ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ច្បារ​អំពៅ​ក្លាយជា​ចំណាប់អារម្មណ៍​របស់​វិនិយោគិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ៗ​បាន​ចាប់ផ្តើម​បែរ​ឆ្ពោះទៅ​តំបន់​ច្បារ​អំពៅ ជា​ពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ វិនិយោគិន​ក្នុង​វិស័យ​នេះ​បាន​សម្លឹង​មើល​ការ​វិនិយោគ​របស់​ខ្លួន និង​ត្រៀម​អភិវឌ្ឍន៍​តំបន់​នោះ​ឲ្យ​កាន់តែ​ប្រសើរ ជា​ពិសេស​វិស័យ​លំនៅ​ឋាន ។ ជា​ការ​កត់សម្គាល់ តំបន់​ច្បារ​អំពៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ៗ​បាន​ចាប់ផ្តើម​បែរ​ឆ្ពោះទៅ​តំបន់​ច្បារ​អំពៅ ជា​ពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ វិនិយោគិន​ក្នុង​វិស័យ​នេះ​បាន​សម្លឹង​មើល​ការ​វិនិយោគ​របស់​ខ្លួន និង​ត្រៀម​អភិវឌ្ឍន៍​តំបន់​នោះ​ឲ្យ​កាន់តែ​ប្រសើរ ជា​ពិសេស​វិស័យ​លំនៅ​ឋាន ។ ជា​ការ​កត់សម្គាល់ តំបន់​ច្បារ​អំពៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ បាន​ក្លាយជា​តំបន់​លំនៅ​ឋាន​ដ៏​មាន​សក្ដានុពល​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ផ្លូវជាតិ​លេខ​១​បាន​ស្ថាបនា​រួចរាល់ និង​ងាយស្រួល​ធ្វើ​ដំណើរ ជា​ពិសេស​នោះ វា​ជា​តំបន់​នៅ​ជាប់​ទន្លេ ដែល​ងាយស្រួល​ក្នុង​ការ​រំដោះ​ទឹកជំនន់ ។

លោក ប៉ូ អ៊ា​វ​គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Advance បាន​ឲ្យ​ដឹង​ថា តំបន់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​គល់​ស្ពាន​ច្បារ​អំពៅ​ដល់​តំបន់​វាល​ស្បូវ កំពុង​មាន​សក្ដានុពល​វិនិយោគ​ខ្ពស់​លើ​វិស័យ​លំនៅ​ឋាន ។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​គម្រោង​ធំ​ៗ​មួយ​ចំនួន​បាន​លេច​រូបរាង​ឡើង និង​គម្រោង​ធំ​ៗ​មួយ​ចំនួន​ទៀត ក៏​បាន​ប្រកាស​ដំណើរការ​ផង​ដែរ ។

លោក​ថា ៖« ដូច​យើង​ឃើញ​ស្រាប់​ហើយ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ គម្រោង​បុរី​លំនៅ​ឋាន​ដែល​មានផ្ទះ​រាប់​ពាន់​ល្វែង និង​មាន​មនុស្ស​ជា​ច្រើន​បាន​ផ្លាស់​ទៅ​រស់នៅ​តំបន់​នោះ ។ ម្យ៉ាងទៀត យើង​ក៏​ឃើញ​ថា អាជីវកម្ម​ធំ​ៗ​មួយ​ចំនួន​រួម​ទាំង​ធនាគារ សាលារៀន មន្ទីរពេទ្យ ក៏​បាន​ងាក​ទៅ​វិនិយោគ​ក្នុង​តំបន់​នោះ​ផង​ដែរ » ។

 

លោក​បន្ត​ថា ថ្មី​ៗ​នេះ គម្រោង​ផ្ទះ​វីឡា The Palm ក៏​បាន​ប្រកាស​សាងសង់​ជា​ផ្លូវការ​នៅ​ក្នុង​តំបន់​ជាប់​ផ្លូវជាតិ​លេខ​១​នេះ ដែល​វា​នឹង​ធ្វើ​ឲ្យ​តំបន់​នោះ​កាន់តែ​មាន​សក្ដានុពល និង​តម្លៃ​ខ្ពស់​ទៅ​លើ​ដីធ្លី ព្រមទាំង​ទាក់ទាញ​វិនិយោគិន​ដទៃ​ទៀត​មក​វិនិយោគ​ក្នុង​តំបន់​នោះ ។

លោក​និយាយ​ថា ៖« បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១​វិញ​ឃើញ​ថា បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​ចាប់តាំងពី​ផ្លូវជាតិ​លេខ​១ បាន​ស្ថាបនា​រួចរាល់​ជា​ថ្មី » ។

លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ មាន​ស្ទើរតែ​គ្រប់​តំបន់ មិនមែន​តែ​តំបន់​ផ្លូវជាតិ​លេខ​១​នោះ​ទេ ពោល​គឺ​គ្រប់​ទិស​ទាំងអស់​មាន​សកម្មភាព​ដូច​គ្នា ក៏​ប៉ុន្តែ​គ្រាន់តែ​តំបន់​ខ្លះ​មាន​សកម្មភាព​ខ្លាំង​ជាង​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ផង​ដែរ​ថា កាលពី​១០​ទៅ​២០​ឆ្នាំ​មុន វាល​ស្បូវ​ជា​តំបន់​ដែល​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ ហើយ​កាលនោះ តម្លៃ​ដីធ្លី​មិន​ដល់​១​ដុល្លារ​អា​មេ​រិ​ក​ផង​ក្នុង​១​ម៉ែត្រការ៉េ តែ​ពេល​បច្ចុប្បន្ន​នេះ តម្លៃ​ដីធ្លី​បាន​កើនឡើង​រហូត​ដល់​ជិត​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ដូចនេះ វា​បាន​កើនឡើង​ហួស​ពី​ការ​ស្មាន ។

លោក​បន្ត​ថា ការ​អភិវឌ្ឍ​បន្តបន្ទាប់​ទៅ​លើ​វិស័យ​លំនៅ​ឋាន​នៅ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​លំនៅ​ឋាន​តម្លៃ​ខ្ពស់ និង​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ក៏​ដូច​ជា​មន្ត្រីរាជការ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ