ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ និងមន្ទីរសុខាភិបាលខេត្តព្រះវិហារបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅកៀកនឹងស្រែចម្ការ ឬតំបន់ព្រៃប្រុងប្រយ័ត្ននូវជម្ងឺគ្រុនចាញ់នារដូវវស្សានេះ ប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់មុងជ្រលក់ថ្នាំជានិច្ចនៅពេលសម្រាកពេលយប់ និងសម្អាតលំនៅឋានឲ្យបានស្អាត ដើម្បីកុំឲ្យមានកន្លែងដក់ទឹក ឬជម្រកណាដែលអាចឲ្យសត្វមូសបង្កកំណើតបាន ។

ថ្លែងក្នុងពិធីចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋគោលដៅនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីចុងសប្តាហ៍មុននេះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារជាពិសេសអ្នកស្រែចម្ការ និងអ្នករស់នៅតំបន់ក្បែរព្រៃមានការធ្វេសប្រហែសនៅពេលដែលពួកគាត់ធ្វើដំណើរទៅសម្រាកនៅចម្ការដែលធ្វើឲ្យសត្វមូសខាំចម្លងជាជម្ងឺគ្រុនចាញ់ ឬជម្ងឺគ្រុនឈាមជាដើម ។

លោកបន្តទៀតថា ជម្ងឺទាំងនេះវាអាចកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់ និងអាចបង្កឲ្យមនុស្សស្លាប់ក៏មានប្រសិនបើអ្នកជម្ងឺណាពុំបានទៅពិគ្រោះភ្នាក់ងារសុខភាព ឬមណ្ឌលសុខភាពបានទាន់ពេលវេលាទេនោះ ។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងរដូវវស្សានេះ ជាពិសេសពលរដ្ឋដែលរស់នៅគៀកនឹងតំបន់ចម្ការ និងព្រៃឈើជាដើម ត្រូវមានការប្រុងប្រយ័ត្ន នៅពេលសម្រាកត្រូវប្រើមុងជ្រលក់ថ្នាំជានិច្ច លើសពីនេះទៅទៀតត្រូវសម្អាតឲ្យបានស្អាតនូវវត្ថុដែលអាចដក់ទឹកបានដែលជាជម្រកងាយឲ្យសត្វមូសបង្កកំណើត ៕
ចែករំលែកព័តមាននេះ