តាមការសិក្សាថ្មីមួយបានឲ្យដឹងថា អ្នកដែលមានក្រុមឈាមប្រភេទ O ដែលជាក្រុមឈាមញឹកញាប់បំផុតនោះ ប្រហែលជាប្រឈមកាន់តែខ្ពស់នឹងការស្លាប់ក្រោយពីមានរបួសធ្ងន់ ដោយសារតែពួកគេទំនងជាមានការហូរឈាមច្រើនពេក ។
ខណៈពេលដែលការសិក្សានេះគឺជារឿងសិក្សាដំបូង តែអ្នកស្រាវជ្រាវជនជាតិជប៉ុន Dr. Wataru Takayama និយាយថា លទ្ធផលជាច្រើនក៏បានបង្ហាញនូវសំណួរអំពីថាតើត្រូវមានការចាក់បញ្ចូលឈាមប្រភេទ O ទៅកាន់អ្នកជំងឺរបួសធ្ងន់ ជាលក្ខណៈបន្ទាន់បែបណាដែលអាចប៉ះពាល់ដល់ Homeostasis ដែលជាដំណើរការមួយធ្វើឲ្យឈាមដែលកំពុងតែហូរឈប់វិញបាន ហើយតើវាខុសគ្នានឹងក្រុមឈាមដទៃទៀតយ៉ាងម៉េចទៅ ។
យោងទៅតាម American Red Cross បានឲ្យដឹងថា ក្រុមឈាមប្រភេទ O គឺជាក្រុមឈាមដែលមានញឹកញាប់បំផុតមួយប្រហែលជា៤៥ភគរយនៃមនុស្សស្បែកស ហើយក៏ច្រើនជាង ៥០ភាគរយដែរនៃមនុស្សស្បែកខ្មៅ និងអំបូរជនជាតិ Hispanic។ វាក៏ជាឈាមដ៏មានប្រយោជន៍បំផុតមួយសម្រាប់ការបញ្ចូលឈាមដែរដោយសារតែឈាមប្រភេទ O (-) គឺស័ក្តិសមសម្រាប់ប្រើប្រាស់លើមនុស្សគ្រប់គ្នាតែម្តង ។
ប៉ុន្តែក្រុមស្រាវជ្រាវមកពី Tokyo Medical and Dental University Hospital ប្រហែលជាបានរកឃើញនូវបញ្ហាមួយនៃក្រុមឈាម O នេះ។ ការស្រាវជ្រាវរបស់ពួកគេគឺផ្តោតសំខាន់ទៅលើកំណកត្រាវេជ្ជសាស្ត្រនៃអ្នកជំងឺច្រើនជាង៩០០នាក់ ដែលត្រូវបានព្យាបាលដោយសារតែការមានរបួសធ្ងន់ ។
អត្រានៃការស្លាប់គឺមាន២៨ភាគរយ លើអ្នកដែលមានក្រុមឈាម O ប៉ុន្តែសម្រាប់អ្នកមានក្រុមឈាមដទៃទៀតមានតែ១១ភាគរយទេ ហើយវាត្រូវបានគេរាយការណ៍នៅក្នុងសារព័ត៌មាន Critical Care កាលពីថ្ងៃទី ១ឧសភា ។
ការស្រាវជ្រាវមិនអាចអះអាងទៅលើមូលហេតុ និងឥទ្ធិពលរបស់វាបានឡើយ ប៉ុន្តែការសិក្សាបច្ចុប្បន្នបានណែនាំថា ក្រុមឈាមប្រភេទ O អាចជាកត្តាប្រឈមមុខខ្លាំងក្លាមួយនៃការហុរឈាម ទៅវិញ ។ អ្នកដែលមានក្រុមឈាមប្រភេទ O គឺមានចំនួនភ្នាក់ងារធ្វើឲ្យឈាមកកតិចជាងអ្នកដែលមានក្រុមឈាមផ្សេងៗទៀត ។ រឿងនេះប្រហែលជាមូលហេតុមួយដែលមនុស្សដែលមានឈាមប្រភេទ O ទំនងជាហូរឈាមច្រើនក្រោយពីមានរបួសធ្ងន់ធ្ងរ ។
ការបាត់បង់ឈាមគឺជាដើមហេតុមួយនៃការស្លាប់លើអ្នកជំងឺដែលមានរបួសធ្ងន់ ប៉ុន្តែការសិក្សាទៅលើការទាក់ទងរវាងក្រុមឈាម និងកត្តាប្រឈមនឹងការស្លាប់ដោយសារតែការមានរបួសធ្ងន់ គឺមិនទាន់មានអ្វីជាដុំកំភួនច្រើនឡើយ។ ដូច្នេះគេត្រូវការធ្វើតេស្តទៅលើទ្រឹស្តីថា ការមានជីវិតពីការមានរបួសធ្ងន់ប៉ះពាល់ដោយសារតែភាពខុសគ្នានៃក្រុមឈាម ឬអត់ ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ