ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សន្យា បើ​សម្តេច​បន្ត​ដឹកនាំ​ប្រទេស​មិន​មាន​នរណា​មួយ​មក​បំផ្លាញ​ប្រទេស​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន​សែ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង ដោយ​សន្យា​ថា ប្រសិនបើ​សម្តេច​នៅ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​គ្មាន​នរណា​មួយ​មក​បំផ្លាញ​ប្រទេស​បាន​ឡើយ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំពុង​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន​សែ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង ដោយ​សន្យា​ថា ប្រសិនបើ​សម្តេច​នៅ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​គ្មាន​នរណា​មួយ​មក​បំផ្លាញ​ប្រទេស​បាន​ឡើយ ។
ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំពុង​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើក​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា កូនក្មួយ​ពិតជា​យល់​ច្បាស់​ណាស់​ថា ចំពោះ​អ្នក​ដាំ​ដើមឈើ គឺ​ខិតខំ​មើលថែ​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ​ចាប់តាំងពី​ការ​ស្រោច​ទឹក​ដាក់​ជី ការពារ​មិន​ឲ្យ​មាន​អ្វី​មក​បំផ្លាញ ទម្រាំ​ដើមឈើ​រស់រាន​បាន​ផ្កា​ផ្លែ​ទទួលទាន​គ្រប់​ៗ​គ្នា ។ រីឯ​អ្នក​ដែល​មិន​បាន​ដាំ​ដែល​គ្មាន​គិត​ពី​ពេលវេលា និង​ការ​លំបាក​ទាំងឡាយ គឺ​ពួក​គេ​គិតតែ​ពី​បេះ​បំផ្លាញ គឺ​ងាយ​ធ្វើ​បំផុត ។

សម្តេជ​តេ​ជោ​គូសបញ្ជាក់​ថា «​ពូ​សន្យា​ថា ចំពោះ​កម្ពុជា​បើ​មាន​ពូ​ដឹកនាំ​គ្រប់គ្រង​ហើយ គឺ​គ្មាន​នរណា​មួយ​មក​បំផ្លាញ​ប្រទេស​យើង​បានជា​ដាច់ខាត ។ ព្រោះ​ពូ​ធ្លាប់​បាន​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម និង​ការ​លំបាក​វេទនា​គ្រប់យ៉ាង​ពី​ជំនាន់​មុន​ដែល​បាន​ធ្វើ​ឲ្យ​ពូ​ពិការ​ភ្នែក​មួយ​ចំហៀង​មក​ទល់​សព្វថ្ងៃ ។ កែវភ្នែក​នេះ​ហើយ​ដែល​តែងតែ​រំលឹក​ពូ​រាល់ថ្ងៃ​ឲ្យ​ថែរក្សា​ការពារ​សន្តិភាព សម្រាប់​ប្រទេស​យើង​ឲ្យ​បាន​ដាច់ខាត​» ។

សម្តេច​បន្ថែម​ថា ពូ​បាន​ខិតខំ​មក​ទល់​ពេល​នេះ គឺ​ចង់​ឃើញ​កម្ពុជា​រីក​ចម្រើន និង​ចង់​ឃើញ​ក្មួយ​ៗ​យុវជន​មានឱកាស​គ្រប់យ៉ាង ជា​ពិសេស​ឱកាស​ក្នុង​ការ​សិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱកាស​ការងារ និង​ឱកាស​បង្កើត​មុខរ​បបរ​ដោយ​ខ្លួនឯង ដើម្បី​ជីវភាព​រស់នៅ​ធូរធារ​ព្រមទាំង​មាន​សិ​ទ្ឋិ​សេរីភាព​គ្រប់យ៉ាង​រួម​ទាំង​សិ​ទ្ឋិ​បោះ​ឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ និង​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញចិត្ត​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អរគុណ​ណាស់​ដល់​លោកយាយ លោកតា​ក្មួយ​ៗ​ដែល​បាន​ចូលរួម​ក្នុង​ការងារ​ប្រទេស​ជាតិ​កន្លង​មក និង​អរគុណ​បងប្អូន​រួម​ជាតិ និង​ក្មួយ​ៗ​ផ្ទាល់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​បន្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ដើម្បី​ពូ​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​បំផុត​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត កូនក្មួយ​យុវជន​ជំនាន់​ក្រោយ ពិតជា​មានសំណាង​ខ្លាំង​ណាស់​ដែល​បាន​កើត​ចំ​ពេល​កម្ពុជា​មាន​សន្តិភាព ។ ពេល​កូនក្មួយ​ធំ​ដឹងក្តី​ហើយ​មិន​បានឃើញ​ពី​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​ពី​មុន​ដូច​ជា​សង្គ្រាម និង​របប​កាប់សម្លាប់​ប្រល័យពូជសាសន៍ គឺ​កូនក្មួយ​មួយ​ចំនួន​មិន​ជឿ​ឡើយ ។

សម្តេច​គូសបញ្ជាក់​បន្ថែម​ថា «​កម្ពុជា​ទម្រាំ​បាន​ដូច​សព្វថ្ងៃ គឺ​យើង​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​នោះ​ក៏​មាន​ចំណែក​នៃ​ការ​ចូលរួម​របស់​ជីតា និង​ជីដូន​របស់​ក្មួយ​ៗ​ផង​ដែរ ។
ពិត​ណាស់​ក្មួយ​ៗ ប្រទេស​យើង​កាលពី​ជាង​៤០​ឆ្នាំ​មុន គឺ​លំបាក​វេទនា​ខ្លាំង​បំផុត​ជីដូន​ជីតា​ក្មួយ​ៗ គឺជា​សាក្សី​រស់​ស្រាប់ ។ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ពលរដ្ឋ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ជាង​សត្វ​ធាតុ​ទៅ​ទៀត គ្មាន​ផ្ទះ​រស់នៅ​គ្មាន​អាហារ​ញាំ​គ្រប់គ្រាន់​គ្មាន​មន្ទីរពេទ្យ​គ្មាន​សាលារៀន គ្មាន​វត្ត​អារាម គ្មាន​ផ្សារ គ្មាន​អាគារ​ទំនើប ហើយ​ពលរដ្ឋ គឺ​គ្មាន​សិ​ទ្ឋិ​សេរីភាព​អ្វី​ទាំងអស់ ។ មាន​ពលរដ្ឋ​ជាង​៣​លាន​នាក់​ត្រូវ​បាន​ស្លាប់​តែ​ក្នុង​រវាង​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​» ។

សម្តេច​បន្ថែម​ទៀត​ថា សម្តេច​បាន​ដឹកនាំ​កងកម្លាំង​វាយ​រំដោះប្រទេស​ពេល​ចូល​ដល់ទី​ក្រុងភ្នំពេញ នា​ឆ្នាំ ១៩៧៩ ពេល​នោះ​ទីក្រុង​ភ្នំពេញ​យើង​មាន​មនុស្ស​តែ​៧០​នាក់​ប៉ុណ្ណោះ ហើយ​ទីក្រុង​ទាំងមូល​ត្រូវ​បាន​បោះបង់​ចោល​គ្មាន​មនុស្ស​រស់នៅ​ក្លាយជា​ចំការ​ចេក​ដែល​គួរ​ឲ្យ​អាណោច​អធម៌​បំផុត ។ យើង​មិន​ចង់​ឲ្យ​ស្រមោល​អតីតកាល​វិល​ត្រឡប់​មក​វិញ​ឡើយ ។

សម្តេច ៖«​ពូ​បាន​រួម​រស់នៅ​ជាមួយ​បងប្អូន​ជនរួមជាតិ​គ្រប់​រស់ជាតិ​លំបាក​ស្រណុក ហើយ​ពូ​នៅ​តែ​បន្ត​នៅ​ជាមួយ​បងប្អូន​កូនក្មួយ​គ្រប់​កាលៈទេសៈ ដើម្បី​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង ។ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ សូម​ជនរួមជាតិ និង​ក្មួយ​ៗ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន នោះ​ប្រទេស​ជាតិ​យើង​កាន់តែ​មាន​ស្ថេ​រ​ភាព វិបុលភាព និង​សុខដុមរមនា​ទៅ​មុខ​ទៀត​ជាក់​ជា​មិន​ខាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ