ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​បើក​តារាង​បាល់​ខ្នាត​តូច​បង្ហាញតម្រុយ​បិទ​ចោល​បណ្ដើរ​ៗ​ហើយ ព្រោះអ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​កត់សម្គាល់ នា​ពេល​បច្ចុប្បន្ន ក្រៅពី​ទំនេរ​ពី​ការ​សិក្សា និង​ការ​ងារ យុវជន​ច្រើន​ឡើង​បាន​ងាក​មក​លេង​កីឡា​ជា​ការ​កម្សាន្ត ដើម្បី​សុខភាព ក៏​ដូច​ជា​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ​។ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឱ្យ​សកម្មភាព​បើក​តារាង​បាល់​ខ្នាត​តូច​សម្រាប់​ជួល​នៅ​ក្នុង​តំបន់​ប្រជុំជន​មួយ​ចំនួន​ផុស​ឡើង​ដូច​ផ្សិត…

រាជធានី​ភ្នំពេញ ៖ តាម​ការ​កត់សម្គាល់ នា​ពេល​បច្ចុប្បន្ន ក្រៅពី​ទំនេរ​ពី​ការ​សិក្សា និង​ការ​ងារ យុវជន​ច្រើន​ឡើង​បាន​ងាក​មក​លេង​កីឡា​ជា​ការ​កម្សាន្ត ដើម្បី​សុខភាព ក៏​ដូច​ជា​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ​។ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឱ្យ​សកម្មភាព​បើក​តារាង​បាល់​ខ្នាត​តូច​សម្រាប់​ជួល​នៅ​ក្នុង​តំបន់​ប្រជុំជន​មួយ​ចំនួន​ផុស​ឡើង​ដូច​ផ្សិត ប៉ុន្តែ​ក៏​មាន​អ្នក​បិទ និង​សេង​ចោល​បន្តបន្ទាប់​ដែរ ដោយសារ​តែ​មិនអាច​​ប្រកួតប្រជែង​ជាមួយ​តារាង​បាល់​ដែលទើប​បង្កើត​ឡើង​ថ្មី​មាន​លក្ខណៈ​ទំនើប​និង​ស្ដង់ដារ​ខ្ពស់​ជាង ។

ការ​សាងសង់​តារាង​បាល់ទាត់​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ​សម្រាប់​ជួល​នោះ គេ​នៅ​តែ​ឃើញ​មាន​សកម្មភាព​ខ្លាំង​ក្នុង​រង្វង់​ប្រមាណ​ជា​៤​ឆ្នាំ​ចុង​ក្រោយ ។ សព្វ​ថ្ងៃនេះ តារាង​បាល់ទាត់​សម្រាប់​ជួល​នៅ​រាជធានី​ភ្នំពេញ​មាន​សឹងតែ​គ្រប់​ទីកន្លែង បើ​តាម​ការ​ប៉ាន់ស្មាន​មាន​មិន​ក្រោម​៥០ទៅ​៦០​កន្លែង​នោះ​ទេ ចំណែក​តម្លៃ​ជួល​វិញ គឺ​ទៅ​តាម​ទីតាំង​ដូច​ជា​នៅ​​កណ្តាល​​​ក្រុង​ថ្លៃ​ជាង​ជាយក្រុង​បន្តិច​អាច​ខ្ទង់​ជាង​១០​ដុល្លារ​នៅ​ពេល​ថ្ងៃ និង​ជាង​២០​ដុល្លារ​នៅ​ពេល​យប់​សម្រាប់​ការ​ជួល​លេង​មួយ​ម៉ោង ខណៈ​នៅ​តាម​ជាយ​ក្រុងមាន​តម្លៃ​ក្រោម​១០​ដុល្លារ​នៅ​ពេល​ថ្ងៃ​និង​ពី​១៥​ទៅ​២០​ដុល្លារ​នៅ​ពេល​យប់​ក្នុង​រយៈពេល​មួយ​ម៉ោង​ដូច​គ្នា ។ តម្លៃ​ជួល​ពេល​យប់​ថ្លៃ​ជាង​ពេល​ថ្ងៃ​គឺ​ដោយសារ​តែ​ម្ចាស់​តារាង​បាល់​នីមួយ​ៗ​ត្រូវ​ប្រើ​ភ្លើង​ហ្វា​និង​មាន​អ្នក​ជួល​លេង​ច្រើន​ផង​។

ម្ចាស់​តារាង​បាល់ទាត់​ជួល​មួយ​នៅ​រាជធានី​ភ្នំពេញ​បាន​អះអាង​ទាក់ទង​ទៅ​នឹង​ការ​បើក​អាជីវកម្ម​មួយ​នេះ​ថា ដើម្បី​ទទួល​បាន​តារាង​បាល់ទាត់​មួ​​យ​ត្រូវ​ប្រើ​ដើមទុន​ក្នុង​ការ​សាង​សង់​មិន​ក្រោម​ខ្ទង់សែន​ដុល្លារ​នោះ​ទេ ក៏​ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ធម្មតា ក៏​អាច​រក​ចំណូល​បាន​ពី​ការ​ជួល​តារាង លក់​ទឹក​សុទ្ធ និង​សេវា​ផ្ញើ​ម៉ូតូ​ជាដើម​ជា​មធ្យម​ពី​៧​រយ​ទៅ​១​ពាន់​ដុល្លារ​ដែរ បើ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក​វិញ​គឺ​បាន​លើស​នេះ​ចង់​២​ដង ។ ម្ចាស់​តារាង​បាល់ទាត់​ដដែល​ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បន្ត​ថា តារាង​បាល់​ដែល​ជួល​កាន់តែ​ខ្ពស់ គឺ​ត្រូវ​ប្រឈម​ការ​បង់ថ្លៃ​ឈ្នួល​កាន់តែ​ថ្លៃ​ទៅ​លើ​បុគ្គលិក ថ្លៃ
ជួល​ដី​និង​ថ្លៃ​ភ្លើង​ជាដើម​អាច​ដល់​១​ម៉ឺន​ដុល្លារ​។

ចំពោះ​បច្ចេកទេស​សាងសង់​តារាង​ស្មៅ​សិប្បនិម្មិត​គឺ​លោក​ជួល​ក្រុមហ៊ុន​របស់​វៀត​ណាម​​មួយ​ជា​អ្នក​រៀបចំ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​មាន​ក្រុមហ៊ុនក្នុងស្រុក​បើក​បម្រើសេវា​នេះ​ដែរ ។ លោក​បញ្ជាក់ថា​អ្នក​មក​លេង​បាល់​ក្នុង​តារាង​របស់​លោក​មាន​គ្រប់​វ័យ គឺ​មិនមែន​តែ​ក្មេង​ៗ​ជា​សិស្ស​ឬ​និស្សិតនោះ​ទេ សូ​ម្បី​តែ​អ្នកធ្វើការ​ដែល​ស្ថិត​ក្នុង​វ័យកណ្ដាល​ទៅ​ហើយ ក៏​មក​ជុំ​គ្នា​លេង​ច្រើនដែរ​។

លោក ព្រំ វណ្ណ​ឌី ម្ចាស់​តារាង​បាល់ ទាត់​ធំ​មួយ​នៅ​ម្តុំ​លូ​ប្រាំ​បាន​ឲ្យ​ដឹង​ថា តារាង​បាល់​ទាត់​​របស់​លោក​ដែល​មាន​រហូត​ដល់​៧​តារាង ចំណាយ​អស់ប្រាក់​ខ្ទង់​២០​ម៉ឺន​ដុល្លារ​ក្នុង​ការ​សាងសង់​ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដី​ដែល​លោក​ជួល​គេ​ក្នុង​មួយ​ខែ​៣​ពាន់​ដុល្លារទេ​។ តារាង​បាល់​នេះ​ទើបតែ​ធ្វើ​រួចរាល់​ប្រហែលជា​៣​ខែ​កន្លង​ទៅ ប្រសិនបើ​មាន​ភ្ញៀវ​ចូល​លេង​ច្រើន​លោក​អាច​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាងហោច​ណាស់​៧​ពាន់​ដុល្លារ​​អា​មេ​រិ​ក​ក្នុង​មួយ​ខែក្រោយ​ពី​គិត​លើ​ការ​ចំណាយ​ផ្សេង​ៗ​រួចរាល់​។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចំណាយដើមទុន​បង្កើត​តារាង​បាល់ទាត់​សម្រាប់​ជួល​នេះដោយសារ​លោក​មើលឃើញ​ថា បច្ចុប្បន្ន​យុវវ័យភាគច្រើន​ចូល​ចិត្ត​វិស័យ​បាល់​ទាត់​ដូច​ជា​រូប​លោក​ដែរ ទើប​លោក​ចាប់​យក​ឱកាស​នេះ​បង្កើត​តារាង​បាល់ទាត់​សម្រាប់​ជួល​ឱ្យ​ពួក​គាត់​លេង​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ផង​និង​ចង់​ឲ្យ​មានសកម្មភាព​លេង​បាល់ទាត់​កាន់តែ​ច្រើន​នៅ​កម្ពុជាផង​។

ទន្ទឹម​នឹង​ការ​កើតឡើង​នូវ​តារាង​បាល់​ថ្មី​ៗតារាង​បាល់​ចាស់​ៗ និង​តារាង​បាល់​តូច​ៗ​ដែល​ខ្វះ​ដើមទុន​ពង្រីក​អាជីវកម្ម ក៏​ត្រូវ​គេ​ឃើញ​បិទទ្វារ​បន្តបន្ទាប់​ផង​ដែរ ។ ហេតុផល​បិទទ្វារ​មួយ​ភាគ​ធំ​មិន​ដោយសារ​ក្ស័យធន​នោះ​ទេ ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​តារាង​បាល់​នោះ
កាល​ពីមុន​ជាតា​រាង​បាល់​ចូល​ហ៊ុន​គ្នា​បើក លុះដល់​ភាគហ៊ុន​ម្នាក់​ៗ​មាន​ប្រាក់​អាច​បើក​ខ្លួនឯងក៏​ចែក​ជើង​គ្នា​ទៅ​បើក​ថ្មី ។ ក្នុង​នោះ​ហេតុផលម្ចាស់​ដី​ឈប់​ជួល​បន្ត​ក៏​ធ្វើ​ឱ្យ​តារាង​បាល់​មួយ​ចំនួន​ត្រូវ​បិទ​ចោល​ដែរ ។ អ៊ីចឹង​ហើយ​ទើប​មុខរបរ​បើក​តារាង​បាល់ទាត់​ជួល​ត្រូវ​គេ​ឃើញ​មាន​បិទ​មាន​បើក​នា​ពេល​ចុង​ក្រោយ ដែល​ផ្ទុយ​ពី​ពេល​មុន​ៗ​គឺ​មាន​តែ​បើក។

ក្រុម​អ្នកជំនាញ​និយាយ​ថា តារាង​បាល់​តូច​ៗ​ដែល​មិន​មាន​ស្ដង់ដារ​ចាប់ផ្ដើម​បិទ​ចោល​បណ្ដើរ​ៗ​ហើយ​ជំនួស​ដោយ​តារាង​បាល់​ថ្មី​ដែល​មាន​ស្ដង់ដារ​ច្រើន​ឡើង​ៗ​ដោយសារ​តែ​ការ​ប្រកួតប្រជែង ។ ទាំង​អស់នេះ​គឺជា​សម្ពាធ​មួយ​ធ្វើ​ឱ្យ​ម្ចាស់​តារាង​ដែល​ខ្វះ​ដើមទុន​ពង្រីក​បាត់បង់​ភ្ញៀវ​បន្តិច​ម្ដង​ៗ​រហូត​ឈាន​ដល់​ការ​បិទទ្វារ​តែ​ម្ដង ។ ប៉ុន្តែ​សម្រាប់​សកម្ម​ភាព​ជួល​តារាង​បាល់​លេង​មិន​បាន​បាត់បង់​នោះ​ទេ គឺ​នៅ​តែ​ខ្លាំង​ដដែល​ដោយ​គ្រាន់តែ​សកម្មភាព​ជួល​តារាង​បាល់​លេង​នោះ លេច​នៅ​ក្នុង​ទីតាំង​តារាង​បាល់​ធំ​ៗ​ជំនួស​ឱ្យ​ការ​បិទទ្វារ​របស់​តារាង​បាល់​តូច​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ