ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំធ្វើពិធីក្រុងពាលីដ៏ធំមួយ នៅខាងមុខសាលាខេត្តព្រៃវែង ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន៨៨អង្គ ធ្វើពិធីរាប់បាត្រ បួងសួងសុំសេចក្តីសុខផងដែរ។ ពិធីនេះរៀបចំធ្វើឡើង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរាប់រយនាក់ ក្នុងគោលបំណងដើម្បីសុំសេចក្តីសុខផង និងដើម្បីបួងសួងសុំឲ្យការធ្វើទូកង ដែលវែងជាងគេបំផុត ដំណើរការទៅបានដោយជោគជ័យ។

ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តព្រៃវែង បានឲ្យដឹងថា ទូកងដែលវែងជាងគេបំផុតនេះ ត្រូវបានធ្វើឡើងដោយឈើគគីរ ដែលមានទទឹង១,៥ម៉ែត្រ បណ្តោយ៨៥ម៉ែត្រ និងចំណុះមនុស្សចំនួន១៧៩នាក់ ក្រោមគំនិតផ្តួចផ្តើមធ្វើឡើងដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។ ប្រភពដដែលនេះបានបញ្ជាក់ទៀតថា ការធ្វើទូកនេះបានចាប់ផ្តើមធ្វើតាំងពីពាក់កណ្តាលខែមេសាមកម្លេះ ហើយតាមគម្រោងនឹងត្រូវធ្វើឲ្យហើយរួចរាល់ នៅក្នុងខែកក្តដាខាងមុខនេះតែម្តង ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ការងារធ្វើទូកនេះទើបតែសម្រេចបានលទ្ធផលប្រមាណជា៤០%ប៉ុណ្ណោះ។

បើទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងទាំងមូល ហាក់មានការគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំធ្វើទូកងដែលវែងជាងគេបំផុតនេះ ហើយពួកគាត់បានផ្អើលនាំគ្នាទៅជួយកាប់ចាំង ធ្វើទូកនេះ ម្នាក់បន្តិចៗគិតមកដល់ពេលនេះមានចំនួនជាង២ពាន់នាក់ហើយ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីគណៈកម្មាធិការដែលរៀបចំធ្វើទូកមួយនេះ៕
ចែករំលែកព័តមាននេះ