ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​តំបន់​ភ្នំ​ព្រះរាជ ទ្រព្យ​ចាប់ផ្ដើម​មាន​សញ្ញា​ល្អ​បណ្ដើរ​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដីធ្លី​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ហៅ​ថា​ភ្នំ​ឧដុង្គ ចាប់ផ្តើម​មាន​សញ្ញា​ល្អ និង​កំពុង​ទាក់ទាញ​វិនិយោគិន​បណ្ដើរ​ៗ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ប្លង់​គោល តំបន់​ទេសចរណ៍ និង​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​ដើម្បី​ភ្ជាប់​មក​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ ដីធ្លី​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ហៅ​ថា​ភ្នំ​ឧដុង្គ ចាប់ផ្តើម​មាន​សញ្ញា​ល្អ និង​កំពុង​ទាក់ទាញ​វិនិយោគិន​បណ្ដើរ​ៗ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ប្លង់​គោល តំបន់​ទេសចរណ៍ និង​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​ដើម្បី​ភ្ជាប់​មក​រាជធានី​ភ្នំពេញ ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល លោក លឹ​ម ចាន់​សូ​ភី មាន​ប្រសាសន៍​ថា ៖« បច្ចុប្បន្ន មន្ទីរ និង​អាជ្ញាធរ​ខេត្ត បាន​និង​កំពុង​សិក្សា​ប្លង់​គោល និង​គម្រោង​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ​បន្ថែម​ទៀត​ឆ្ពោះទៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ។ តួយ៉ាង​បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​១​ខ្សែ​ពី​ទួល​អំពិល​ឆ្ពោះទៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ហើយ​នៅ​ពេល​អនាគត ផ្លូវ​នេះ​នឹង​ក្លាយជា​ផ្លូវ​កៅស៊ូ » ។

លោក​លើក​ឡើង​ថា ៖« កាលណា​យើង​បង្កើត​ផ្លូវ បង្កើត​កន្លែង​ទេសចរណ៍​បាន​ហើយ នោះ នឹង​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​កើនឡើង បើ​ទោះបី​សព្វថ្ងៃ តម្លៃ​មិនសូវ​មាន​សន្ទុះ​ខ្លាំង ប៉ុន្តែ​នៅ​ពេល​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ​មានការ​រៀបចំ​រួច​ហើយ​នោះ តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​នឹង​ឡើងថ្លៃ​បន្ថែម​ទៀត ខណៈ​ដែល​តម្លៃ​ដីស្រែ​នៅ​ឆ្ងាយ​ពី​ភ្នំ​ចាប់ពី​១​គីឡូ​ម៉ែត្រ​ទៅ កាលពី​២​ឬ​៣​ឆ្នាំ​មុន ១​ម៉ែត្រការ៉េ​ថ្លៃ​៣​ទៅ​៥​ដុល្លារ តែ​មក​ដល់​សព្វថ្ងៃ ១​ម៉ែត្រការ៉េ​ថ្លៃ​៥​ទៅ​៨​ដុល្លារ ។ ចំណែក​ដី​ភូមិ​ថ្លៃ​ពី​៣០​ទៅ​៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​» ។

អ្នកជំនាញ​អចលនទ្រព្យ​ដែល​ទទួលស្គាល់​លំដាប់​អន្តរជាតិ លោក វ៉ា វី​រៈ មាន​ប្រសាសន៍​ថា ដីធ្លី​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ នៅ​រយៈពេល​១​ឬ​២​ឆ្នាំ​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​ហាក់​មានការ​ពេញ​និយម​ច្រើន ព្រោះ​តម្លៃ​ដី​នៅ​ជុំវិញ​ក្រុងភ្នំពេញ​សព្វថ្ងៃ​បាន​ឡើងថ្លៃ​ស្ទើរ​គ្រប់កន្លែង ហើយដោយ​សារ​ផ្លូវ​លេខ​៥១ គេ​កំពុង​រៀបចំ​ចាក់​កៅស៊ូ​ថែម​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ ក៏​ដូច​ជា​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ ចាប់ផ្តើម​ឡើងថ្លៃ​បន្តិច​ម្តង​ៗ ។

លោក​បន្ត​ថា ៖« តម្លៃ​ដីធ្លី​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ​ឡើងថ្លៃ ក៏​ដូច​មានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​នេះ វា​មាន​សញ្ញា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី សប្បាយចិត្ត ដោយ​មើលឃើញ​ផល​ចំណេញ​ពី​ការ​លក់​ដី​របស់​គាត់ យក​លុយ​នេះ​ទៅ​ប្រកប​មុខរបរ​ផ្សេង​បាន » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​វិនិយោគិន​កាន់តែ​ច្រើន​ចូល​ចិត្ត​តំបន់​នេះ​(​ភ្នំ​ព្រះរាជ​ទ្រព្យ​)​ច្រើន​ជាង​មុន ដោយសារ​តែ​ដី​មាន​តម្លៃ​សមរម្យ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ដទៃ​ទៀត ដែល​មាន​ចម្ងាយ​ប្រហាក់​ប្រហែល​ទៅ​នឹង​រាជធានី​ភ្នំពេញ ។

លោក​បន្ដ​ថា ៖« វា​ជា​តំបន់​ខ្ពង់រាប ហើយ​ភាគច្រើន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​សំខាន់​ៗ (​លេខ​៤ និង​៥) ។ ផ្លូវ​លេខ​៥១ កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ហើយ​សង្ឃឹម​នឹង​បញ្ចប់​នៅ​២​ឆ្នាំ​ទៀត ។ ដូចនេះ​ផ្អែក​លើ​អំណោយទាន​ខាងលើ​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​សក្តានុពល​ខ្ពស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ