ខេត្តតាកែវ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ដោយសារន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម៌បំផុត ខណៈដែលផ្ទៃមេឃបានធ្លាក់ភ្លៀងដោយលាយលំជាមួយខ្យល់ និងផ្គររន្ទះទើបបានបាញ់មនុស្ស២នាក់ដោយតំបន់ផ្សេងគ្នា កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ម្នាក់នៅក្រុងដូនកែវ និងម្នាក់ទៀតនៅស្រុកទ្រាំង ។

ជនរងគ្រោះទី១ ដែលបានស្លាប់មានឈ្មោះ ជុន ខុន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រៃរពាក់ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវរន្ទះបាញ់ស្លាប់នៅវេលាម៉ោង០៣និង៣០នាទី ខណៈដែលជនរងគ្រោះ កំពុងតែយកចបទៅកាយបង្ហូរទឹកចេញពីមុខផ្ទះរបស់គាត់ ។ ហើយជនរងគ្រោះទី២ដែលបានស្លាប់មានឈ្មោះ ជុំ ផែន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ត្រូវបានរន្ទះបាញ់ស្លាប់នៅវេលាម៉ោង០៣និង០០នាទីរសៀល ខណៈដែលជនរងគ្រោះកំពុងដោះលបកំពឹសនៅកណ្ដាលបឹងវត្តតុំ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីហើយ ក្រោយពីពិនិត្យសពរួចរាល់ ។ សូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នពេលភ្លៀងរលឹម កុំដើរហាលភ្លៀង កុំជ្រកក្រោមដើមឈើ ព្រោះបណ្តាលឲ្យងាយរងគ្រោះថ្នាក់ដោយរន្ទះបាញ់បំផុត ៕
ចែករំលែកព័តមាននេះ