ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជាង២០០នាក់បានជួបជុំគ្នាមុខសាលាឃុំចុងផ្លាស់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដើម្បីស្នើសុំការអន្តរាគមន៏ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេគឺក្រសួងរ៉ែ និងថាមពល ដើម្បីសុំការអនុញ្ញាតច្បាប់ធ្វើរ៉ែមាសលក្ខណៈគ្រួសារលើសពីជម្រៅ២០ម៉ែត្រ ក្រោយពួកគាត់ប្រឈមការបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិត និងគ្រួសារប្រចាំថ្ងៃ ។

លោក លឹម គុន មេឃុំចុងផ្លាស់បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាបច្ចុប្បន្នមានអ្នករស់នៅចំនួនជិត២ ០០០គ្រួសារ ដែលពឹងអាស្រ័យលើអាជីវកម្មជីករ៉ែមាសតាមបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ តំបន់ពួកគាត់រស់នៅនេះជា ប្រភេទដីថ្មភ្នំសុទ្ឋ គ្មានទឹក គ្មានជីវជាតិ មិនអាចបង្កបង្កើនផលបាននោះទេ គឺអាចរស់រានបានដោយជីករ៉ែ និងរបរលក់ដូរប៉ុណ្តោះ ។

អ្នកភូមិនិយាយថា ការជួបជុំគ្នានេះមិនមានចេតនាណាមួយបង្កការលំបាកដល់អាជ្ញាធរនោះទេ ពោលគឺគាត់សុំត្រឹមការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ជួយបង្កភាពងាយស្រួលសម្រាប់ពួកគាត់អាចប្រកបរបរជីករ៉ែតាមបែបគ្រួសារ ដោយមិនមានការកំណត់ជម្រៅត្រឹម២០ម៉ែត្រ ដូចសព្វថ្ងៃព្រោះក្នុងជម្រៅនេះត្រូវបានគេជីកអស់រយៈពេល២០ទៅ៣០ឆ្នាំមកហើយ បើនៅតែកំណត់២០ម៉ែត្រគាត់មិនអាចជីកបានឡើយ ។

អ្នកភូមិដដែលលើកឡើងថា «ទីកន្លែងនេះជាតំបន់ដែលពួកខ្ញុំរស់នៅ និងប្រកបមុខរបរធ្វើរ៉ែមាសតាមបែបបុរាណលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៨មកម្ល៉េះរហូតដល់ឆ្នាំ២០១៥ ទើបក្រសួងរ៉ែ និងថាមពលផ្តល់សិទ្ឋស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែមាស(ទ្រង់ទ្រាយតូច)ដល់សហគមន៏សិប្បកររ៉ែចង់ផ្លាស់យើងខ្ញុំ ដោយកំណត់ជម្រៅមិនឲ្យលើសពី២០ម៉ែត្រ ។ ប៉ុន្តែរយៈពេលពីរឆ្នាំជាងមកនេះក្រោយពីពួកយើងខ្ញុំអនុវត្តន៏តាមការកំណត់ជម្រៅមិនឲ្យលើស២០ម៉ែត្រ គឺពុំទទួលបានទិន្នផលរ៉ែនោះទេ» ។ «ម្យ៉ាងវិញទៀតពួកយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់នេះ គឺពឹងផ្អែកទាំងស្រុងលើមុខរបរធ្វើអាជីវកម្មរ៉ែមាស ជាចំបងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃព្រោះថា ដីតំបន់នោះជាតំបន់មិនអាចធ្វើកសិកម្មបានហើយដើម្បីឲ្យមានថវិកាចំនូល ចូលជាតិ និងចំនូលសម្រាប់ពលរដ្ឋក្នុងខេត្ត» ។
តំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងកិច្ចប្រជុំមួយរវាងអាជ្ញាធរខេត្តនឹងសហគមន៏រ៉ែថា «សូមអាជ្ញាធរជួយពិនិត្យ និងដោះស្រាយលើករណីក្រុមហ៊ុនចិន ដែលកំពុងធ្វើកម្មភាពជីកខួងរណ្តៅរ៉ែមាស ចូលក្នុងតំបន់ដីប្រជាពលរដ្ឋកាន់កាប់រហូតមានជម្រៅលើសពី១០០ម៉ែត្រ ឲ្យបញ្ឈប់សកម្មភាពជីកនោះ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ នឹងកន្លែងជីករ៉ែរបស់ប្រជាពលរដ្ឋក្នុងភូមិ» ។

តំណាងដដែលបន្តថា«ដីរបស់ក្រុមហ៊ុនចិត្តមានរហូតដល់ទៅជាង១ ០០០ហិកតា សម្រាប់ជីករករ៉ែមាស តែពួកគាត់នៅតែទន្ទ្រានចូលក្នុងដីសហគមន៏ដែលមានមិនដល់៥០ហិកតាផងនោះ តើឲ្យអ្នកភូមិដែលមានចំនួនរាប់ពាន់នាក់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយរបៀបណា» ?
ឆ្លើយតបជាមួយអ្នកភូមិគេសង្កេតឃើញថា អាជ្ញាធរខេត្តដែលដឹកនាំដោយលោក សុក សេរ៉ា នាយរងសាលាខេត្តបានត្រឹមសន្យា នាំយកសំណើររបស់ប្រជាពលរដ្ឋ ដាក់ជូនទៅថ្នាក់ដឹកនាំជាអ្នកសម្រេច ព្រោះអាជ្ញាធរគ្មានលទ្ឋិភាពសម្រេចលើការអនុញ្ញាតជូនប្រជាពលរដ្ឋបានឬមិនបាននោះទេ ។ អ្វីៗគឺត្រូវរង់ចាំមើលការចម្រេចចិត្តរបស់ក្រសួង នឹងថ្នាក់ដឹកនាំរដ្ឋាភិបាលសិន ៕
ចែករំលែកព័តមាននេះ