រាជធានីភ្នំពេញ ៖ ចោរប្លន់មួយក្រុមមានគ្នាចំនួន៨នាក់បានធ្វើសកម្មភាពព្រួតគ្នាវាយ និងទះកំភ្លៀងស្ត្រីម្នាក់ប្លន់យកបានម៉ូតូម៉ាកហុងដាស្កូបពីមួយគ្រឿងបានសម្រេច បន្ទាប់មកបានជិះគេចខ្លួនចេញពីកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។ ហើយទៅសម្ងំលាក់ខ្លួនពួនអាត្មា នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងភូមិប៉ប្រក ខាងត្បូង សង្កាត់កសកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប៉ុន្តែដោយសារតែម៉ូតូនោះមានភ្ជាប់ប្រព័ន្ធតាមដាន GPS ត្រូវបានម្ចាស់ម៉ូតូតាមរកដល់កន្លែងលាក់ខ្លួនខាងលើ រួចក៏បានប្ដឹងឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍កសកាបទី១ ចាប់ខ្លួនបានទាំងសម្បុក ក្នុងខណៈពេលកំពុងផឹកស៊ីជុំគ្នា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ។
ក្រុមជនសង្ស័យខាងលើនោះសុទ្ធសឹងតែជាជនស្ទាវ ហើយនគរបាលមិនទាន់បានបង្ហាញពីអត្តសញ្ញាណឲ្យស្គាល់នៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការសាកសួរ រង់ចាំបង្ហាញនៅពេលក្រោយ ។ ម្យ៉ាងទៀតសង្ស័យថា ពួកនោះមានជាប់ពាក់ព័ន្ធទៅ និងការសេពគ្រឿងញៀនថែមទៀតផង ។
ចំណែកស្ត្រីដែលជាជនរងគ្រោះក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដែរ គ្រាន់តែដឹងថា ជាអ្នករត់តុនៅភោជនីយដ្ឋានម្ដុំមាត់ទន្លេ ខណ្ឌដូនពេញ ។ នាងបានរងរបួសផ្ទៃមុខដោយកណ្ដាប់ដៃក្រុមចោរស្ទាវ និងបានបាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីមានភ្ជាប់ប្រព័ន្ធតាមដាន GPS ។

នគរបាលបានឲ្យដឹងថា ហេតុការណ៍វាយប្លន់យកម៉ូតូនោះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងស្ថិតនៅម្តុំមាត់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានចេញពីភោជនីយដ្ឋានជិះម៉ូតូក្នុងបំណងទៅផ្ទះ ស្រាប់តែលេចមុខក្រុមជនសង្ស័យទៅដល់ធ្វើសកម្មភាពព្រួតវាយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានតាមរកតាមរយៈប្រព័ន្ធតាមដាន GPS ហើយបានដឹងថា ក្រុមជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះជួលខាងលើ ក៏បានប្ដឹងនគរបាលឲ្យចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង ៕
ចែករំលែកព័តមាននេះ