រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយសន្លប់ស្តូកស្តឹង រងរបួសជើងខាងឆ្វេង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៩៣ កែងនឹងផ្លូវម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើមិនដឹងចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានជិះម៉ូតូម៉ាកហ្ស៊ុយស៊ុយគីនិច ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ១CJ-៨៧៨២ ធ្វើដំណើរតាមផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូហោះផ្លោង១០ម៉ែត្រពីកន្លែងកើតហេតុ រងការខូចខាតខ្ទេចម៉ូតូផ្នែកខាងមុខ ចំណែកបុរសដែលជាអ្នកបើកម៉ូតូវិញរងរបួសជើងខាងឆ្វេង សន្លប់ស្តូកស្តឹង ត្រូវរថយន្ត
សង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លិនិកឯកជន ។
ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ១ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ