ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនភូមិត្រូវបានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់វាយប្រហារខូចខាតអស់ជាច្រើនខ្នង ដែលហេតុការណ៍គ្រោះធម្មជាតិនេះកើតឡើងកាលពីរសៀលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤ភូមិ មាន១៧ខ្នង នៅឃុំរលាំងគ្រើល, ភូមិព្រៃសាលា១១ខ្នង, ភូមិត្រពាំងកកោះ៣ខ្នង, ភូមិចំបក់ផ្អែម២ខ្នង និងភូមិក្រាំងស្វាយ១ខ្នង ។ អាជ្ញាធរស្រុកសំរោងទងបានបញ្ជាក់ប្រាប់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះមិនបណ្ដាលឱ្យមនុស្ស និងសត្វរងរបួសឡើយ ។

សូមបញ្ជាក់ផងដែរថា ក្រៅពីផ្ទះប្រជាពលរដ្ឋរងការខូចខាតក្ន្ងនោះសាលារៀនមួយខ្នងក៏រងការខូចខាតដែរហើយលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តឆ្លៀតពេលការងារដ៏មមាញឹកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង នៅសាលាបឋមអង្គពោធិ៍ ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ដ្រាក់ បណ្ដាលឱ្យរលំដើមឈើបាក់លើដំបូលសាលារៀន១ខ្នង មាន៤បន្ទប់ បណ្តាលឱ្យខូចខាតបន្ទប់រៀន១បន្ទប់ ខូចខាតបង់អង្គុយ១ និងខូចកង់សិស្សចំនួន២គ្រឿង ។

នាឱកាសនោះដែរលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក៏បានសំណោះសំណាលជាមួយក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយកសាលា និងបានផ្ដល់នូវថវិកាមួយចំនួនសម្រាប់ជួសជុល និងសម្អាតអគារនេះឡើងវិញដើម្បីឱ្យក្មួយៗសិស្សានុសិស្សឆាប់បានចូលរៀនសូត្រឡើងវិញ ៕
ចែករំលែកព័តមាននេះ