រាជធានីភ្នំពេញ ៖ មានករណីឆេះការ៉ាស់ជួសជុលរថយន្ត និងស្តុបក្បាលរថយន្តកាប់សាច់ឆ្លងរាលដាលដល់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្តចំនួន២ និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះជាច្រើនខ្នងទៀត តាំងពីម៉ោង៣និង៣៣នាទីទៀបភ្លឺរហូតដល់ម៉ោង៧ព្រឹកនៅមិនទាន់រលត់នៅឡើយទេ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចការ៉ាស់ជួសជុលរថយន្តយីហោ សោម ច័ន្ទថា ស្ថិតនៅខាងក្រោយទីស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដើមគ តាមបណ្តោយផ្លូវ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានធំក្លិនឈ្ងៀមចេញមកពីបន្ទប់ផ្ទះបាយរបស់ការ៉ាស់ជួសជុល ដែលមានស្តុបក្បាលរថយន្ត និងគ្រឿងម៉ាស៊ីន ស្រាប់តែបានមួយសន្ទុះក្រោយក៏ស្រាប់តែលេចចេញជាអណ្តាតភ្លើងឆាបឆេះ ភ្លាមៗនោះម្ចាស់ការ៉ាស់រួមទាំងកម្មករដែលនៅក្នុងឃ្លាំងកើតហេតុខាងលើបាននាំគ្នាបើករថយន្តដែលចតនៅក្នុងការ៉ាសបើកចេញ រួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ ប៉ុន្តែអណ្តាតភ្លើងបានឆាបឆេះសន្ធោសន្ធៅរាលដាលដល់រថយន្តបីគ្រឿងទៀត បើកចេញមិនទាន់ គឺឆេះអស់ទាំងស្រុង ហើយឆេះឆ្លងរាលទៅឃ្លាំងលក់គ្រឿងបន្លាស់រថយន្តដែលនៅជាប់នោះចំនួន២ទៀត និងបន្តឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅជាប់គ្នា៣ខ្នង ហើយបន្តឆេះផ្ទះប្រជាពលរដ្ឋនៅខាងក្រោយជាជាច្រើនខ្នងទៀត ។

ខណៈពេលមានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅមានរថយន្តពន្លត់អគ្គីភ័យគ្រប់ស្ថាប័នមាន ដូចជា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃរថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តរបស់៧១១ ជាង៤០គ្រឿងមកជួយបាញ់ទឹកពន្លត់ តាំងពីឆេះភ្លាមៗរហូតដល់ម៉ោង៧ព្រឹកថ្ងៃដដែលអណ្តាតភ្លើងនៅមិនទាន់រលត់នៅឡើយទេ ។ នៅក្នុងអគ្គិភ័យនេះមិនមានអ្នករងរបួសទេ ។

ចំពោះអគ្គិភ័យនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដ នៅឡើយទេ ព្រោះភ្លើងមិនទាន់រលត់នៅឡើយ ។ ចំណែកការខូចខាតគិតជាទឹកប្រាក់ក៏មិនទាន់អាចវាយតម្លៃបានដែរ ៕


ចែករំលែកព័តមាននេះ