរ​បរធាក់​ស៊ី​ក្លូ​នេះ មិន​អាច​ឱ្យ​ខ្ញុំ​មាន​លទ្ធភាព​សល់​លុយកាក់​អ្វី​នោះ​ទេ គឺ​បាន​ត្រឹមតែ​ដោះ​ទ័ល​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ។ បើ​សិន​ជា​ត្រូវ​ចំណាយ​លើ​ថ្លៃ​ស្នាក់​នៅ គឺ​មិន​អាច​សល់​លុយ​ផ្ញើ​ទៅ​ស្រុក​ឱ្យ​ប្រពន្ធ​ទេ តែ​រាល់ថ្ងៃ​គឺ​បាន​ថៅកែ​ស៊ី​ក្លូ ឱ្យ​សម្រាក​នៅផ្ទះ​គាត់​ម្តុំ​ផ្សារ​ទួល​ទំពូង ទើប​សល់​បាន​ខ្លះ​ៗ​គ្រាន់​ផ្ញើ​ទៅ​អ្នក​ផ្ទះ​» ។ បច្ចុប្បន្ន ថៅកែ​ស៊ី​ក្លូ​នេះ​ក៏​ស្ទើរតែ​អស់​ទៅ​ហើយ​ដែរ ខណៈ​ស៊ី​ក្លូ​ត្រូវ​បាន​ម៉ូតូឌុប​ដណ្តើម​ម៉ូយ​ស្ទើរតែ​អស់នោះ ។

មន្ត្រី​ការិយាល័យ​ទេសចរណ៍​ខណ្ឌដូនពេញ​មួយ​រូប លើក​ឡើង​ថា ស៊ី​ក្លូ​គឺជា​យានជំនិះ​មួយ​ប្រភេទ ដែល​ភាគច្រើន​គឺជា​ចំណូលចិត្ត​របស់​អ្នកទេសចរ​បរទេស​ដែល​និយម​ជិះ​ដើរ​កម្សាន្ត​នៅ​កម្ពុជា ។ ការ​ធ្វើ​ដំណើរ​តាម​ស៊ី​ក្លូ គឺជា​ការ​ធ្វើ​ដំណើរ​តាម​យាន​មួយ ដែល​គ្មាន​ផ្សែង​បំពុល​មិន​ដូច​ការ​ធ្វើ​ដំណើរ​តាម​ត្រីចក្រយានយន្ត​នោះ​ទេ ។ ទោះបីជា​ស៊ី​ក្លូ​ធ្វើ​ដំណើរ​យឺត​មែន ប៉ុន្តែ​វា​អាច​ឱ្យ​អ្នក​ជិះ​ស្រូប​យក​ខ្យល់អាកាស​បាន​ល្អ អាច​មើល​ទិដ្ឋភាព​ក្រុងភ្នំពេញ​កាន់តែ​ច្បាស់ ហើយ​មិន​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍​អ្វី​ឡើយ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​សម្តេច​តេជោ​បាន​បង្កើត​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ម​.​ត.​ក​)​ឃើញ​ថា បច្ចុប្បន្ន​នេះ​មាន​អ្នក​ធាក់​ស៊ី​ក្លូ​ច្រើន ហើយ​ពួក​គាត់​នាំ​គ្នា​សំចត​នៅ​មុខ​ផ្សារ​ធំ​ថ្មី ផ្សារ​ចាស់ ផ្សារ​កណ្តាល និង​រមណីយដ្ឋាន​នានា​ក្នុង​ខណ្ឌដូនពេញ ។ ស៊ី​ក្លូ​គឺជា​យានជំនិះ​មួយ​ប្រភេទ​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម ប៉ុន្តែ​វត្តមាន​របស់​ស៊ី​ក្លូ​កាន់តែ​បាត់បង់​ទៅ​ដោយសារ​តែ​ភាព​ជឿនលឿន​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ការ​ដឹក​ជញ្ជូន​នា​សម័យ​បច្ចុប្បន្ន ។

យោង​តាម​របាយការណ៍​របស់​សមាគម​ស៊ី​ក្លូ​មួយ​នៅ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៩៩ មាន​ស៊ី​ក្លូ​ប្រមាណ​ជា​៩​ពាន់​គ្រឿង​នៅ​ទូ​ទាំង​ប្រទេស តែ​បាន​ថយ​ចុះ​នៅ​ត្រឹម​៧​ពាន់​គ្រឿងក្នុង​ឆ្នាំ​២០០៧ និង​បន្ត​ថយ​ចុះ​មក​នៅត្រឹមតែ​៤៤៧​គ្រឿងក្នុង​ឆ្នាំ​២០១៦ ក្នុង​​រាជធានី​ភ្នំពេញ ។ ការ​ថយ​ចុះ​នៃ​ចំនួន​ស៊ី​ក្លូ​នេះ ដោយសារ​តែ​គ្មាន​អ្នក​ផលិត​ស៊ី​ក្លូ​ថ្មី​ផង និង​មិន​មាន​កន្លែង​ជួសជុល​ត្រឹមត្រូវ ហើយ​ក៏​គ្មាន​ការ​ផលិត​គ្រឿងបន្លាស់ ដែល​ធ្វើ​ឱ្យ​ស៊ី​ក្លូ​អាច​លែង​ឃើញ​មាន​វត្តមាន​តទៅ​ទៀត​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ