ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនប្តឹងសមត្ថកិច្ចទេ… កាលដែល​ចាប់​ខ្លួនគ្មានកំហុសសោះនោះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន់ អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នក​គួ​ក​ជេ​ដី មានស្រុក​កំណើត​នៅ​ភូមិ​ចាន់​ស ឃុំ​ចាន់​សស្រុក​សូទ្រនិគម…

ខេត្តសៀមរាប ៖ លោក ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន់ អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នក​គួ​ក​ជេ​ដី មានស្រុក​កំណើត​នៅ​ភូមិ​ចាន់​ស ឃុំ​ចាន់​សស្រុក​សូទ្រនិគម បច្ចុប្បន្ន​ នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់ស្ល​ក្រាម ក្រុង​សៀមរាប បាន​ត្រូវ​កង​​រាជ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥  មេសា​ កន្លង​ទៅ ពី​បទ​សង្ស័យ​ថា ​ជា​ជន​ដៃដល់​ក្នុង​អំពើឃាតកម្ម​សម្លាប់​ជន​រងគ្រោះ​ឈ្មោះ ពិត បារាំង ។ ប៉ុន្តែក្រោយ​ពី​ចាប់​បាន​ជន​២​នាក់​ជា​ឃាតករ​ពិត​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា លោក ព្រហ្ម សុ​ព្រឹក្ស ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ នៅថ្ងៃ​ទី​៧ ខែឧសភា ។ ពេល​ទទួល​បាន​សេរីភាព​មក​វិញ គាត់​ក៏​ចេញ​មុខ​បកស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការ​ចាប់ខ្លួន​គាត់​ខុស បន្ទាប់​ពី​ដេក​ក្នុងទ្រុង​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​៥​ថ្ងៃ និង​បន្តទៅ​ដេក​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​៨​ថ្ងៃ​ទៀត​ ។

លោក ព្រហ្ម សុ​ព្រឹក្ស បាន​រៀបរាប់​ថា អ្នក​ជិតខាង​និង​ក្រុម​សាច់ញាតិ ពិសេស​រូប​គាត់​ផ្ទាល់​ ពិតជា​មាន​ក្តី​អាម៉ាស់​ និង​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​សុខ​ៗ​ត្រូវ​គេ​ចាប់ខ្លួន ​បញ្ជូន​ទៅ​ឲ្យ​ដេក​ក្នុង​គុក​អស់​ជា​ច្រើន​ថ្ងៃ ក្នុង​សំណុំរឿង​សម្លាប់​មនុស្ស​នេះ ។ ក្រៅពី​ដេក​ក្នុង​គុក ​ទាំង​គ្មាន​កំហុស​ហើយ ថែម​ទាំង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៀត ដែល​នេះ​គឺជា​រឿង​មួយ​មិន​ធ្លាប់​ជួប​ទេ ​ក្នុង​ឆាកជីវិត​របស់​គាត់ ។ លោក សុ​ព្រឹក្ស បញ្ជាក់​ថា រឿង​​មួយ​នេះ​ ប្រហែលជា​មិន​អាច​បញ្ចប់​បាន​ទេ គឺ​ត្រូវ​តែ​ប្តឹង​តបត​ដល់​អ្នក​ផ្តល់​ព័ត៌មាន អ្នក​ផ្តល់​រូប ភាព អ្នក​ផ្សាយ​មិន​ពិត ពិសេស​ស្ថាប័ន​តុលាការ​ដែល​មិន​ព្រម​ដោះ​លែង​គាត់ ទោះបី​ដឹង​ថា ​រូប​គាត់​មិនមែន​ជា​ឃាត​ករ​​ក៏​ដោយ ។ ពេល​ចាប់​បាន​ឃាតករ​ពិត​ហើយ ក៏​មិន​ព្រម​លែង​គា​តើ​ទៀត ។ លោក សុ​ព្រឹក្ស រៀប រាប់​ទៀត​ថា កន្លង​មក ​រូប​គាត់​ពិតជា​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ​ប្រាកដមែន តាម​រយៈ​ការ​នាំ​ទិញ​-​លក់​ដី ពី ព្រោះ​រូបគាត់​ជា​អ្នក​រកស៊ី​គួ​ក​ជេ​ដី ហើយ​ក៏​ធ្លាប់​ថតរូប​ជាមួយ​គ្នា​ថែម​ទៀត កាលពី​អំឡុង​បុណ្យចូលឆ្នាំថ្មី​កន្លង​ទៅ ។ ប៉ុន្តែ​ក្នុង​ថ្ងៃ​កើត​មាន​អំពើ​ឃាតកម្ម​នោះ រូប​គាត់​មិន​បានដឹង​ទេ​ ហើយ​ក៏​មិន​បាន​នៅ​ក្នុង​ក្រុង​សៀមរាប​ដែរ គឺ​ទៅ​ដេក​លេង​នៅផ្ទះ​សង្សារ​ឯ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី លុះ​ព្រឹក​ឡើង​ ទើប​ត្រឡប់​មក​មើល​ទីតាំង​ដី​ឡូត៍​វិញ​ ។

ចំពោះ​រឿង​ឃាតកម្ម​មួយ​នេះ រូប​គាត់​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ ​ដែល​ត្រូវ​គេ​សម្លាប់​ឡើយ ប៉ុន្តែ​បែរជា​ត្រូវ​រង​គ្រោះ ​ដោយ​អយុត្តិធម៌ទៅ​វិញ ។ ក្នុង​ការ​រៀបរាប់​ និង​ធ្វើការ​បង្ហាញ​ជូន​ដល់​អ្នក​សារព័ត៌មាន​នេះ លោក សុ​ព្រឹក្ស ក៏​បាន​រៀបរាប់​អំពី​ការ​ចាប់ខ្លួន​ដំបូង​ រហូត​ពេល​ចូល​ទៅ​ដេក​ក្នុង​ពន្ធនាគារ ។ ក្នុង​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ក្នុង​ឯកសណ្ឋាន​ស៊ី​វិលបាន​ទៅ​សួ​ររក​ទិញ​ដី បន្ទាប់​មក​ ក៏​ចាប់​រូប​គាត់​បញ្ចូល​រថយន្ត ហើយ​​នាំ​យក​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាប់ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ទើប​បញ្ជូន​ទៅ​សាលាដំបូង ។ បន្ទាប់​ពី​សាកសួរ​នៅ​សាលាដំបូង​រួច​មក រូប​គាត់​ក៏​ត្រូវ​បាន​កងរាជអាវុធហត្ថបញ្ជូន​ទៅ​ពន្ធនាគារ រហូត​ដល់​ថ្ងៃ​ទី​៧ ខែឧសភា វេលា​ម៉ោង​៦​ល្ងាច ទើប​ដោះ​លែង​ចេញ​មក​វិញ ។ ឆ្លងកាត់​ការ​ចាប់ខ្លួន​នេះ ថ្វី​ដ្បិតតែ​មានការ​សាកសួរ តែ​មិន​មានការ​វាយដំ​ពី​សមត្ថកិច្ច​ទេ​ ។ លុះ​ពេល​បញ្ជូន​ទៅ​ដល់​ពន្ធនាគារ ក៏​ត្រូវ​គេ​វាយ​ចំនួន​៦​ដៃ​ពីក្រោយ ខណៈ​កំពុង​អង្គុយ​ ហើយ​នគរ
បាល​​សាកសួរ តែ​មិនដឹង​ថា ​នរណា​ជា​អ្នក​វាយ​ទេ ព្រោះ​ត្រូវ​ទម្ងន់ដៃ​វិល​អស់​ហើយ ។

លោក សុ​ព្រឹក្ស បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧  ឧសភា ទើប​ដឹង​ថា​ ឪពុក​របស់​គាត់​ពឹងពាក់​មេធាវី​ឱ្យ​ធានា​ចេញពី​ពន្ធនាគារតាម​រយៈ​ដីកា​បង្គាប់ឲ្យ​ដោះ​លែង​លេខ​២០១៩ ពស​.​ព្រ​ស​(​ឈ​)​ចុះ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ របស់​លោក​សាលាដំបូង​ខេត្ត ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ថា ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ ទើបបាន​រួច​ចេញ​ពីពន្ធនាគារ​ទេ គ្រាន់តែ​ដឹង​ថា ​អាច​អស់​រាប់​ពាន់​ដុល្លារ ។ ចំណុច​នេះ​ហើយ ​ដែល​រូប​គាត់​ហាក់​មិន​អស់ចិត្ត ហើយ​មាន​បំណង​ចង់​ប្តឹង​តបត​វិញ ។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កំ​បិត​ចិតបន្លែ​ចុង​ស្រួច​នោះ ឈ្មោះ ពិត បារាំង អាយុ​៤៥​ឆ្នាំ ជា​ថៅកែ​លក់គ្រឿងបន្លាស់​រថយន្ត​និង​កង់​រថយន្ត នៅ​ភូមិក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ ។ អំពើ​ឃាតកម្មបាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​២៣ ​មេសា ឆ្នាំ​២០១៨ និង​ទើប​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​នៅ​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៤​ខែ ខែមេសា ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ឃាតករ​បាន​រត់គេចខ្លួន​បាត់ ហើយ​ករណី​នេះ​សមត្ថកិច្ច​អះអាង​ថា ជា​អំពើ​ឃាតកម្ម​ប្លន់​សម្លាប់ ។ លុះ​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែឧសភា តាម​រយៈ​ការ​ស្រាវជ្រាវ នគរបាល​ខេត្ត​ក៏​ចាប់​បានឃាតករ​ម្នាក់​និង​បក្ខពួក​សមគំនិត​ម្នាក់ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្​រនិគម ហើយ​នាំ​យក​ទៅ​ធ្វើ​ត្រាប់​អំពី​សកម្មភាព​ ដែល​ពួក​គេ​ចាក់​សម្លាប់​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ។

ជន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ សយ ឡុ​ង ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជាងដែក ទីលំនៅ​ភូមិ​ថ្នល់​ដាច់ខាងលិច ឃុំ​ដាន​រុន ជា​ជន​ដៃដល់ បច្ចុប្បន្ន ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន ប៉ូ​ឡូញ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម បច្ចុប្បន្ន ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ជា​អ្នក​រៀបចំ​គម្រោង ។

លោក ព្រហ្ម សុ​ព្រឹក្ស បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ឆ្លងកាត់​ការ​ពិចារណា​របស់​ក្រុម​សាច់ញាតិ រូប​គាត់​សម្រេច​មិន​ប្តឹងប្តល់​ពី​សមត្ថកិច្ច ឬ​អ្នក​ពាក់ព័ន្ធ​អ្វី​ទាំងអស់ តែ​សុំ​មេត្តា​ កុំ​ឲ្យ​អ្នក​គ្មាន​កំហុស​រង​គ្រោះ​ និង​ខាតបង់​ដូច​ជា​រូប​គាត់​ទៀត ៕ ​

អត្ថបទសរសេរ ដោយ