ខេត្តព្រៃវែង ៖ នគរបាលខេត្តព្រៃវែងបានបើកការស្រាវជ្រាវលើមន្ត្រីនគរបាល ដែលមានឋានន្តរស័ក្តិ អនុសេនីយ៍ទោប្រចាំនៅប៉ុស្តិ៍រដ្ឋបាលឃុំចាម ស្រុកកំពង់ត្របែក ដែលជាកូនប្រុសបង្កើតរបស់លោក ស្នងការរងមួយរូប ក្រោយពីទទួលបណ្ដឹងពីស្ត្រីម្នាក់ដែលបានចោទថា បានចាប់នាងរំលោភ និងបង្ខាំងនាងទុករំលោភអស់រយៈពេលជាង៤ខែ ។ មិនតែប៉ុណ្ណោះក៏បានរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សម្លាប់នាងទាំងពូជទៀតផង ។ បណ្តឹងនេះពិតជាធ្ងន់ធ្ងរ ប្រសិនបើលោកស័ក្តិ២រូបនេះបានប្រព្រឹត្តដូចការចោទប្រកាន់នោះមែន ។
មន្ត្រីប៉ូលិសដែលរងការចោទប្រកាន់នេះ គឺលោក ឌឹម មករា ជានគរបាលបម្រើការនៅប៉ុស្តិ៍រដ្ឋបាលឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់លោកឧត្ដម សេនីយ៍ត្រី ស្នងការរងខេត្តព្រៃវែងមួយរូប ។ ចំណែកនារីរងគ្រោះទើបតែមានអាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ។ យោងតាមពាក្យបណ្តឹងរបស់យុវតីរងគ្រោះបានអះអាងថា កាល ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងពេលដែលឪពុកម្តាយនាងមិននៅផ្ទះ ហើយនាងនៅផ្ទះតែឯង លោកប៉ូលិស ឈ្មោះ ឌឹម មករា បានលួចឡើងទៅចាប់នាងរំលោភដល់លើផ្ទះ រហូតបានសម្រេច ភ្លាមនោះប្អូនរបស់នាងក៏ចូលទៅទាន់ ធ្វើឱ្យឈ្មោះ ឌឹម មករា ភ័យក៏លោតតាមទ្វារក្រោយរត់គេចខ្លួនបាត់ទៅ ។ លុះស្អែកឡើងឈ្មោះនេះបានទូរស័ព្ទមកគំរាមនាងមិនឱ្យប្តឹងប្តល់ទេ ។ ដោយទ្រាំនឹងការគំរាមនេះមិនបានរូបនាងក៏គេចខ្លួនទៅធ្វើការនៅក្រុងបាវិតមួយរយៈ ។
នារីរងគ្រោះបានបញ្ជាក់ទៀតថា មកដល់ខែមករាដើមឆ្នាំ២០១៨ ជននេះក៏បានទូរស័ព្ទគំរាម និងបង្ខំនាងឱ្យឡើងទៅជួបខ្លួននៅភ្នំពេញ រួចក៏ចាប់បង្ខាំងនាងទុករំលោភសេពសន្ថវៈនៅក្នុងផ្ទះសំណាក់អស់រយៈ ពេលជាង៣ខែ ។ បន្ទាប់មកក៏រៀបគម្រោងលក់នាងទៅឱ្យមិត្តភក្តិទៀត នៅដើមខែមេសា តែត្រូវនាងរត់រួចត្រឡប់មកស្រុកកំណើតវិញប្រាប់ដំណើររឿងនេះដល់ឪពុកម្តាយ ក៏ដាក់ពាក្យប្តឹងទៅប៉ូលិសប៉ុស្តិ៍រដ្ឋ បាល និងសាលាឃុំ តែគេមិនរកយុត្តិធម៌ឱ្យទេ បែរជាព្យាយាមសម្របសម្រួលទៅវិញ ទើបគ្រួសារនាងអស់សង្ឃឹមមិនដឹងប្តឹងទៅខាងណាទៀត រហូតចុងក្រោយក៏សម្រេចចិត្តរាយការណ៍ប្រាប់អ្នកសារ ព័ត៌មានសុំឱ្យជួយចុះផ្សាយតែម្តង ។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីប៉ូលិសដែលរងការប្តឹងចោទប្រកាន់ លោក ឌឹម មករា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកពិតជាមានទំនាក់ទំនងជាមួយនារីរងគ្រោះ រហូតឈានដល់ទំនាក់ទំនងផ្លូវភេទមែន ប៉ុន្តែរូបលោកមិនបានចាប់រំលោភដូចការចោទប្រកាន់នោះទេ គឺពួកលោកស្រឡាញ់ព្រមព្រៀងគ្នាទាំងសងខាង ហើយនៅអំឡុងដើមឆ្នាំ២០១៨នោះ នារីជាដើមចោទគឺពិតជាបានទៅរស់នៅឯភ្នំពេញជាមួយខ្លួនមែន តែគឺខាងស្រីទៅតាមលោកដោយខ្លួនឯង ព្រោះពេលនោះលោកត្រូវទៅរៀននៅភ្នំពេញ ។ ក្រោយមកនៅដើមខែមេសា ពេលទំនាក់ទំនងរបស់លោកនិងនាងបែកការដឹងដល់ឪពុកម្តាយខាងស្រី ឪពុកម្តាយក៏ហៅកូនត្រឡប់ទៅវិញ ហើយក៏ដាក់ពាក្យប្តឹងថា រូបលោករំលោភកូនស្រីខ្លួនតែម្តង ។
ជុំវិញករណីខាងលើនេះលោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែងបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ឧសភាថា ភាគីខាងនារីដែលអះអាងថា ត្រូវគេចាប់រំលោភនោះបានទៅដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកហើយ កាលពីព្រឹកថ្ងៃទី៩ ឧសភា ហើយបច្ចុប្បន្ននេះមន្ត្រីជំនាញកំពុងហៅភាគីទាំង២មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកទៅតាមនីតិវិធី ។ លោកស្នងការបានបញ្ជាក់ថា ចំពោះរឿងនេះបើរកឃើញថា កូនលោកស្នងការរងបានប្រព្រឹត្តល្មើសដូចការប្តឹងចោទមែននោះ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ហើយ គ្មានការយោគយល់នោះទេ ៕
ចែករំលែកព័តមាននេះ