ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវប្រពន្ធប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះកំពុងបៀតបៀនកេរ្តិ៍ខ្មាសកូនពេលនាងមិននៅផ្ទះ មិនតែប៉ុណ្ណោះថែមទាំងប្រើហិង្សាលើនាងទៀតផង ដោយទ្រាំមិនបានទើបនាងសម្រេចចិត្តប្តឹងឱ្យសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងកាលម៉ោង៧និង៣០យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យខាងលើឈ្មោះ ឆាយ លក្ខិណា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាឳពុកចុង មានទីលំនៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះដែលប្តឹងជនសង្ស័យថា ប្រើអំពើហិង្សាមកលើខ្លួន។
បើតាមម្តាយក្មេងរងគ្រោះរៀបរាប់ថា មុនកើតហេតុរូបគាត់ទុកកូនស្រីឱ្យនៅជាមួយប្តី ហើយគាត់ទៅធ្វើការរោងចក្របាត់ រហូតដល់យប់ទើបត្រឡប់មកវិញ។ ពេលមកដល់ផ្ទះស្រាប់តែឃើញប្តីកំពុងធ្វើសកម្មភាពបៀតបៀនកូនស្រីរបស់ខ្លួនជាមួយប្តីមុន ដោយឃើញដូច្នេះគាត់ក៏ស្តីបន្ទោសជនសង្ស័យថា មិនគួរណាមានគំនិតធ្វើបាបក្មេងមិនដឹងអីនោះទេ ពេលកំពុងនិយាយបណ្តាលឱ្យជនសង្ស័យខឹងក៏វាយមកលើគាត់បណ្តាលឱ្យរងរបួសផងដែរ។ ដោយអត់ទ្រាំនឹងទង្វើរបស់ប្តីនេះមិនបានក៏ប្តឹងឱ្យសមត្ថកិចឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង ហើយរវាងគាត់នឹងប្តីហេងស៑យនេះ គឺយកគ្នា៣ឆ្នាំមកហើយចាប់តាំងពីគាត់លែងលះជាមួយប្តីមុនថ្មីៗ ក្រោយមកក៏យកប្តីក្រោយនេះគ្រាន់ជាបង្គោលក្នុងគ្រួសារ និងជួយរកស៊ី តែចុងក្រោយបានត្រឹមដំបៅទ្រូងលើសដើមទៅវិញ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា រូបគេបានត្រឹមតែស្ទាបលេងប៉ុណ្ណោះ មិនបានស៊ីជម្រៅនោះទេ។
លោកវរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាលស្រុកប្រាប់ថា ករណីខាងលើនេះយើងឃាត់ជនសង្ស័យយកមកអធិការនគបាលស្រុក ហើយបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការនគបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ