លោក​គី​ម ​ជុង​អ៊ុ​ន ​និង​លោក​ស៊ី ជី​ន​ពីង ​ជួប​គ្នា​កំពូល​លើក​ទី​២​


ប្រទេស​ចិន ​និង​កូរ៉េ​ខាងជើង ​៖ ទី​ភ្នា​ក់ងារ​​សារព័ត៌មាន​នៃ​ប្រទេស​ទាំង​២​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម​ ជុង​អ៊ុ​ន​ និង​ប្រធានាធិបតី​ចិន​លោក ​ស៊ី ​ជី​ន​ពីង ​បាន​ជួប​​គ្នា​កំពូល​លើក​ទី​២ កាលពី​ថ្ងៃ​ទី​៨ ​ឧសភា អំឡុង​ពេល​ត្រឹម​៤០​ថ្ងៃ​នៅ​ប្រទេស​ចិន​។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ រាយការណ៍​ពី​ទីក្រុង​ដា​លៀន​ថា លោក​ គី​ម ​ជុង​អ៊ុ​ន​ និង​លោក​ ស៊ី ​ជី​ន​ពីង ​បាន​ពិភាក្សា​គ្នា​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​៧ ​និង​ទី​៨​ ឧសភា​។​ មេដឹកនាំ​ទាំង​២​ពិភាក្សា​​គ្នា​យ៉ាង​ស្និទ្ធស្នាល ​និង​ស៊ី​ជម្រៅ​ពី​ទំនាក់ទំនង​ចិន​-​កូរ៉េ​ខាងជើង​ ព្រមទាំង​ពី​បញ្ហា​ធំ​ៗ​ដែល​មាន​ផល​ប្រ​យោ​ជ​ន៍​​រួម​។

យោង​តាម​ស៊ីន​ហួ​ថា ​លោក ​គី​ម ​ជុង​អ៊ុ​ន មាន​ប្រសាសន៍​ថា ​កូរ៉េ​ខាងជើង​នឹង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួ​ន ប្រសិនបើ​បណ្ដា​ភាគី​ដែល​ទាក់ទិន​បោះបង់​ចោល​​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​ពួក​គេ​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង​។

លោក​គី​ម​អះអាង​ទៀត​ថា បើ​ដរាបណា​បណ្ដា​ភាគី​ដែល​ទាក់ទិន​បោះបង់​ចោល​នយោ​បាយ​ប្រទូស្ត​រ៉ា​យ​របស់​ពួក​គេ ព្រមទាំង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​កូរ៉េ​ខាងជើង​នោះ​ប្រទេស​នេះ​ពុំ​ត្រូវការ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ រួច​ការ​រំសាយ​នុយក្លេអ៊ែរ​អាច​អនុវត្ត​បាន​។

លោក ​គី​ម​ ​ជុង​អ៊ុ​ន ​និយាយ​ថា​ លោក​សម្រេច​ជួប​ជា​ថ្មី​ម្ដងទៀត​ជាមួយ​លោក​ស៊ី ​ដើម្បី​ជម្រាប​ជូន​លោក​ពី​សភាពការណ៍ ហើយ​សង្ឃឹម​ពង្រឹង​ការ​ទាក់ទង​គ្នា​ ព្រមទាំង​កិច្ច​សហ​​ប្រតិបត្តិការ យុទ្ធសាស្ត្រ​ជាមួយ​ចិន ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ដល់​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​ទាំង​២ ​និង​ជម្រុញ​សន្តិភាព​ និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​។

នា​ឱកាស​នៃ​ការ​ជួប​គ្នា​នេះ​ជាមួយ​លោក​ស៊ី លោក​ គី​ម ​ជុង​អ៊ុ​ន ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ក្រុង​ព្យុ​ង​យ៉ាង ​និង​ក្រុង​វ៉ា​ស៊ិន​តោន កសាង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ចរចា​ហើយ​​បណ្ដា​ភាគី​ដែល​ទាក់ទិន​នឹង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ ធ្វើ​យ៉ាងណា​ឲ្យ​ដំណោះស្រាយ​នយោបាយ បញ្ហា​ឧបទ្វីប​កូរ៉េ​មាន​ជំហាន​ទៅ​មុខជា​សកល​ ហើយ​អនុវត្ត​ការ​រំសាយ​នុយក្លេអ៊ែរ និង​សន្តិភាព​ដ៏​ស្ថិតស្ថេរ​នៅ​ឧបទ្វីប​នេះ​។

ទូរទស្សន៍​កូរ៉េ​ខាងជើង​ឲ្យ​ដឹង​ដែរ​ថា ​លោក​ គី​ម ​ជុង​អ៊ុ​ន ​ទៅ​កាន់​ក្រុង​ដា​លៀន តាម​យន្ត​ហោះ​ពិសេស​មួយ​គ្រឿង អមដំណើរ​ដោយ​ប្អូនស្រី​លោកស្រី ​គី​ម ​យ៉ូ​ជុង​ និង​លោក RI SU YONG អនុប្រធាន​បក្ស​ពលករ​កូរ៉េ​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ