រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់លើកស្ទួយសហគ្រាសធុនតូច និងមធ្យម ដើម្បីឆ្ពោះទៅការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍអាជីវកម្មឲ្យកាន់តែមានភាពប្រកួតប្រជែង ដោយសារវិស័យមួយនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
ថ្លែងក្នុងវេទិកា ស្តីពី សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី លើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (Tech Startup) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី៧ ឧសភា លោក អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ការវិវត្តនៃបច្ចេកវិទ្យាមានសន្ទុះយ៉ាងខ្លាំង ប្រៀបដូចរថភ្លើងល្បឿនលឿនដែលពុំមានស្ថានីយឈប់។ ដូច្នេះ ក្នុងដំណើរវិវត្តន៍នៃបច្ចេកវិទ្យានេះ ក៏ទាមទារឲ្យមានការផ្លាស់ប្ដូរទាំងរបៀបនៃការរស់នៅ និងផ្លាស់ប្ដូរទាំងរបៀបនៃការធ្វើអាជីវកម្មផងដែរ ។
លោកអនុរដ្ឋលេខាធិការបានថ្លែងយ៉ាងដូច្នេះថា ៖« នៅក្នុងជីវភាពប្រចាំថ្ងៃ ប្រសិនបើយើងរត់មិនទាន់បច្ចេកវិទ្យាទេ យើងនឹងត្រូវឃ្លាតឆ្ងាយពីសង្គម យើងនឹងត្រូវរស់នៅដូចកង្កែបក្នុងអណ្ដូង ដែលអត់ដឹងថា ពិភពខាងក្រៅគេធ្វើអ្វីឡើយ ។ ចំណែកនៅក្នុងរបៀបនៃការធ្វើអាជីវកម្មវិញ ប្រសិនបើយើងរត់មិនទាន់បច្ចេកវិទ្យាទេ យើងនឹងត្រូវឃ្លាតឆ្ងាយដូចគ្នា ប៉ុន្ដែឃ្លាតឆ្ងាយនៅក្នុងជំនួញ មានន័យថា ស្លាប់ លែងមានអតិថិជន លែងមានទីផ្សារ គ្មានប្រាក់ចំណេញ នោះយើងនឹងស្លាប់ដោយឯកឯង » ។
លោកបន្ដថា ៖« យើងដឹងហើយ ឮហើយ នៅកន្លែងណាក៏ប្រើពាក្យ«ឌីជីថល» នៅកន្លែងណាក៏ទាមទារឲ្យមានអុីនធើរណេត មានឧបករណ៍ភ្ជាប់អុីនធើរណេត (Smart Device) មានបណ្ដាញតភ្ជាប់អុីនធើរណេតដែរ ដែលលេចចេញឡើងជាមួយបច្ចេកវិទ្យាថ្មីនេះ ។ ចំណែកនៅក្នុងរបៀបនៃការធ្វើអាជីវកម្ម ក៏វានឹងលេចចេញនូវទម្រង់ថ្មីនៃការស្វែងរកអតិថិជន, ការធ្វើទីផ្សារ និងការប្រកួតប្រជែង ព្រមទាំងលេចចេញនូវបញ្ហាប្រឈមថ្មីៗផងដែរ ។ ដូច្នេះ ទាំងផ្នែកវិស័យឯកជន និងវិស័យសាធារណៈ ចាំបាច់ត្រូវសម្របសម្រួលគ្នា ហើយដើរទន្ទឹមគ្នាទៅរកចំណុចរួមមួយ ដើម្បីយើងទាំងអស់គ្នាដើរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល » ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងនាឱកាសនោះថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងជម្នះឧបសគ្គយ៉ាងច្រើន ពិសេសការប្រឈមនឹងបច្ចេកវិទ្យាថ្មីៗ ខណៈពួកគេភាគច្រើនខ្វះសមត្ថភាពក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ។
យ៉ាងនេះក្ដី ដើម្បីជំរុញដល់សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅកាន់ឌីជីថល លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ៖« ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជំរុញលើបញ្ហាគន្លឹះ៣រួមមាន ៖ ទី១-ការបង្កើតប្រព័ន្ធអេកូសម្រាប់ភ្ជាប់សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី ICT ។ ទី២-គោលនយោបាយនានាដែលមានលក្ខណៈនវានុវត្តន៍ គឺជាការកសាងគោលនយោបាយមួយមានការចូលរួមដោយសមាសភាពពាក់ព័ន្ធ ដែលនឹងទទួលផលពីគោលនយោបាយ និងប្រមូលធាតុចូលពីក្រោមមកលើ ជាជាងការកសាងគោលនយោបាយក្នុងលក្ខណៈប្រពៃណី និងទី៣-ការកៀរគរទុនវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី ICT » ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយតម្រង់ទិស ចែករំលែកនូវចំណេះដឹង និងទទួលបានការលើកទឹកចិត្តជាច្រើនទៀត ។ ផ្ទុយមកវិញ ក្រសួងពាក់ព័ន្ធនឹងពិបាកក្នុងការផ្ដល់ការគាំទ្រ ប្រសិនបើសហគ្រាសទាំងនោះ មិនបានចុះបញ្ជី ។
លោកទេសរដ្ឋមន្ត្រីថ្លែងថា ៖« យើងមានសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មជាង៥សែន ក៏ប៉ុន្ដែស្ទើរតែជាង៩៥%នៅមិនទាន់បានចុះបញ្ជីនៅឡើយទេ ។ អីចឹង បើយើងចង់ជួយគាត់ ក៏ពិបាក ដោយសារគាត់មិនទាន់ស្របច្បាប់ ហើយវិធីសាស្ត្ររបស់យើងពេលនេះ គឺធ្វើម៉េចឲ្យគាត់ចុះបញ្ជីសិន ទើបយើងអាចតម្រែតម្រង់គាត់ ហើយបើគាត់មិនចុះបញ្ជីទេ គាត់កើតមកហើយស្លាប់ទៅវិញ ក៏យើងមិនដឹងដែរ ដោយសារគាត់នៅក្រៅក្របខ័ណ្ឌច្បាប់ » ។
រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបង្កើតក្រុមអ្នកប្រឹក្សាយោបល់(Mentorship) កម្មវិធី Incubator និង Accelerator ក៏ដូចជាមូលនិធិសម្រាប់ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី ស្នើសុំដើម្បីបង្កើតដំណោះស្រាយ ឬកម្មវិធីអាជីវកម្មលើអុីនធើរណេត ដូចជា e-Commerce សម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឆ្ពោះទៅកាន់ឌីជីថល ឲ្យទទួលបានកម្រិតជោគជ័យខ្ពស់ ៕
ចែករំលែកព័តមាននេះ