ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន ក្វា​ន់​ង៉ុ​យ ​ធ្លាក់ដៃ​ជាង​មុន ទើប​មានឱកាស​ប៉ះ​ត្រឹម​កីឡាករ​ទុ​យ​នេ​ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ឧសភា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ​នៅ​ក្នុង​ទីតាំង របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ឧសភា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ​នៅ​ក្នុង​ទីតាំង
របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរជាយ​រាជធានី​ភ្នំពេញ ។ កីឡាករ ឈិ​ន ក្វា​ន់​ង៉ុ​យ ដែល​ត្រូវ​គេ​ស្គាល់​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​មកុដរាជសីហ៍​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ត្រូវគេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ទុ​យ​នេ​ស៊ីឈ្មោះ​CHAMAKH​ខណៈ​ដែល​ការ​ប៉ះ​គ្នា​នេះត្រូវ​គេ​អះអាង​ថា បន្ទាប់​ពី​លោក​ធ្លាក់ដៃ​ពិបាក​ប៉ះ​កីឡាករ​ថៃ​នា​ពេល​ចុង​ក្រោយ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ម៉ោង​៥​ល្ងាច​ស្អែក​តទៅ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ។ សមាសភាព​កីឡាករ​កម្ពុជា​ត្រូវ​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា គេ​ត្រូវប៉ះ​ជាមួយ​កីឡាករ​ទុ​យ​នេ​ស៊ី​ដែល​មាន​ប្រវត្តិ​ប្រកួត​មិនសូវ​ក្រាស់​ប៉ុន្មាន​តែ​ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ទទួល​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​។
នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ទៀត​ក៏នឹង​បង្ហាញខ្លួន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជម្រុះ​យក​២​នាក់​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ពាន ធ្វើ​ឱ្យ​សង្វៀន​មួយ​នេះ​ប្រទាញ​បាន​នូវ​ចំណាប់អារម្មណ៍​មិនធម្មតា​ផង​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​បរទេស​លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ឈិ​ន ក្វា​ន់​ង៉ុ​យ បើ​ទោះជា​គេ​ធ្លាក់ដៃ​ជាង​មុន ។ ជឿជាក់​ខ្លាំង​ដោយសារ​តែ​គូប្រកួត​របស់​គេ​មិនមែន​ជា​កីឡាករ​ថៃ​ដែល​ខ្លាំង​ក្នុង​ក្បាច់គុន​ប្រដាល់សេរី ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។

ទោះបី​យ៉ាងណា​លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ទុ​យ​នេ​ស៊ី ដ្បិតថា​មិន​ខ្លាំង មិន​ល្បី​ដូច​កីឡាករ​ថៃ ប៉ុន្តែ​ផ្អែក​តាម​ប្រវត្តិ និង​បទ​ពិសោធន៍​របស់​កីឡាករ​រូប​នេះ​គឺ​ខ្លាំង​អាច​តតាំងជាមួយ​ឈិ​ន ក្វា​ន់​ង៉ុ​យ ក្នុង​ពេល​នេះ​បាន​។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផងដែរ​មុន​ពេល​ផ្គូផ្គង ។ លោក​ថា កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ លោក សេង ក​ដិ​កាបន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាងកីឡាករ​ទាំង​២​លោក​ជឿជាក់​ថា​នឹង​កក្រើកដោយសារ​កីឡាករ​ទុ​យ​នេ​ស៊ី​ដែល​លោក​យក​មក​ក៏​មាន​ថ្វីដៃ​ល្អ​នៅ​លើ​សង្វៀន​ជា​យូរ​មក​ហើយ​។

បើ​ទោះជា​កីឡាករ​កម្ពុជា​ធ្លាក់ដៃ​ជាង​មុន ហើយ​ត្រូវ​ប្រឈម​នឹង​កីឡាករ​បរទេស​ដែល​កំពុង​ឡើង​កូដ​ក៏​លោក​នៅ​តែ​ប្រកាស​លើកទឹកចិត្ត​ចំពោះ កីឡាករ ឈិ​ន ក្វា​ន់​ង៉ុ​យ ថា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​យកជ័យ​ជម្នះ ពោល​គឺ​ល្អ​ជាង​ការ​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យមក​ប្រកួត​ជំនួស ។ ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយសារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​បរទេស​មក​តែ​ម្ដង ។ លោក​ថា មួយគូ​នេះ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។

ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡាប្រដាល់ ព្រោះ តែ​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ ក្រោយ​ពី​ឡើង​កូដ​មួយ​ប្រាវ​។ យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ​។

ដោយឡែក​ការ​ប្រកួត​ដណ្ដើម​ពាន​ជើងឯកនៅ​លើ​សង្វៀន​មួយ​នេះ ក៏​ទាក់ទាញ​ខ្លាំង​មិនធម្មតា​ដែរ ដោយសារ​តែ​ស​ប្ដា​ហ៍​នេះ​កីឡាករ​ជើង​ខ្លាំង​៤​រូប​នឹង​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ពាក់ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្វែងរក​អ្នក​ឈ្នះ​២​នាក់​ឡើង​ប្រកួត​ដណ្ដើម​ពាន​ជើងឯក ហើយ​២​នាក់​ដែល​ចាញ់​ត្រូវប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ