ខេត្តកំពង់ឆ្នាំង ៖ ស្ពានយ៉ាងចំណាស់ដែលមានសភាពទ្រុឌទ្រោមយូរឆ្នាំណាស់មក ហើយនោះ បានបាក់កាត់ផ្តាច់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ១១ភូមិ ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏ដូចកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចក្នុងតំបន់នោះ រួមមានខេត្តកំពង់ចាម និងខេត្តកណ្តាលផងដែរ។ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ និងអាជ្ញាធរ ភូមិ ឃុំ បានសំណូមពរយ៉ាងទទូចស្នើសុំដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ពិសេសប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយកសាងស្ពានឆ្លងព្រែកតាកំ នៅក្នុងភូមិខ្លាគ្រហឹមឡើងវិញជាបន្ទាប់ផង ព្រោះសល់តែប្រមាណ១ខែទៀត ប្រជាពលរដ្ឋមិនអាចធ្វើតាមផ្លូវវាងទៀតបានឡើយពេលទឹកទន្លេឡើង។ លោក មិន លន់ ជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិខ្លាគ្រហឹម ឃុំអំពិលទឹក បានប្រាប់ឲ្យដឹងថា៖ ស្ពានឈើនេះបាន កសាងឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលមានអាយុកាលជាង៥០ឆ្នាំ មកហើយ។
ក្រោយឆ្នាំ១៩៧៩ អាជ្ញាធរបានធ្វើការជួសជុលប្រើរហូតមក ដែលមកដល់ពេលនេះមានការទ្រុឌទ្រោមណាស់ទៅហើយ និងបានបាក់ កាលពីរសៀលថ្ងៃទី៥ ខែឧសភានេះ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ហើយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋបាននាំគ្នាធ្វើផ្លូវវាង ជាបណ្តោះអាសន្ន តែមិនអាចប្រើប្រាស់បានយូទេ យ៉ាងយូរត្រឹម១ខែទៀតពេលទឹកឡើងតែប៉ុណ្ណោះ។ ចំណែកលោក ហេង ចំរើន មេឃុំអំពិលទឹកបានឲ្យដឹងថា៖ ស្ពានឈើនេះមានប្រវែង ២៥ម៉ែត្រ និងមានប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋចំនួន១១ភូមិ ដែលមានរាប់ពាន់គ្រួសារ មានទាំងសិស្សសាលា និងកម្មករជាង៣០០នាក់ នៅក្នុងឃុំអំពិលទឹកនេះអាស្រ័យផល និងប្រើប្រាស់ ក្រៅពីនេះក៏មានប្រជាពលរដ្ឋមួយ ចំនួនធំទៀត ដែលរស់នៅក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល មានព្រំប្រទល់ជាប់ ឃុំអំពិលទឹក ក៏បានធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលពីស្រែចម្ការ ឆ្លងកាត់ស្ពានមួយនេះទៅកាន់មូលដ្ឋាន និងទីផ្សារផងដែរ។
ដោយឡែក លោកស្រី សំ សារ៉េត សមាជិកក្រុមប្រឹក្សាឃុំអំពិលទឹក បានឲ្យដឹងថា៖ ឆ្នាំមុនឃើញ ខាងមន្ទីរសាធារណៈការខេត្ត បានដឹកស្ពានដែកបេឡេមួយចំនួន មកបម្រុងកសាងស្ពាននេះដែរ តែមិនដឹងជាយ៉ាងម៉េចមិនឃើញធ្វើទេ ហើយក៏ស្ងាត់ឈឹងទៅវិញ។ ពេលនេះស្ពានដ៏ចំណាស់នេះបានបាក់ទៅហើយ ក្នុងនាមលោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ អំពិលទឹក ក៏ដូចជាប្រជាពលរដ្ឋទាំង១១ភូមិ សូមគោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរសាធារណៈការខេត្ត ពិសេស សម្តេចតេជោ ហ៊ុន សែន សូមមេត្តាជួយកសាងស្ពាននេះឲ្យបានឆាប់ៗវិញផង ព្រោះបើមិនដូច្នេះទេ ប្រជាពលរដ្ឋ ពិតជាគ្មានស្ពានឆ្លងឡើយ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ គឺពេលខែទឹកឡើង ។ ទាក់ទងនឹងស្ពាននេះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទ័ថា៖ នៅចំណុចខាងលើនេះខេត្តមានគម្រោងកសាង ស្ពានបេឡេ ប៉ុន្តែពេលដឹកដែកទៅធ្វើឃើញនៅខ្វះដែកប្រហែល១ភាគ៣នៃប្រវែងស្ពាន រួមនឹងកង្វះថវិកាផង ទើបដំណើរការកសាងបានស្ទះ។
ប៉ុន្តែមុននេះ លោកបានដាក់ សំណើទៅក្រសួងហើយ ដើម្បីសុំថវិកាមកកសាងស្ពាននេះហើយ ដោយចាក់ជាខឿនសងខាង និងសសរកណ្តាល រួមនឹងការទិញដែកផង បើរកមិនបាន។ ហើយបញ្ហានេះនៅសប្តាហ៍ក្រោយអាចផ្នែកនាយកដ្ឋានជំនាញរបស់ក្រសួងនឹងចុះមកពិនិត្យ និងសិក្សាដើម្បីធ្វើការកសាងស្ពានដែកបេឡេប្រវែង២៤ម៉ែត្រ នៅចំណុចស្ពានព្រែកតាកំនេះ ជូនប្រជាលរដ្ឋយើងហើយ។ យ៉ាងនេះក្តី ប្រជាពលរដ្ឋថា បើសិន១ខែជាងទៀតមិនមានស្ពានទេ ពួកគាត់ពិតជាត្រូវលំបាកហើយ ព្រោះទឹកឡើងមិនអាចវាងតាមមាត់ទន្លេទៀតបាននោះទេ៕
ចែករំលែកព័តមាននេះ